ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​កីឡា​វាយ​សី បែរជា​ល្បី​នឹង​កីឡា​ប៉េតង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា កីឡាការិនី​ប៉េតង់​៣​រូប​កំពុង​មាន​ឈ្មោះ​​បោះ​សំឡេង​ក្នុង​ស្រទាប់​មហាជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​រហូត​​សារ​ព័ត៌​មាន​បរទេស​ប្រសិទ្ធ​នាម​ឱ្យ​ថា​ជា​រាជិនី​កីឡា​ប៉េតង់​ទៀត​ផង បន្ទាប់​ពី​ពួក​គាត់​​ទាំង​៣​នាក់​ដណ្ដើម​បាន​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប៉េតង់​លំដាប់​ពិភពលោក​នៅ​ក្នុង​ប្រទេស​បារាំង​ដែល​ទើបតែ​បញ្ចប់​ទៅ​នា​ពេល​ថ្មី​ៗ​នេះ ។ រាជិនី​កីឡា​ប៉េតង់​កម្ពុជា ទាំង​​៣​រូប​នោះ​រួម​មាន…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា កីឡាការិនី​ប៉េតង់​៣​រូប​កំពុង​មាន​ឈ្មោះ​​បោះ​សំឡេង​ក្នុង​ស្រទាប់​មហាជន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​រហូត​​សារ​ព័ត៌​មាន​បរទេស​ប្រសិទ្ធ​នាម​ឱ្យ​ថា​ជា​រាជិនី​កីឡា​ប៉េតង់​ទៀត​ផង បន្ទាប់​ពី​ពួក​គាត់​​ទាំង​៣​នាក់​ដណ្ដើម​បាន​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប៉េតង់​លំដាប់​ពិភពលោក​នៅ​ក្នុង​ប្រទេស​បារាំង​ដែល​ទើបតែ​បញ្ចប់​ទៅ​នា​ពេល​ថ្មី​ៗ​នេះ ។ រាជិនី​កីឡា​ប៉េតង់​កម្ពុជា ទាំង​​៣​រូប​នោះ​រួម​មាន អ្នកស្រី កែ ឡេ​ង អ្នក​នាង អ៊ុ​ក ស្រី​មុំ និង​កញ្ញា អ៊ុ​ន ស្រី​យ៉ា​។

ជាមួយនឹង​ការ​ជ្រាប​រួច​មក​ហើយពី​ជីវប្រវត្តិ និង​ស្នាដៃ​របស់​អ្នកស្រី កែ ឡេ​ង និង​អ្នក​នាង អ៊ុ​ក ស្រី​មុំ ពេល​នេះ​កោះសន្ដិភាព​សូម​បង្ហាញ​ជូន​នូវ​ជីវប្រវត្តិ និង​ស្នាដៃ​ស​របស់​កញ្ញា អ៊ុ​ន​ ស្រី​យ៉ា វិញ​ម្ដង ដែល​កញ្ញា​ក៏​បាន​ទទួល​មេដាយមាស​ចំនួន​២​ក្នុង​វិញ្ញាសា​២​ទល់​នឹង​២ និង​៣​ទល់​នឹង​៣ ជាមួយ​អ្នកស្រី កែ ឡេ​ង និង​អ៊ុ​ក ស្រី​មុំ មុន​នេះ​នៅ​ក្នុង​ប្រទេស​​បារាំង​ផង​ដែរ​។

កញ្ញា អ៊ុ​ន ស្រី​យ៉ា បាន​រៀបរាប់​ថា កញ្ញា កើត​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​១៩៨៥ នៅ​ភូមិ​កោះរ​ការ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ដោយ​កញ្ញា គឺជា​កូន​ទី​៣​ក្នុង​ចំណោម​​បងប្អូន​៤​នាក់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​ជា​បងប្អូន​បង្កើត​ប្រុស​៣​នាក់ ស្រី​​តែ​នាង​ម្នាក់ ។ នាង​មាន​ឪពុក​ឈ្មោះ អ៊ុ​ន សំអាត អាយុ​៦៥​ឆ្នាំ ជា​អតីតមន្ត្រី​យោធា និង​ម្ដាយ​ឈ្មោះ ហែម ច​ន្ថា អាយុ​៥៤​ឆ្នាំ ជា​អតីតមន្ត្រី​យោធា​ដូច​គ្នា តែ​អ្នក​ទាំង​ពីរ​បាន​លែង​លះ​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​ពេល​នេះ​ទាំង​ឪពុក និង​ម្ដាយ​របស់​នាង​សុទ្ធ​តែ​មានគ្រួសារ​រៀងខ្លួន​។

