ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជួញ​ស្វាយ​ត្អូញត្អែរ​ពី​ការ​ចំណាយ​ប្រាក់​ឱ្យ​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ ក្រុម​អ្នក​ជួញ​ផ្លែស្វាយ​ទៅ​ប្រទេស​វៀតណាម​បាន​ត្អូញត្អែរ​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ការ​ជួញ​ផ្លែស្វាយ​មិនសូវ​កាក់កប​សោះ ដោយសារ​តែ​ការ​ចំណាយ​ច្រើន​ទៅ​លើ​កម្មករ​លើកដាក់​ច្រើន​សារ ជា​ពិសេស​នោះ​គឺ​ចំណាយ​ទៅ​សមត្ថកិច្ច​តាម​ផ្លូវ និង​សមត្ថកិច្ច​ប្រចាំ​ប៉ុស្ដិ៍​តាម​ច្រក​ទ្វារ​ព្រំដែន ។ ពួក​គេ​បញ្ជាក់​ថា ៖«…

ខេត្តស្វាយរៀង​៖ ក្រុម​អ្នក​ជួញ​ផ្លែស្វាយ​ទៅ​ប្រទេស​វៀតណាម​បាន​ត្អូញត្អែរ​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ការ​ជួញ​ផ្លែស្វាយ​មិនសូវ​កាក់កប​សោះ ដោយសារ​តែ​ការ​ចំណាយ​ច្រើន​ទៅ​លើ​កម្មករ​លើកដាក់​ច្រើន​សារ ជា​ពិសេស​នោះ​គឺ​ចំណាយ​ទៅ​សមត្ថកិច្ច​តាម​ផ្លូវ និង​សមត្ថកិច្ច​ប្រចាំ​ប៉ុស្ដិ៍​តាម​ច្រក​ទ្វារ​ព្រំដែន ។

ពួក​គេ​បញ្ជាក់​ថា ៖« ប្រសិនបើ​រថយន្ដ​យី​ឌុ​ប ត្រូវ​បង់​៣០​ម៉ឺន​រៀល​ក្នុង​១​គ្រឿង​, រថយន្ដ​ចំណុះ​២៥​តោន​ត្រូវ​បង់​២៥​ម៉ឺន​រៀល​, រថយន្ដ​ចំណុះ​១៥​តោន​ត្រូវ​បង់​១៥​ម៉ឺន​រៀល ហើយ​បើ​ដឹក​តាម​រថយន្ដ​ទួ​រី​ស ត្រូវ​បង់​៥​ម៉ឺន​រៀល »​។ ក្រុម​ឈ្មួញ​បាន​និយាយ​ទៀត​ថា ពួក​គាត់​ដឹក​ផ្លែស្វាយ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ដូង ឃុំ​ដូង ក្នុងស្រុក​រមាស​ហែក ដោយ​ត្រូវ​បង់​ឲ្យ​ស្ថាប័ន​ចំនួន​៥ មិន​ដែល​រួចខ្លួន​ម្ដងណា​ទេ ក៏​ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណាមួយ ឲ្យ​វិក្កយបត្រ​ឡើយ គឺ​ក្រុម​សមត្ថកិច្ច​ទាំងនោះ គ្រាន់តែ​ឡើង​មើល​រថយន្ត រួច​ទារ​តម្លៃ​តែ​ម្តង​តាម​ការ​ប៉ាន់ស្មាន​របស់​ពួក​គេ ។

