ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឡើងជាកឋិនតើមកពីកំហុសខាងណា?

5 ឆ្នាំ មុន

ដោយសារ​តែ​បច្ចុប្បន្ន​ជា​សម័យ​កាលដែល​ពោរពេញ​ទៅ​ដោយ​ទំនើប​កម្ម​សម្បូរ​បែប និង​មាន​សក្តានុពល​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​គេ​មើលឃើញ​ថា ជឿនលឿន​មិនធម្មតា​ដែរ ។ បើ​និយាយ​ពី​គ្រឿង​បរិក្ខារ​សម្រាប់​ព្រះសង្ឃ​ប្រើប្រាស់​ដូច​ត្រៃចីវរ​(​ស្បង់ ចីវរ សង្ឃាដី​) បាត្រ ឆត្រ​…​លក់​លើ​ទីផ្សារ​គរ​ដូច​ជ្រោង​ចំបើង…

ដោយសារ​តែ​បច្ចុប្បន្ន​ជា​សម័យ​កាលដែល​ពោរពេញ​ទៅ​ដោយ​ទំនើប​កម្ម​សម្បូរ​បែប និង​មាន​សក្តានុពល​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​គេ​មើលឃើញ​ថា ជឿនលឿន​មិនធម្មតា​ដែរ ។ បើ​និយាយ​ពី​គ្រឿង​បរិក្ខារ​សម្រាប់​ព្រះសង្ឃ​ប្រើប្រាស់​ដូច​ត្រៃចីវរ​(​ស្បង់ ចីវរ សង្ឃាដី​) បាត្រ ឆត្រ​…​លក់​លើ​ទីផ្សារ​គរ​ដូច​ជ្រោង​ចំបើង ជា​ហេតុ​ងាយស្រួល​ដល់​ការ​ធ្វើ​ទាន​ទាំងឡាយ​មាន​កឋិនទាន​ជាដើម ។ សប្បុរសជន​អ្នកមាន​សទ្ធា​កើត​ចិត្ត​ជ្រះ​ថា្ល​ភ្លាម ទិញ​យក​មក​ធ្វើ ភ្លែត​មិនបាច់​ចំណាយពេល​យូរ ហើយ​វត្ថុ​ទាំង​អស់នោះ​សុទ្ធតែ​កាត់ដេរ​ពុះ​ច្រៀក​សម្រេច​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​រួច​ស្រាប់ ។ ដូច្នេះ​កំហុសឆ្គង​ដែល​កើត​ចេញពី​គ្រហស្ថ​ទាក់ទង​នឹង​ការងារ​ធ្វើ​កឋិនទាន​នេះ ទំនងជា​នឹង​រក​មិនឃើញ​សោះឡើយ តែ​អាច​ជា​បញ្ហា​ភិក្ខុ​អ្នក​ក្រាល​គ្រង​ទៅ​វិញ​ទេ ដោយសារ​ការ​ប្រតិបត្តិ​មិន​ប្រកបដោយ​ធម៌ ទើប​ជា​ហេតុ​នាំ​ឲ្យ​មិនកើត​ឡើងជា​កឋិន​តាម​ផ្លូវ​វិន័យ ។ ហេតុ​ម្តេច​ក៏​ហ៊ា​ន​ពោល​ដូច្នេះ ?

កឋិន​ជា​ទាន​ផ្នែក​វិន័យ ខុស​ពី​ទាន​ដទៃ​ដែល​ធ្វើ​ទៅ​តាម​ផ្លូវ​ប្រ​សូត្រ អាច​រៀបចំ​កែ​ច្នៃ​ទៅ​តាម​គំនិត​បុគ្គល ឬ​ទៅ​តាម​ទិដ្ឋិ​របស់​អាចារ្យ​អ្នកដឹកនាំ​ពិធី​បាន​ខ្លះ ។ តែ​ទាន​ផ្នែក​វិន័យ​មិន​ដូច្នេះ​ទេ ត្រូវការ​ចេះ​ចាំ​ហើយ​ធ្វើ​តាម​ច្បាស់លាស់​ណាស់ មួយ​មែ​៉​ត្រ​គឺ​មួយ​ម៉ែត្រ មួយ​ចំអាម​ប្រាកដ​មួយ​ចំអាម​ជាក់លាក់​បំផុត បើ​ពុំនោះ​ទេ​មិន​កើតជា​ទាន​តាម​ផ្លូវ​វិន័យ​ឡើយ ។ ដូច​កឋិនទាន​នេះ​ទាល់តែ​ទាំង​អាចារ្យ​អ្នកដឹកនាំ​បុណ្យ ពិសេស​ភិក្ខុ​អ្នក​ទទួល​ក្រាល​គ្រង​ចេះ​ដឹង​ច្បាស់លាស់​ខាង​វិន័យ​ទើប​កឋិន​ចីវរ​នោះ​កើតឡើង​ប្រកបដោយ​ធម៌ តែបើ​ធ្វើ​ទៅ​តាម​ទម្លាប់​នោះ មិនកើត​ឡើងជា​កឋិន​ឡើយ ។ ប៉ុន្តែ​ផលានិសង្ស​មិន​បាត់​ទៅ​ណា​ទេ គឺ​នៅ​ទទួល​បាន​ក្នុង​ឋានៈ​ជា​ចីវរ​ទាន​ធម្មតា ។

