ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុក​ជា​អ្នក​ទទួល​បន្ទុក​ធំ​ក្នុង​គ្រួសារ

5 ឆ្នាំ មុន

បុរស​ជា​ឪពុក​នៅ​ពេលដែល​រក​ទ្រព្យ​បាន​មក​ហើយ គប្បី​ដឹង​ថា​ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ជា​អ្នក​ទទួល​បន្ទុក​រ៉ាប់រង​ទាំងស្រុង​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ដូច្នេះ​ត្រូវ​ចេះ​បែងចែក​ទ្រព្យ​ឱ្យ​បាន​ច្បាស់លាស់ តាម​ការ​គួរ មិនមែន​ចេះ​តែ​ចាយវាយ​តាម​ចិត្ត​ចង់​ឡើយ ពិសេស​គឺ​ត្រូវ​បែងចែក​ទ្រព្យ​មួយ​ចំណែក​សម្រាប់​ចិញ្ចឹម​បុត្រ​ធីតា​ផង ព្រោះ​ការ​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា ព្រះពុទ្ធ​លោក​សម្ដែង​ក្នុង​មង្គលសូត្រ​ថា…

បុរស​ជា​ឪពុក​នៅ​ពេលដែល​រក​ទ្រព្យ​បាន​មក​ហើយ គប្បី​ដឹង​ថា​ខ្លួន​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ជា​អ្នក​ទទួល​បន្ទុក​រ៉ាប់រង​ទាំងស្រុង​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ ដូច្នេះ​ត្រូវ​ចេះ​បែងចែក​ទ្រព្យ​ឱ្យ​បាន​ច្បាស់លាស់ តាម​ការ​គួរ មិនមែន​ចេះ​តែ​ចាយវាយ​តាម​ចិត្ត​ចង់​ឡើយ ពិសេស​គឺ​ត្រូវ​បែងចែក​ទ្រព្យ​មួយ​ចំណែក​សម្រាប់​ចិញ្ចឹម​បុត្រ​ធីតា​ផង ព្រោះ​ការ​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា ព្រះពុទ្ធ​លោក​សម្ដែង​ក្នុង​មង្គលសូត្រ​ថា កិរិយា​បម្រើ​នូវ​មាតា​មួយ កិរិយា​បម្រើ​នូវ​បិតា​មួយ សេចក្ដី​សង្គ្រោះ​ដល់​បុត្រ និង​ភរិយា​មួយ ការងារ​ទាំងឡាយ​ដែល​មិន​ច្របូកច្របល់​មួយ ទាំង​បួន​នេះ​ជា​មង្គល​ដ៏​ឧត្ដម ។

ការ​ចិញ្ចឹម​បុត្រ​ធីតា​ក៏​គួរ​យល់​ផង​ដែរ​ថា យើង​បង្កើតកូន​បាន​មែន តែ​យើង​មិន​អាច​បង្កើត ឧបនិស្ស័យ​របស់​កូន​បាន​ទេ​។ ការ​សន្សំ​ឧបនិស្ស័យ​អាក្រក់ កូន​កើតមក​ជា​អ្នក​មិន​ស្ដាប់បង្គាប់​មាតាបិតា នេះ​ជា​រឿង​ឧបនិស្ស័យ ដែល​បាន​សន្សំ​មក​រៀង​ៗ​ខ្លួន​។

ឪពុក​ម្តាយ​មិន​តិច​នាក់​ទេ ដែល​កើតទុក្ខ​លំបាក​ចិត្ត ព្រោះតែ​កូន​ខូច​មិន​ស្ដាប់បង្គាប់​ខ្លួន ទាំង​ដែល​ខ្លួនឯង​ជា​ម៉ែឪ​ខ្វះ​ការ​អប់រំ​ទូន្មាន​បន្ទំ​ឧបនិស្ស័យ​ល្អ​ផង ហើយនឹង​មិន​បាន​យល់​ចូល​ចិត្ត​អំពី​កម្ម និង​វិបាក​របស់​កម្ម​នៃ​សត្វ​ទាំងឡាយ​ផង មួយ​ថ្ងៃ​ៗ​ប្រឹង​តែ​សន្សំ​ចិត្ត​កើតទុក្ខ ដុត​រោល​រាង​កាយ​របស់​ខ្លួនឯង​ឥត​ស្រាកស្រាន្ត ។

ប៉ុន្តែ​បើ​ឪពុក​ម្តាយ​ណា​ព្យាយាម​អប់រំ​ប្រដៅ​កូន​អស់​លទ្ធភាព​ហើយ តែ​បែរជា​កូន​មិន​អាច​ទទួល​បាន​ទេ នោះ​ជា​រឿង​របស់​កូន មិនមែន​ជា​ទោស​របស់​មាតាបិតា​ទេ ដូច​ព្រះពុទ្ធ​លោក​ជា​អ្នក​ចង្អុល​ផ្លូវ​ដល់​មនុស្ស​ដែល​កំពុង​វង្វេងផ្លូវ តែ​ត្រង់​ការ​ទៅ​ឬ​មិន​ទៅ​តាម​ការ​ចង្អុលបង្ហាញ​នោះ វា​ជា​រឿង​របស់​អ្នក​វង្វេង មិនមែន​ជា​កិច្ច​របស់​ព្រះ​សម្ពុទ្ធ​ទេ ហើយ​ក៏​មិនមែន​ជា​រឿង​របស់​ផ្លូវ​ដែរ ។

យ៉ាងណាមិញ ចំពោះ​ឪពុក​ម្តាយ​ក៏​ដូច​គ្នា យើង​មិនមែន​មិន​អប់រំ​កូន​ឯណា តាម​ពិត​មាតាបិតា​ព្យាយាម​ប្រដៅ​ខ្លាំង​ណាស់​ក្នុង​បំណង​ចង់​ឲ្យ​កូន​ក្លាយទៅជា​មនុស្ស​ល្អ​សម្រាប់​គ្រួសារ សម្រាប់​ប្រទេស​ជាតិ រហូត​មាតាបិតា​ខ្លះ ណែនាំ​អប់រំ​ដោយ​ខ្លួនឯង​មិន​បាន សុខចិត្ត​នាំ​កូន​ទៅ​វត្ត​អារាម​ឲ្យ​ព្រះសង្ឃ​ជួយ​ប្រទាន​ឱវាទ​ជំនួស​ខ្លួន​ទៀត​ផង ទាំងនេះ​ក៏​ព្រោះតែ​ក្តី​ស្រឡាញ់​ដ៏​ធំធេង​របស់​ពុក​ម៉ែ ។