លោក សួន ម៉ា​រ៉ា ជា​អ្នក​ជួញ​ផ្លែស្វាយ​ពី​ខេត្តកំពង់ស្ពឺ ទៅ​លក់​ឲ្យ​វៀតណាម​នៅ​ច្រក​ទ្វារ តំបន់​ព្រំដែន​ដូង​នេះ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ លោក​បាន​ដើរ​ម៉ៅ​ចម្ការ​ស្វាយ​ពី​ម្ចាស់​ចម្ការ​នៅ​ខេត្តកំពង់ស្ពឺ ដឹក​មក​លក់​ឲ្យ​វៀតណាម ។ លោក​បន្ដ​ថា ៖« ដោយសារ​តែ​ការ​ចំណាយ​លើ​សមត្ថកិច្ច​តាម​ផ្លូវ​ច្រើន​កន្លែង ហើយ​មក​ដល់​ព្រំដែន​វត្ត​ដូង ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក​នេះ ត្រូវ​ចំណាយ​កាន់តែ​ច្រើន​ទៀត ធ្វើ​ឲ្យ​ការ​រកស៊ី​របស់​យើង​ជួប​ការ​ខាតបង់​ជា​បន្ដបន្ទាប់ »​។ លោក​បញ្ជាក់​ថា ៖« ជា​ទូទៅ យើង​ត្រូវ​ចំណាយ​លើ​កម្មករ​លើក​ចុះ​ដាក់​ពី​មួយ​ទៅ​មួយ និង​បង់​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវ​, សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន​៥​ស្ថាប័ន និង​ចំណាយ​ឲ្យ​ទាហាន​វៀតណាម​ទៀត​។ ដូច្នេះ​រាល់​ថ្ងៃនេះ ការ​រកស៊ី​គ្មាន​សល់​ប្រាក់​នោះ​ទេ »​។

បើ​តាម​ការ​រៀបរាប់​ពី​ឈ្មួញ​ជួញ​ផ្លែស្វាយ​រូប​នេះ​បាន​បញ្ជាក់​ថា ទីផ្សារ​ផ្លែស្វាយ​នៅ​ប្រទេស​វៀតណាម​សព្វថ្ងៃ គឺ​ស្វាយ​លេខ​១ លក់​បាន​តម្លៃ​១.១០០​ទៅ​១.២០០​រៀល​, លេខ​២​លក់​បាន​តម្លៃ​៩០០​ទៅ​១.០០០​រៀល និង​លេខ​៣ តម្លៃ​៧០០​រៀល​ក្នុង​១​គីឡូក្រាម តែ​ពេល​ខ្លះ​ស្វាយ​លេខ​១ ក៏​ត្រូវ​វៀតណាម​ទម្លាក់​ថ្លៃ​ដល់​៩០០​រៀល​ក្នុង​១​គីឡូក្រាម​ក៏​មាន​ដែរ ។

ចំណែក​ថ្លៃ​សេវា​ដឹក​ជញ្ជូន​វិញ លោក សួន ម៉ា​រ៉ា បាន​ឲ្យ​ដឹង​ថា ៖« គ្រាន់តែ​ចំណាយ​លើ​កម្មករ​លើក​ចុះ​ពី​រថយន្ដ​ដាក់​រ៉ឺ​ម៉ក​ក្នុង​១​តោន អស់​៨​ពាន់​រៀល​, ឈ្មួ​ល​រ៉ឺ​ម៉ក​ចំណុះ​២​តោន អស់​ថ្លៃ​១,៦​ម៉ឺន​រៀល​, បង់​ឲ្យ​ទាហាន​វៀតណាម​ក្នុង​១​រ៉ឺ​ម៉ក​២​ម៉ឺន​រៀល និង​បង់​ឲ្យ​ស្ថាប័ន​សមត្ថកិច្ច​ខ្មែរ​តាម​ក្បាល​រថយន្ដ​ចាប់ពី​១៥​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល » ។ ក្រុម​ឈ្មួញ​ទាំងនោះ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ដល់​អ្នក​ជួញ​ផលិតផល​កសិកម្ម​បែប​នេះ​ផង ព្រោះ​វា​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​កសិករ​មាន​ទឹកចិត្ត​បង្កបង្កើន​ផល ក៏​ដូច​ជា​ជួយ​រក​ទីផ្សារ​កសិផល​ជូន​ពួក​គាត់​ដែរ ។ទាក់​ទឹង​នឹង​ករណី​ខាងលើ​នេះ ភ្នាក់ងារ​យក​ព័ត៌មាន កោះសន្ដិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង​បាន​ទេ ដោយ​អ្នកយាម​ប្រាប់​ថា « មេ​មិន​នៅ ទៅ​ប្រជុំ​នៅ​ខេត្ត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