ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ប៉ង​ហែ​ក្បួន​ទៅ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោរ​បស់​ពលរដ្ឋ​​​ស្រុក​ស្នួល ខេត្តក្រចេះ​ បាន​​​​រារាំង​…​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា​ ជា​លើក​ទី​១​ហើយ បន្ទាប់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បង្កើត​ក្រុម​ការ​ងារ​​ចម្រុះ​មួយ ​សម្រាប់​ទទួល​រាល់​ពាក្យបណ្តឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​មុខ​ភូមិ​គ្រឹះ​របស់​សម្តេច ដែល​មាន​​លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង…

រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា​ ជា​លើក​ទី​១​ហើយ បន្ទាប់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បង្កើត​ក្រុម​ការ​ងារ​​ចម្រុះ​មួយ ​សម្រាប់​ទទួល​រាល់​ពាក្យបណ្តឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​មុខ​ភូមិ​គ្រឹះ​របស់​សម្តេច ដែល​មាន​​លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង ជា​ប្រធាន ។ ទោះបីជា​បែប​ណា ការ​ប៉ុនប៉ង​ហែ​ក្បួន​ទៅ​ភូមិ​គ្រឹះ​សម្តេច​តេ​ជោរ​បស់​ពលរដ្ឋ​មក​ពី​ស្រុក​ស្នួល ខេត្តក្រចេះ ​ត្រូវ​បាន​រារាំង​ដោយ​កម្លាំង​សមត្ថកិច្ច ដោយ​បាន​​បង្វែរ​ឲ្យ​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​វិញ ។

ប្រជាពលរដ្ឋ​រាប់រយ​នាក់​មក​ពី​ភូមិ​ជើង​ខ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា បាននាំ​គ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិ​ថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន ដើម្បី​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ជួយ​ធ្វើ​អន្តរាគម​ន៍ ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាមួយនឹង​ក្រុមហ៊ុន​មេមត់ ដែល​ជម្លោះ​នេះ​មាន​រយៈពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​មិន​ទាន់​មានការ​ដោះស្រាយ ។

ប្រជាពលរដ្ឋ​ទាំងនោះ​រៀបរាប់​ថា ពួក​គាត់ជាង​៨០០​នាក់​តំណាង​ឲ្យ​១.៦៤៣​គ្រួសារ មក​ពីភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នាំ​គ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ជួយ​អន្តរាគ​មន៍​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​មេមត់ ។ កន្លង​មក ពួក​គាត់​បាន​នាំ​គ្នា​មក​កាន់​ទី​នេះ​ចំនួន​៦​លើក​មក​ហើយ តែ​មិន​មាន​ដំណោះស្រាយ​ណាមួយ​ពិតប្រាកដ​ដល់​ពួក​គាត់​ឡើយ ហើយ​បើ​រាប់​ទាំង​លើក​នេះ​ទៀត​គឺជា​លើកទី​៧​ហើយ និង​មិន​ទាន់​ដឹង​ថា តើ​ខាង​ក្រសួង​នឹង​មាន​ដំណោះ​ស្រាយ​យ៉ាងណា​ដល់​ពួក​គាត់​នៅឡើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​២០១៤កន្លង​មក ពួក​គាត់​បាន​នាំ​គ្នា​ទៅ​កាប់​ឆ្ការ​ដី​ព្រៃ នៅ​ក្នុងភូមិ ឃុំ​ខាងលើ ដើម្បី​សាងសង់​លំនៅ​ឋាន​រស់នៅ និង​ធ្វើស្រែ​ចម្ការ ។ លុះ​មក​ដល់​ឆ្នាំ២០១៧ ស្រាប់តែ​មាន​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​មេមត់ បាន​នាំ​យក​គ្រឿងចក្រ​និង​កម្លាំង​ប្រដាប់អាវុធ​ដែល​មាន​ទាំង​នគរបាល ប៉េ​អឹ​ម និង​ទាហាន ទៅ​ការពារ​ការ​ឈូស​ឆាយដី​ចម្ការ និង​ដុតផ្ទះសម្បែង​របស់​ពួក​គាត់​បណ្តាល​ឲ្យ​ឆេះ​និងខូចខាត​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ។

