ខេត្តបន្ទាយមានជ័យ ៖ ដោយសារឆ្នាំ២០១៨នេះតម្លៃដំឡូងមីស្រស់ឡើងថ្លៃពលរដ្ឋបានសម្រុកនាំគ្នាដកលក់បើទោះជាផលដំណាំមិនទាន់គ្រប់ខែក៏ដោយ ។
ដំឡូងមីស្រស់រាប់សិបតោននិងជាច្រើនរថយន្តគេឃើញឈ្មួញដឹកចូលលក់នៅស្តង់ទិញដំឡូងមួយកន្លែងក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
ឈ្មួញកណ្តាលម្នាក់និយាយថាគាត់ដើរប្រមូលទិញដំឡូងមីស្រស់ពីគេនៅក្នុងស្រុកព្រះនេត្តព្រះក្នុង១គីឡូក្រាម២០១រៀល ហើយថាឆ្នាំនេះខុសពីបណ្តាឆ្នាំមុនៗគឺអ្នកស្រុកមិនពិបាកកាប់ចិញ្ច្រាំហាលលក់ចេញដំឡូងមីស្ងួតទេ ព្រោះតែដំឡូងមីស្រស់លក់បានថ្លៃ។
ឈ្មួញខ្លះអះអាងថា ការដើរប្រមូលទិញដំឡូងមីស្រស់ពីខេត្តសៀមរាប និងខ្លះថាប្រមូលទិញក្នុងខេត្តបន្ទាយមានជ័យដូចជាក្នុងស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។
បើទោះជាការដឹកជញ្ជូនទៅរកទីផ្សារមានចម្ងាយឆ្ងាយ ប៉ុន្តែអ្នកស្រុកសប្បាយចិត្តដោយលើកឡើងថាឆ្នាំនេះដំឡូងមីស្រស់លក់ចេញបានថ្លៃ១គីឡូក្រាម២,៣៥បាតគិតជាប្រាក់ខ្មែរជិត៣០០រៀល ពិសេសពួកគាត់មិនពិបាកកាប់ហាលព្រួយបារម្មណ៍ពីទឹកភ្លៀងទៀតផង ។
លោកសោម យ៉ិន ប្រធានក្រុមហ៑ុនទទួលទិញដំឡូងមីក្នុងស្រុកម៉ាឡៃប្រាប់តាមទូរស័ព្ទថាឆ្នាំនេះដំឡូងមីស្រស់បានថ្លៃជាងឆ្នាំមុនៗដោយលោកលើកឡើងថាឆ្នាំមុនក្នុងខែនេះ(តុលា)តម្លៃ១គីឡូក្រាម១,២ ឬ១,៥០បាតប្រាក់ថៃតែប៉ុណ្ណោះ។
ដោយឡែកឆ្នាំនេះខែនេះលោកថា ក្រុមហ៑ុនលោកទទួលទិញពីពលរដ្ឋ១គីឡូក្រាម២,៣៥បាតប្រាក់ថៃ។
ប្រធានក្រុមហ៑ុនខាងលើបន្តថា ជាធម្មតាក្រុមហ៑ុនលោកទទួលទិញ១ថ្ងៃតែ២០០ទៅ៣០០តោនតែប៉ុណ្ណោះប៉ុន្តែដោយសារពលរដ្ឋសម្រុកដឹកចូលទៅលក់ច្រើនខ្លះក៍អាចដេករងចាំដែរ ។
លោកបន្តថាជាការពិតដំឡូងមីអ្នកព្រំដែនក្នុងស្រុកម៉ាឡៃមិនទាន់ដកលក់បានទេ ព្រោះតែដីក្នុងស្រុកមួយនេះខុសពីដីស្រុកដទៃគឺដីស្អិតហើយស្ថានភាពផ្លូវដឹកចេញពីតាមចំការក៍លំបាក។
លោកថា ដំឡូងមីស្រស់ដែលទទួលទិញបច្ចុប្បន្នគេដឹកពីខេត្តសៀមរាបនិងតាមស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យដូចជាស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក។
លោកសំណូមពរសុំ៣យ៉ាងទី១សុំឱ្យដំឡូងស្អាតកុំជាប់ដីទី២កុំដកទុកយូរពេកនិងទិ៣កុំដកដំឡូងដែលនៅខ្ចីពេកអាចមិនសូវមានម្សៅខាងរោងចក្រដែលទទួលទិញគេមិនយក។
លោកបន្តទៀតថាក្នុងស្រុកម៉ាឡៃឆ្នាំនេះពលរដ្ឋដាំដំឡូងមីថយចុះជាងឆ្នាំមុនៗព្រោះនាំគ្នាងាកទៅដាំពោតច្រើនគួរសម្យហើយថាដីដែលដំពោតហើយមិនអាចដាំដំឡូងមីបានទេព្រោះវាហួសពេល ៕
ចែករំលែកព័តមាននេះ