កញ្ញា​ថា តាម​ពិត​ខ្លួន​ស្រឡាញ់​ពេញចិត្ត និង​ចង់​ក្លាយជា​កីឡាការិនី​ផ្នែក​វាយ​សី​ឯណោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មានឱកាស​បាន​ក្លាយជា​កីឡាការិនី​ប៉េតង់ ទើប​នាំ​ឱ្យ​នាង​ប្រឹង​ប្រែង​​តែ​ក្នុង​អាជីព​នេះ​តែ​ម្ដង ហើយ​ក៏​កាន់តែ​សប្បាយចិត្ត​ពេល​ការងារ​ខាង​ផ្នែក​កីឡា​មួយ​​នេះ​ជំរុញ​ឱ្យ​នាង​ទទួល​បាន​ជោគជ័យ​មក​ទល់​ពេល​នេះ ។ កញ្ញា​ថា ខ្លួន​ស្រឡាញ់​វិស័យ​​កីឡា​ខ្លាំង​ណាស់ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​សម្ងំ​ហ្វឹកហាត់​តែ​លេង​ប៉េតង់​មិនសូវ​គិត​បាយ​​ទឹក​នោះ​ផង ទើប​ធ្វើ​ឱ្យ​នាង​លេង​កាន់តែ​ល្អ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ។ អ៊ីចឹង​ហើយ​ទើប​នាង​ទទួល​បរាជ័យ​ក្នុង​ការ​ប្រឡង​ថ្នាក់បាក់ឌុប ដោយ​ក្នុង​ពេល​នេះ នាង​បាន​ត្រឹម​តែ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​ផ្នែក​គ្រប់គ្រង​ដល់​ឆ្នាំ​ទី​២​ហើយ​។

កញ្ញា អ៊ុ​ន ស្រី​យ៉ា បាន​ថ្លែង​រៀបរាប់​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​​ឱ្យ​នាង​ក្លាយជា​កីឡា​ការិនី​​ផ្នែក​ប៉េតង់​ថា គឺ​ដោយសារ​តែ​កញ្ញា​ឧស្សាហ៍​ចេញ​ទៅ​លេង​សឹក​រង​នៅ​ខេត្ត​កណ្ដាល កន្លែង​ដែល​ម្ដាយ និង​ឪពុក​នាង​ធ្វើ​យោធា ហើយដោយ​សារ​តែ​នៅ​ទីនោះ ក៏​មាន​ទីលាន​លេង​ប៊ូល ទើប​នាង​រមែង​ទៅ​លេង​ជា​ប្រចាំ រហូត​ធ្វើ​ឱ្យ​មេ​ៗ​បម្រើ​ការ​នៅ​ទីនោះ​កោតសរសើរ ។ បន្តបន្ទាប់​មក​នៅ​ពេល​ការិយាល័យ​យោធា​ធ្វើការ​ជ្រើសរើស​ក្រុមកីឡា​ការិនី​ប៉េតង់ ហើយ​ក្នុង​ឆ្នាំ​២០០១ នាង​ក៏​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ដោយ​ផ្ដល់​ប្រាក់ខែ​ឱ្យ​៥​ម៉ឺន​រៀល ។

កញ្ញា​ថា ក្រោយ​ពី​បាន​ក្លាយជា​កីឡាការិនី​ប្រចាំ​ទីនោះ នាង​ក៏​ប្រឹងប្រែង​ហ្វឹកហាត់​រាល់​ថ្ងៃ ហើយ​ទីបំផុត​នាង​ក៏​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ និង​ត្រូវ​បាន​មេ​ៗ​របស់​នាង ដាក់​ឱ្យ​ក្លាយជា​មន្ត្រី​យោធា​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ ដោយ​ក្នុង​ពេល​នេះ នាង​គឺជា​មន្ត្រី​យោធា​​ពាក់​ស័​កិ្ដ​១ ។ នាង​ថា ខ្លួន​ស្រឡាញ់​អាជីព​កីឡា​គ្រប់​ផ្នែក តែបើ​ឱ្យ​នាង​ជ្រើស​រើស​ក្នុង​ពេល​មិន​ទាន់​ល្បី​នឹង​ប៉េតង់ គឺ​នាង​នឹង​ជ្រើស​យក​កីឡា​វាយ​សី​ហើយ ដោយ​សារ​តែ​នាង​ជាប់​ចិត្តនឹង​អាជីព​នោះ​ជាង បើ​និយាយ​ពី​ចំណូលចិត្ត ។