ក្រោយ​ពី​ក្រុមហ៊ុន​មេមត់​យក​គ្រឿងចក្រនិង​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ពួក​គាត់​អស់​មក ពួក​គាត់​ទាំង១.៦៤៣​គ្រួសារ គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅ​និងដី​សម្រាប់​ធ្វើស្រែ​ចម្ការ​ទេ ។ ពួក​គាត់​បាន​ធ្វើរោង​តូច​ៗ​រស់នៅ​តាម​មុខ​ផ្ទះ​របស់​គេ និង​ខ្លះទៀត​ធ្វើ​រោង​នៅ​តាម​ចិញ្ចើម​ផ្លូវ​រស់នៅ​យ៉ាង​វេទនា​បំផុត មិនតែប៉ុណ្ណោះ​កូន​ៗ​របស់​ពួក​គាត់ ក៏​មិន​បាន​ចូល​សាលារៀន​ដូច​គេឯង​ឡើយ ។

ប្រភព​ដដែល​រៀបរាប់​ទៀត​ថា ក្នុង​ពេលនេះ​ដែរ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះអំពី​បញ្ហា​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​មេមត់ សំណូមពរ​ទៅ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនក៏​ដូច​ជា​ថ្នាក់ដឹកនាំ​កំពូល​ៗ​ដទៃ​ទៀត សូម​ជួយអន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់ទាំង​១.៦៤៣​គ្រួសារ​នេះ​ផង ព្រោះ​រាល់ថ្ងៃនេះ​ពួក​គាត់​គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅ គ្មាន​ដីស្រែ​ដីចម្ការ ជួប​ការ​លំបាក​វេទនា​ខ្លាំង​ណាស់ ហើយ​មួយទៀត​ក៏​ដល់​ខែ​ដែល​ត្រូវ​ប្រកប​របរធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត​របស់​ពួក​គាត់​ទៀត ។ ពួក​គាត់​សុំ​ត្រឹមតែ​ដី​ភូមិ​ដែល​មាន​ក្បាល​ទំហំ​២០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៥០ម៉ែត្រ ដើម្បី​ធ្វើ​ផ្ទះ​រស់នៅ ហើយ​និង​សម្រាប់ធ្វើស្រែ​ចម្ការ​ចំនួន​២​ហិ​កតា​កន្លះ​សម្រាប់​បង្កបង្កើន​ផល​ចិញ្ចឹមជីវិត ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រុស​ស្រី​ជាច្រើន​រយ​នាក់​ដែល​អ្នកខ្លះ​ស្ពាយ​បង្វេច​ខោអាវ និង​របស់របរ​ផ្សេង​ៗ​សំពីងសំពោង​នៅជាប់​នឹង​ខ្លួន​គ្រប់​ៗ​គ្នា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ដោយថ្មើរជើង​ជា​ជួរ​យ៉ាង​វែង​តាម​ផ្លូវ​ចេញពី​វត្ត​សាម​គ្គី​រង្សី ក្នុង​គោលបំណង​ឆ្ពោះទៅ​មុខ​ភូមិ​គ្រឹះ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ តែ​ពេល​នោះ​ត្រូវ​បាន​កម្លាំង​សម្ថ​កិច្ច​មូលដ្ឋាន​រាប់​សិប​នាក់​ធ្វើការ​រារាំង និង​ពន្យល់​ណែនាំ​ដល់​ពួក​គាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ និង​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​វិញ ។

ក្នុង​ពេល​ក្រុម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏​បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រុស​ស្រី​ចំនួន​៣​នាក់​ចូល​ជួប​ធ្វើការ​ដោះស្រាយ តែ​មិនដឹង​ថា​ទទួល​បាន​លទ្ធផល​បែប​ណា​នោះ​ទេ គិត​ត្រឹម​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ ៕ ​

អត្ថបទសរសេរ ដោយ