ប៉ុន្តែ​សម័យ​បច្ចុប្បន្ន សប្បុរស​ជា​សាមី​ដើម​កឋិន​មិន​ពិបាក​សោះ ត្រៃចីវរ​(​ស្បង់ ចីវរ សង្ឃាដី​) លក់​ពេញ​ផ្សារ ហើយ​ត្រៃចីវរ​ទាំងនោះ​សុទ្ធតែ​ត្រូវ​បាន​គេ​កាត់ដេរ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​រួច​ជា​ស្រេចស្រាប់​ហើយ នៅ​ពេល​ដែល​កឋិន​កាល​ចូល​មក​ដល់​ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ​រហូត​ទៅ​ដល់​១៥​កើត ខែកត្តិក​មាន​រយៈពេល​២៩​ថ្ងៃ ទៅ​ទិញ​យក​មក​វេរ​ប្រគេន​សង្ឃ​ក្នុង​ពេល​ដ៏​សម​ស្រប​ណាមួយ​នៅ​ចន្លោះ​វេលា​នេះ ដើម្បី​ព្រះសង្ឃ​លោក​ក្រាល​គ្រង ដោយ​ត្រឹមតែ​បញ្ចេញ​វាទៈ​ថា​៖ «​ខ្ញុំព្រះករុណា​ប្រគេន​សំពត់​នេះ​ជា​សំពត់​កឋិន​» ។

នេះ​ជា​ភារៈ​របស់​ម្ចាស់​កឋិន​មិន​ច្រើន​ទេ គឺ​បញ្ចប់​ត្រឹម​យក​ត្រៃចីវរ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ហើយ​ត្រៃចីវរ​នោះ​សោត​ទៀត​ក៏​មិនមែន​ទាល់តែ​ចីវរ​ទាំង​បី​(​ស្បង់ ចីវរ សង្ឃាដី​)​ទើប​កើត​ឡើងជា​កឋិន​នោះ​ក៏​ទេ​ដែរ បើ​ម្ចាស់​ទាន​មិនសូវ​ធូរធារ​ទិញ​តែ​ស្បង់​មួយ​ទៅ​វេរ​ប្រគេន​ថា​ជា​សំពត់​កឋិន​ក៏​បាន ។

ប៉ុន្តែ​មិន​ដូច្នោះ​ទេ សម័យ​សកលភាវូបនីយកម្ម​នេះ​មាន​វិសាលភាព​ធំធេង​ណាស់​ចំពោះ​ការ​កសាង​ប្រទេស​ជាតិ​ក៏​ដូច​សង្គម​សាសនា ។ ព្រោះហេតុនោះ​សម្រាប់​គ្រឿង​បរិក្ខារ​មាន​ចីវរ​ជាដើម​សម្រាប់​កឋិន​នោះ​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ភាព​ចាំបាច់​សម្រាប់​អង្គ​កឋិន​គឺ​ប្រាក់​សង្កត់​ត្រៃ​តម្កល់​កសាង​វត្ត​អារាម​ជា​រឿង​ប្រសើរ​ពេក​ណាស់ ។

