ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​នឹង​បញ្ជូន​ពលករ​៥​ពាន់​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​គុយ​វ៉េ​ត​ជា​លើក​ដំបូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​រៀបចំ​បញ្ជូន​ពលករ​ច្រើន​ទៅ​លើ​វិស័យ​ចេញ​ទៅ​បំពេញការងារ​នៅ​ប្រទេស​គុយ​វ៉េ​ត ជា​លើក​ដំបូង បើសិន​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រាក់​ឈ្នួល​ខ្ពស់ និង​ស្រប​តាម​អ្វី​ដែល​ពលករ​កម្ពុជា​ចង់បាន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​រៀបចំ​បញ្ជូន​ពលករ​ច្រើន​ទៅ​លើ​វិស័យ​ចេញ​ទៅ​បំពេញការងារ​នៅ​ប្រទេស​គុយ​វ៉េ​ត ជា​លើក​ដំបូង បើសិន​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រាក់​ឈ្នួល​ខ្ពស់ និង​ស្រប​តាម​អ្វី​ដែល​ពលករ​កម្ពុជា​ចង់បាន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ថ្លែង​ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​លោកស្រី Hind Al-Sabeeh រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច ការងារ និង​ក្រសួង​សេដ្ឋកិច្ច​ប្រទេស​គុយ​វ៉េ​ត កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យ​ដឹង​ថា ចំពោះ​គម្រោង​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​គុយ​វ៉េ​ត​នេះ គឺ​មាន​ច្រើន​វិស័យ​ក្នុង​នេះ​រួម​មាន​ទាំង​ផ្នែក​សេវា ឧស្សាហកម្ម និង​កសិកម្ម​ជាដើម ។ ទាក់ទិន​ទៅ​នឹង​ការ​បញ្ជូន​ពលករ​ទៅ​កាន់​ប្រទេស​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​បន្ថែម​ថា ជា​ការ​បើកចំហ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេច តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នា​កន្លង​មក ។


លោក​បានឱ្យ​ដឹងផង​ថា ចំពោះ​លក្ខខណ្ឌ​ការងារ​របស់​ពលករ​កម្ពុជា​ត្រូវ​មាន​នោះ គឺ​ត្រូវ​មានការ​បណ្តុះបណ្តាល​ជា​មុន និង​ពលករ​ត្រូវ​មាន​ជំនាញ ។ ក្រៅពី​នេះ​ពលករ​ត្រូវ​ស្វែង​យល់​ពី​វិស័យ​ការងារ​លក្ខខណ្ឌ​អាកាសធាតុ ។ ព្រម​ជាមួយ​គ្នា​ចំពោះ​តម្រូវការ​ចាំបាច់​បំផុត​នោះ គឺ​កម្ពុជា​យើង​ត្រូវការ​ទីផ្សារ​ការងារ និង​តម្រូវការ​ចំនួន​ពលករ​ផង​ដែរ ។

ដោយឡែក​ទាក់ទិន​ទៅ​នឹង​ពលករ​កម្ពុជា​ដែល​រង​គ្រោះ​នៅ​បរទេស ពិសេស​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូឌីត​នា​កន្លង​មក ត្រូវ​បាន​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យ​អះអាង​ថា ពលករ​កម្ពុជា​រង​គ្រោះ​នៅ​ក្រៅប្រទេស ដោយសារ​ការ​បោកប្រាស់​របស់​មេខ្យល់​ដែល​នាំ​ទៅ​ធ្វើការ​មិន​ស្របច្បាប់ និង​អ្នកខ្លះ​បាន​ទៅ​២០​ឆ្នាំ​មក​ហើយ គឺ​មុន​ពេល​ដែល​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ទៀត​ផង ។ លោក​បាន​បញ្ជាក់​ថា​«​កន្លង​មក​អ្វី​ដែល​ងាយ​ទទួល​រង​រំលោភ​បំពាន និង​ងាយ​រង​គ្រោះ​របស់​បងប្អូន​យើង ដោយសារ​ទៅ​របៀប​មិន​ស្របច្បាប់ ។ ក្រៅពី​នេះ​ក៏​មានការ​កេងប្រវ័ញ្ច និង​ការ​បោកប្រាស់​មួយ​ចំនួន​ពី​សំណាក់​មេខ្យល់ ។ មាន​អ្នក​ខ្លះទៅ​២០​ឆ្នាំ​តាំង​តែ​ពី​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ថែម​ទៀត​» ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀត​ថា «​កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពលកម្ម​របស់​ខ្លួន​ដែល​បាន​ជ្រើ ស​រើស​គ្រប់​លក្ខខណ្ឌ​ចំនួន​៥​ពាន់​នាក់​ជា​លើក​ដំបូង​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​គុយ​វ៉ែត ហើយ​កម្លាំង​ពលកម្ម​នេះ​ជា​កម្លាំង​ពលកម្ម​គ្រប់​ផ្នែក​ទាំង​ផ្នែក​សេវាកម្ម ឧស្សាហកម្ម និង​កសិកម្ម ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ប្រសិនបើ​ស្ថានភាព​នៅ​ប្រទេស​គុយ​វ៉ែត​ល្អ​ប្រសើរ ស្រប​ទៅ​នឹង​អ្វី​ដែល​ពលករ​កម្ពុជា​ទទួលយក​បាន​មាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់​ឈ្នួល​សមរម្យ​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​ឱ្យ​មានការ​បញ្ជូន​ឱ្យ​បាន​កាន់តែ​ច្រើន ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់​ថា ទាំងនេះ គឺ​ស្រប​ទៅ​នឹង​គោលនយោបាយ «​បើកចំហ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​» របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ បើ​តាម​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​នឹង​បញ្ជូន​កម្លាំង​ពលកម្ម​ពី​កម្ពុជា​នៅ ឆ្នាំ​២០១៩ ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់​បើ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​គុយ​វ៉េ​ត​នេះ ។

គួរ​បញ្ជាក់​ថា នា​ពេល​កន្លង​មក​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​របស់​ខ្លួន​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ដោយ​ស្របច្បាប់​ទៅ​កាន់​ប្រទេស​ថៃ កូរ៉េ​ខាងត្បូង សិង្ហ​បុរី ជប៉ុន និង​ប្រទេស​គុយ​វ៉េ​ត​ដើម ។ នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ កម្ពុជា​មាន​ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស​​កើនឡើង​ចំនួន​ជាង​១​លាន​២​សែន​នាក់​ហើយ ក្នុង​ចំណោម​នេះ​បាន​នាំ​មក​នូវ​ចំណូល​មក​កាន់​ប្រទេស​វិញ​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