ខេត្តកណ្តាល ៖ សំណុំរឿងឃាតកម្មគិតទុកជាមុន កាប់នឹងពូថៅនៅស្រុកអង្គស្នួល បណ្តាលអោយបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ជនសង្ស័យត្រូវបានចាប់ខ្លួនបានហើយ បន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយ:ពេល៤ថ្ងៃ ។
ករណីខាងលើបានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជា០៥ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។ចំណែកជនសង្ស័យឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កណ្តាលបានអោយដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋទាក់ទិនករណីខាងលើរួចមក លោកបានបញ្ជាឲ្យកម្លាំងជំនាញខេត្តនិងស្រុក ចុះដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការតាមជំនាញនីតិវិធីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ។
ក្រោយពីជំនាញចុះស្រាវជ្រាវតាមនីតិវិធីជំនាញ ក្រោមបញ្ជា និងការយកចិត្តទុកដាក់ទាំងមធ្យោបាយ ថវិកា របស់លោកមេបញ្ជាការ លោកមេបញ្ជាការរងទទួលការងារជំនាញ វរសេនីយ៍ឯក ទូច អុីណាន បានចុះដឹកនាំផ្ទាល់កម្លាំងជំនាញខេត្តនិងស្រុកពាក់ព័ន្ធ សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បានពុះពារស្វែងរកមុខសញ្ញាជនសង្សយ័តាមបច្ចេកទេសបទពិសោធន៌ជំនាញជាបន្តបន្ទាប់ ដោយជនឃាតកបានរត់គេចទៅលាក់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងចុងក្រោយសង្ងំលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
រហូតដល់វេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញស្រាវជ្រាវរកចាប់បានជនសង្សយ័ខាងលើនៅចំណុចមុខផ្ទះវេរលុយមួយកន្លែង ជាប់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសម្រេចបាននូវលទ្ធផលល្អប្រសើរខាងលើក៏ដោយសារមានការសម្របសម្រួលកិច្ចនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តពាក់ពន្ធ័ តាមដំណាក់កាលនិមួយៗក្នុងការពន្លាតសមត្ថកិច្ចដែនដីផងដែរ និងដោយមានកិច្ចសហការល្អរវាងជំនាញកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័បានសារភាពថាក្រោយពីខ្លួនមានទំនាស់ពាក្យសំដីឈ្លោះប្រកែកវាយតប់គ្នាជាមួយជនរងគ្រោះនៅកន្លែងផឹកស៊ីខាងលើ ខ្លួនក៏យកពូថៅមកកាប់ក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់តែម្តង ហើយក៏រត់ទៅលាក់ខ្លួននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ រួចទៅស្រុកកំពង់សៀម ខេត្តកំពង់ចាម និងចុងក្រោយលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនពេលកំពុងវេរលុយនៅផ្ទះវេរលុយជាប់ផ្លូវជាតិលេខ៦.អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តែម្តង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងជំនាញឃាត់ខ្លួននិងកំពុងបន្តនិតិវិធីដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