ខុស​ពី​សម័យ​ពុទ្ធកាល​វិទ្យាសាស្ត្រ​មិន​ទាន់​រីក​ចម្រើន កុំ​ថា​ឡើយ​ដល់​ទៅ​ចីវរ​ទាំង​ត្រៃ បច្ច័យ​ច្រើន​សន្ធឹក​សម្រាប់​សង្កត់​ត្រៃ​នោះ សូ​ម្បី​តែ​ក្រណាត់​មួយ​ផ្ទាំង​សម្រាប់​កាត់ដេរ​ជា​ស្បង់ ឬ​ចីវរ ឬ​ក៏​សង្ឃាដី​នាំ​មក​ប្រគេន​លោក​ជា​សំពត់​កឋិន​សម្រាប់​ក្រាល​គ្រង​ក៏​សឹងតែ​ពិបាក​រក​ផង ។ រដូវ​កឋិន​ចូល​មក​ដល់​ម្តង​ៗ បរិស័ទ​ទាំង​ភូមិ ចងសម្ព័ន្ធ​គ្នា​ជា​ពួក ជា​ក្រុម រៃ​អង្គាសប្រាក់​គ្នា​ទិញ​ជា​ក្រណាត់ និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​យក​ទៅ​វេរ​ប្រគេន​សង្ឃ​ទម្រាំ​នឹង​បាន​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ។ ប៉ុន្តែ​សង្ឃ​ជំនាន់​នោះ​ភាគច្រើន​បំផុត​ដែល​លោក​បដិបត្តិ​បាន​ត្រឹមត្រូវ​យក​ធម៌​វិន័យ​ជា​ធំ គឺ​មិន​ឲ្យ​ម្ចាស់​ទាន​គេ​អាក់អន់ស្រពន់ចិត្ត ឬ​ធ្វើ​ឲ្យ​ខូចប្រយោជន៍​អ្នក​ដទៃ​ឡើយ​។ ដោយសារ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​ទៅ​តាម​ក្រឹត្យក្រម​អីុចឹ​ង​ហើយ បានជា​មនុស្ស​ជំនាន់​នោះ​ឆាប់​សម្រេចមគ្គផល​ភា្ល​ម​ៗ​ឃើញច្បាស់​នឹង​ភ្នែក មិនបាច់​រង់ចាំ​ជាតិ​ក្រោយ​ទើប​ទទួលផល​នោះ​ទេ ។

ងាក​មក​បច្ចុប្បន្នភាព តាម​ការ​កត់សម្គាល់ បញ្ហា​ដែល​មិនកើត​ឡើងជា​កឋិន​អាច​ជា​កំហុស​ខាង​ភិក្ខុ​អ្នក​ទទួល​ក្រាល​គ្រង​ច្រើន​ជាង ហើយ​កំហុស​ទាំងនោះ​ប្រព្រឹត្ត​ទៅ​៣​ចំណុច​គឺ ៖

១-​ភិក្ខុ​អ្នក​ក្រាល​គ្រង​មិន​ប្រកបដោយ​ធម៌​(​អ​ធម្មិកៈ​) ។ មាន​ន័យ​ថា ភិក្ខុ​អ្នក​ក្រាល​គ្រង​មិន​ចេះ​លក្ខន្តិកៈ​ក្នុង​ការ​ក្រាល​គ្រង ឬ​ចេះ​ខ្លះ​មិន​ចេះ​ខ្លះ ឬ​ក៏​ចេះ​ដែរ​តែ​មិន​យល់​ដល់​សេចក្តី​នៃ​គោល​ធម៌​នីមួយ​ៗ គឺ​ចេះ​តែ​សូត្រ​តាម​របៀប​ទន្ទេញ​ចាំ​មាត់ ។ តាម​វិនយ​ប្បញ្ញត្តិ ភិក្ខុ​រូប​ណា​ដែល​សង្ឃ​ប្រគល់​កឋិន​ឲ្យ​ក្រាល​គ្រង​ត្រូវ​ចេះ​ធម៌​៨​ប្រការ​គឺ បុព្វករណៈ​១ ប​ច្ចុ​ទ្ធ​រៈ​១ អធិដ្ឋាន​១ អត្ថា​រៈ​១ មាតិកា​១ ប​លិ​ពោ​ធ​១ ឧ​ព្ភា​រៈ​១ និង​អានិសង្ស​១ ហើយ​គោល​ធម៌​នីមួយ​ៗ​បំបែក​ទៅ​ជា​ច្រើន​ផ្នែក ច្រើន​ប្រការ ច្រើន​សង្កាត់​ទៀត​គឺ​មាន​ន័យ​ជ្រាលជ្រៅ​ណាស់​ក្រ​សោម​ទ្រឹស្តី​កឋិន​ទាំងមូល ដែល​តម្រូវ​ឲ្យ​ភិក្ខុ​អ្នក​ក្រាល​គ្រង​កឋិន​ត្រូវ​ចេះ និង​យល់​ឲ្យ​ច្បាស់ បើ​មិន​ប្រាកដ​ត្រង់​ចំណុច​ណា​ត្រូវ​រក​គេ​(​សង្ឃ​)​ឲ្យ​ជួយ​ពន្យល់​ណែនាំ​បន្ថែម ។