នាង​បាន​ថ្លែង​ឱ្យ​ដឹង​ពី​ស្នាដៃ​នា​ពេល​កន្លង​មក​ថា ក្នុង​ឆ្នាំ​២០០៤ នាង​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ជា​លទ្ធផល​នាង​ក៏​ទទួល​បាន​មេដាយ​ប្រាក់​ត្រឡប់​មក​វិញ នៅ​ក្នុង​វិញ្ញាសា​២​នាក់​ទល់​នឹង​២​នាក់​។ ក្នុង​ឆ្នាំ​២០០៥ នាង​បាន​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី ហើយ​ទទួល​បាន​មេដាយ​ប្រាក់​។

ក្នុង​ឆ្នាំ​២០០៦ នាង​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​ព្រឹត្តិការណ៍​មេគង្គ​ហ្គេ​ម​ទទួល​​បាន​មេដាយ​សំរឹទ្ធិ​១ ប្រាក់​១ ។ ក្នុង​ឆ្នាំ​២០០៧ ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី ទទួល​បាន​មេដាយ​សំរឹទ្ធិ ។ ក្នុង​ឆ្នាំ​២០០៩ ទៅ​ប្រកួត​នៅ​ប្រទេស​វៀត​ណាម ទទួល​បាន​មេដាយ​សំរឹទ្ធិ ។ ក្នុង​ឆ្នាំ​២០១២ ទៅ​ប្រកួត​នៅ​ប្រទេស​វៀតណាម ទទួល​​បាន​មេដាយ​ប្រាក់ ។ ក្នុង​ឆ្នាំ​២០១៣ ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក ទទួល​បាន​មេដាយ​សំរឹទ្ធិ ខណៈ​ដែល​ក្នុង​ឆ្នាំ​ដដែល នាង​ក៏​ទទួល​បាន​មេ​ដាយ​ប្រាក់​ពី​ស៊ីហ្គេ​ម ។

ក្នុង​ឆ្នាំ​២០១៤ ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ ទទួល​បាន​មេដាយ​ប្រាក់​២ ក្នុង​ឆ្នាំ​២០១៥ ទៅ​ប្រកួត​នៅ​ឡាវ​ដូច​គ្នា​ក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេង​ទៀត ទទួល​បាន​មេដាយមាស​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ។ ក្នុង​ឆ្នាំ​២០១៦ ទទួល​បាន​មេដាយមាស​១ ប្រាក់​១ និង​​ទទួល​បាន​មេដាយ​សំរឹទ្ធិ​១​ពី​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ចិន ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ នាង​ទទួល​បាន​មេដាយ​សំរឹទ្ធ​១​ពី​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី និង​ទទួល​បាន​មេដាយមាស​២​ពី​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ក្នុង​ប្រទេស​បារាំង​ដែល​ទើប​បញ្ចប់​នៅ​ក្នុង​វិញ្ញាសា​២​នាក់​ទល់​នឹង​២​នាក់ និង​៣​នាក់​ទល់​នឹង​៣​នាក់​ទើប​ធ្វើ​ឱ្យ​នាង​កាន់តែ​លេចធ្លោ​នៅ​ក្នុង​ពិភព​កីឡា ។

នាង​អះអាង​ថា នឹង​បន្តការងារ​នៅ​ក្នុង​វិស័យ​កីឡា​ប៉េតង់​នេះ​ដោយ​មិន​កំណត់ពេល​នោះ​ទេ ដោយសារ​តែ​ក្រោយ​ចូល​ប្រឡូក ក៏​ធ្វើ​ឱ្យ​នាង​ជាប់ចិត្ត និង​មាន​មោទនភាព​កាន់តែ​ច្រើន​ក្នុង​នាម​ជា​កីឡាការិនី​អាជីព​ម្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