ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រឿង​ដណ្ដើម​កូន តុលាការ​សម្រេចឃុំខ្លួន តែ​នាង​មិន​សុខចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ តុលា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ ជួង បុប្ផា អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​លំនៅ​ស្ថាន​លេខ​៣៣៩F ផ្លូវ​លេខ​៩០៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​សំណុំ​រឿង​លេខ​៧២២១ ចុះ​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ ជួង បុប្ផា តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ស៊ី​ន ជុង​បឹ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​កូរ៉េ និង​ជា​ប្តី​ជនជាប់ចោទ ។

ខណៈ​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រី​ជាប់​សង្ស័យ​បាន​ថ្លែង​ឲ្យ​ដឹង​ថា នេះ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ ដែល​ប្ដី​ជនជាតិ​កូរ៉េ​វាយ​ធ្វើបាប​នាង​ច្រើន​លើក​ច្រើន​សារ រហូត​បាក់ដៃ បែកក្បាល បង្ខំ​ឲ្យ​នាង​ដេក​រួម​ភេទ​ជាមួយ​មិត្តភក្តិ «​ប្ដី​» តែ​ដោយ​ការ​ស្រឡាញ់​ប្ដី​នាង​មិន​បាន​ប្តឹង​ទេ បែរជា​ប្តី​ប្តឹង​រហូត​ចាប់ខ្លួន​ដាក់គុក​ទៅ​វិញ ។

នាង​ជាប់​សង្ស័យ​រៀបរាប់​ទៀត​ថា ចំណែក​ព្រះរាជអាជ្ញា​កាន់​រឿង​នេះ ក៏​មិន​បាន​ហៅ​នាង​ទៅ​សាកសួរ​ដែរ សម្បី​មួយ​ម៉ាត់​ស្រាប់តែ​ចោទប្រកាន់​ទៅ​ចៅក្រម​ឲ្យ​ចេញ​ដីកា​ចាប់​ខ្លួន​នាង​ដាក់គុក ។ ស្ត្រី​ខ្មែរ​ជនជាប់សង្ស័យ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង និង​ប្ដី​កូរ៉េ​បាន​រៀប​ការ និង​ចុះ​សំបុត្រ​អា​ពា​ពិពាហ៍​ត្រឹមត្រូវ​តាម​ច្បាប់​កាលពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០០៧ ក៏​ចេញ​ទៅ​ធ្វើការ​សន្សំ​ប្រាក់​នៅ​ប្រទេស​កូរ៉េ​បាន​មួយ​ចំនួន ហើយ​ក៏​ត្រឡប់​មក​រស់នៅ​កម្ពុជា​វិញ និង​បាន​ទិញ​ផ្ទះ​២​ល្វែង​ជា​ទ្រព្យ រួម​នឹង​មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ​ឈ្មោះ ស៊ី​ន ស៊ី​អា​ឡេ​អ៊ី ។

ពេល​មក​រស់នៅ​ក្រុងភ្នំពេញ​វិញ​គ្រួសារ​នាង មិនសូវ​មាន​សេចក្ដីសុខ​ទេ ដោយ​ប្ដី​ជន​ជាតិ​​កូរ៉េ​មាន​មិត្តភក្តិរ​ដើរ​លេង​រាល់​យប់ ផឹកស៊ី​ស្រវឹង​មក​ដល់​ផ្ទះ​រករឿង​វាយតប់​ប្រពន្ធ​ស្ទើ​រាល់ថ្ងៃ ពេល​ខ្លះ​វាយ​បែកក្បាល ពេល​ខ្លះ​វាយ​បាក់ដៃ ពេល​ខ្លះ​ប្ដី​បង្ខំ​នាង​ឲ្យ​ដេក​ជាមួយ​ប្រុស​ដែល​ជា​មិត្តភក្តិ ដោយសារ​នាង​មិន​ធ្វើ​តាម​ទើប​ប្ដី​ប្រើ​ហឹ​ង្សា​រ​នោះ ។

ក្រោយ​កើត​មាន​អំពើ​ហិង្សា​ញឹកញាប់ នាង​ទ្រាំ​មិន​បាន​ក៏​សម្រេចចិត្ត​ថា និង​ត្រូវ​ប្ដឹង​លែង​លះ​ប្តី​កូរ៉េ​នោះ ។ បន្ទាប់​ពី​ដឹង​ថា នាង​ចង់​ប្ដឹង​លែងលះ ប្ដី​នាង​បាន​លួច​យក​កូនស្រី​ទៅ​ប្រទេស​កូរ៉េ​បាត់​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លុះដល់​ឆ្នាំ​២០១៧ បងប្អូន​បាន​សម្របសម្រួល​ឲ្យ​គ្រួសារ​នាង​ជួបជុំ​គ្នា​វិញ ទើប​ថ្ងៃ​នោះ​ក៏​កើត​មាន​ជម្លោះ​មួយ​ថ្មី​ទៀត ដោយ​វាយ​ប្រតាយប្រតប់​គ្នា​នៅ​ក្នុង​ហាង​អាហារ​ដ្ឋា​ន​មួយ​​ទល់មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ជម្លោះ​វាយតប់​គ្នា​នោះ​ប្ដី​នាង​រអិល​ដួល​បោក​ជើង​តុ​មាន​របួស​តិចតួច ដែល​ចំណុច​នោះ​ហើយ អាច​ប្តី​កូរ៉េ​បាន​ចាប់ទោស​អូស​ដំណើរ​យក​រឿង​នេះ​មក​ប្តឹង​នាង ។

ស្ត្រី​ជាប់​សង្ស័យ​បន្ត​ថា រឿង​ប្តឹង​ជា​សិទ្ធិ​បុគ្គល​ទេ តែ​អ្វី​ដែល​អយុត្តិធម៌​សម្រាប់​នាង មិន​បាន ដឹង និង​មិន​បាន​ទទួល​ដីកា​កោះហៅ​ទៅ​សួរ​ម្ដង​សោះ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៤ តុលា សមត្ថកិច្ច​បាន​ទៅ​ចាប់ខ្លួន​នាង យោង​តាម​ពាក្យបណ្ដឹង​ប្ដី​កូរ៉េ​នោះ​នាង​ទៅ​វិញ រហូត​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តែ​ម្តង ។

នេះ​គ្រាន់តែ​ជាស​ម្តី​ជនជាប់សង្ស័យ​ប៉ុណ្ណោះ​ទេ អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ព្រះ​រាជ​អាជ្ញា​​មិន​ដែល​ចេះ​តែ​ចោទប្រកាន់​អ្នក​គ្មាន​កំហុស​នោះ​ទេ ហើយ​ចៅក្រម​ស៊ើបសួរ​ក៏​រឹតតែ​មិន​អាច​ឃុំខ្លួន​ជន​ណា​ម្នាក់​ដែល​មិន​បាន​ពិនិត្យ​អង្គហេតុ និង​អង្គច្បាប់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