២-​ភិក្ខុ​អ្នក​ក្រាល​គ្រង​មិន​ឈ្លាស​(​អក​លោ​សិ​) ។ ដៅ​ចំពោះ​ភិក្ខុ​ដែល​សង្ឃ​ប្រគល់​កឋិន​ឲ្យ មិន​ឈ្លាសវៃ​ក្នុង​ការ​ក្រាល​គ្រង​មិន​ចេះ​ដាក់​ពិន្ទុ​កប្ប មិន​ចេះ​អធិដ្ឋាន​… ក្រាល​គ្រងចីវរ​មួយ​ត្រៃ​តែ​ម្តង ប្រព្រឹត្ត​ខុស​ទៅ​នឹង​ពុទ្ធោវាទ​ដែល​ត្រាស់​បង្គាប់​ថា បើ​ទោះជា​សប្បុរស​គេ​ជ្រះថ្លា​ដង្ហែ​ចីវរ​រាប់រយ រាប់​ពាន់​ត្រៃ​សម្រាប់​កឋិន​ក៏​ដោយ ត្រូវ​ភិក្ខុ​អ្នក​ក្រាល​គ្រង​ជ្រើសរើស​ចីវរ​បាន​តែ​មួយ​គត់​មក​ធ្វើ​ជា​អង្គ​កឋិន ។ ឧទាហរណ៍ៈ ត្រៃចីវរ មាន​ន័យ​ថា​ចីវរ​៣ គឺ​ស្បង់​សម្រាប់​ស្លៀក​១ ចីវរ​សម្រាប់​គ្រង​ឬ​ឃ្លុំ​១ និង​សង្ឃាដី​សម្រាប់​បំពាក់​លើ​ស្មា​១ ។ បើ​ភិក្ខុ​អ្នក​ក្រាល​គ្រង​ជ្រើស​យក​ស្បង់​ត្រូវ​ចោល​ចីវរ និង​សង្ឃាដី បើ​ជ្រើស​យក​ចីវរ ត្រូវ​ចោល​ស្បង់ និង​សង្ឃាដី បើ​ជ្រើស​យក​សង្ឃាដី ត្រូវ​ចោល​ស្បង់ និង​ចីវរ ។ នេះ​ជា​វិន័យ មិន​បាន​អនុញ្ញាត​ឲ្យ​ភិក្ខុ​អ្នក​ក្រាល​គ្រង​ម្តង​ទាំង​ត្រៃចីវរ​នោះ​ទេ ។ មាន​ភិក្ខុ​អ្នក​ក្រាល​គ្រង​ខ្លះ​ដើម្បី​ផ្គាប់ចិត្ត​សាមី​ដើម​ទាន​ក្រាលកឋិន​ម្តង​ចីវរ​ទាំង​បី​តែ​ម្តង ។ ការ​ក្រាល​គ្រង​តាម​វិធី​នេះ​អាច​លើកទឹកចិត្ត​ម្ចាស់​ទាន ដែល​គាត់​មិនសូវ​យល់​ពី​ធម៌​វិន័យ តែ​សម្រាប់​អ្នកចេះ​ដឹង​ដែរ​គេ​អន់ចិត្ត ព្រោះ​ធ្វើ​ឲ្យ​ខូច​ទាន​របស់​គេ និង​អាច​ប៉ះពាល់​សទ្ធាចិត្ត​ទៅ​ថ្ងៃក្រោយ​ទៀត​ផង ។ មិន​ប្រដៅ​ទេ ការ​ក្រាល​គ្រង​ឲ្យ​បាន​លឿន មិន​បង្ក​ការ​សាំ​ញាំ​ុ​ច្រើន និង​ដើម្បី​សម្រួល​ដល់​ពេលវេលា​ផង បើ​ភិក្ខុ​អ្នក​ក្រាល​គ្រង​ឆ្លាត គួរ​ជ្រើសរើស​សង្ឃាដី​មក​ធ្វើ​ជា​អង្គ​កឋិន​ដាក់​ពិន្ទុ​កប្ប និង​អធិដ្ឋាន ហើយ​ដក​ដោះ​សង្ឃាដី​ចាស់​ចេញ រួច​បំពាក់​សង្ឃាដី​ថ្មី​នោះ​លើ​ស្មា​ជំនួស​វិញ​ក្រាល​គ្រង​យក​តែ​ម្តង លឿន ហើយ​ងាយ​ណាស់​មិន​ចាំបាច់​ដោះ​ស្បង់​ចីវរ​នៅ​ចំពោះ​មុខ​គ្រហស្ថ​នាំ​ឲ្យ​ពិបាក​ភ្នែក ។

៣-​មិន​យក​សង្ឃ​ជា​ធំ​(​អ​សង្ឃា​ធិ​ប​តេ​យ្យ​ភាព​) សឹង​ថា​ជា​ប្រពៃណី​ទៅ​ហើយ នៅ​តាម​វត្ត​អារាម​ភាគច្រើន​បើ​ភិក្ខុ​អង្គ​ណា​ធំ​ជាងគេ​ជា​សង្គ្រាជ ឬ​ជា​មន្ត្រី​សង្ឃ​(​រាជាគណៈ​) ភិក្ខុ​អង្គ​នោះ​ជា​អ្នក​ក្រាល​គ្រង​កឋិន​ដោយ​ស្វ័យប្រវត្តិ​មិន​ចាំបាច់​សម្រេច​ពី​ជំនុំ​សង្ឃ​ឡើយ រីឯ​ភិក្ខុ​តូចតាច​គ្មាន​តួនាទី​គ្មាន​តំណែង បើ​ទោះជា​អត់​ដែល​ស្គាល់​ជាតិ​ចីវរ​ថ្មី​ប្រើ​នឹង​គេ ក៏​គ្មាន​ផ្លូវ​នឹង​បាន​ស្គាល់​ក្រាល​គ្រង​កឋិន​ដែរ ។ ការ​ក្រាល​គ្រង​តាម​វិធី​នេះ​ទំនងជា​ផ្ទុយ​ទៅ​នឹង​ពុទ្ធឱវាទ ដែល​តាម​ផ្លូវ​វិន័យ​ភិក្ខុ​ដែល​អាច​ទទួល​ក្រាល​គ្រង​កឋិន​បាន លុះណាតែ​ភិក្ខុ​រូប​នោះ​មាន​ចីវរ​ទុព្វលភាព​ចាស់​ក្រំ​គ្រា ហើយ​ត្រូវ​ចេះ​របៀប​ពីរ​ចំណុច​ខាងលើ​នោះ​ទៀត​ទើប​ជា​ការ​ក្រាល​គ្រង​កឋិន​ប្រកបដោយ​ធម៌​ត្រឹមត្រូវ​តាម​ផ្លូវ​វិន័យ ។

យ៉ាង​ណា​ក៏​ដោយ​ចុះ ទោះជា​ការ​ប្រតិបត្តិ​កើត​ឡើងជា​កឋិន​ក្តី ឬ​មិនកើត​ឡើងជា​កឋិន​ក្តី​ក៏​ឈ្មោះ​ថា បរិស័ទ​ទាំង​បួន​ពួក​បាន​ធ្វើ​តាម​លំ​អាន​ពុទ្ធសាសនា រក្សា​ពិធី​កម្ម​ទាំងឡាយ​មាន​កឋិន​កម្ម​ជាដើម បាន​គង់វង្ស​តរៀង​មក ហើយ​ក៏​នៅ​មាន​វត្ត​អារាម​ជា​ច្រើន​ព្រះសង្ឃ​លោក​ដឹកនាំ ប្រតិបត្តិ​ទៅ​តាម​ធម៌​វិន័យ​យា​៉​ង​ខ្ជាប់ខ្ជួន​អាច​ញុ​ាំ​ង​សទ្ធាចិត្ត​បរិស័ទ​ឲ្យ​ត្រេកអរ​បាន​ហើយ ។