រាជធានីភ្នំពេញ ៖ បន្ទាប់ពីអង្ករកម្ពុជាឈ្នះពានរង្វាន់ជាអង្ករល្អជាងគេនៅលើពិភពលោកលើកទី៤ ប្រចាំឆ្នាំ២០១៨ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានធ្វើឲ្យកិត្តិនាមអង្កររបស់កម្ពុជា កាន់តែល្បីល្បាញលើឆាកអន្តរជាតិខ្លាំងឡើងថែមទៀត ។ ដោយសារតែភាពល្បីរន្ទឺនេះ បានធ្វើឲ្យក្រុមហ៊ុនវៀតណាមួយចំនួនគ្រោងនឹងបញ្ចាទិញស្រូវពីកម្ពុជានៅឆ្នាំនេះ ឱ្យបានកាន់តែច្រើនជាងឆ្នាំមុនៗបន្ថែមទៀត ។ នេះបើតាមការអះអាងពីអគ្គនាយករងក្រុមហ៊ុន អេមរុ រាយស៍ ។
លោក កាន់ គន្ធី អគ្គនាយករងរូបនេះបានឲ្យដឹងថា ៖« បន្ទាប់ពីអង្ករកម្ពុជាឈ្នះពានជាលើកទី៤នៅទីក្រុងហាណូយ បានធ្វើឱ្យក្រុមហ៊ុនយក្សៗរបស់វៀតណាមមួយចំនួនបាននិយាយជាចំហថា នឹងធ្វើការបញ្ជាទិញស្រូវពីយើងឲ្យកាន់តែច្រើនជាងមុន នាឆ្នាំនេះ និងឆ្នាំខាងមុខ »។
លោកបញ្ជាក់ថា គម្រោងបញ្ជាទិញពីក្រុមហ៊ុនធំៗរបស់វៀតណាមនេះ នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់អង្ករខ្មែរថែមទៀត ហើយកសិករក៏កាន់តែមានជម្រើសផងដែរ ។ ទោះបីជាយ៉ាងនេះក្ដី លោកមើលឃើញថា នឹងមានផលប៉ះពាល់ជាអវិជ្ជមានមកលើទីផ្សារអង្កររបស់កម្ពុជាផងដែរ ពិសេសគឺការកេងបន្លំគុណភាពអង្ករតែម្ដង តាមរយៈការលាយបញ្ចូលគ្នាជាដើម ។ ចំណែកបណ្ដារោងម៉ាស៊ីន និងអ្នកនាំចេញអង្ករដែលមានធនធានតិចក្នុងការទិញ និងសម្ងួតស្តុកទុកក្នុងក្របខ័ណ្ឌប្រកួតប្រជែង ក៏រងផលប៉ះពាល់ផងដែរ ។
លោកសង្កត់ធ្ងន់ថា ៖« អ្វីដែលរង់ផលប៉ះពាល់ធ្ងន់ធ្ងរនោះ គឺមានការកេងបន្លំតាមរយៈការលាយ ដែលធ្វើឲ្យខូចឈ្មោះ និងគុណភាព ដែលករណីនេះ ក៏វាមិនខុសពីការលក់ក្នុងស្រុកដែលអង្ករមកពីខេត្តណាៗ ក៏ដាក់ឈ្មោះ ឬបោះការ៉ុងខេត្តបាតដំបងដែរ ដែលធ្វើឱ្យល្បីអង្ករបាត់ដំបងផង និងក៏អាចខូចឈ្មោះដែរ បើអង្ករនោះគុណភាពអន់ »។
លោកឧកញ៉ា ភូ ពុយ នាយកក្រុមហ៊ុនបៃតង(កម្ពុជា) មានប្រសាសន៍ថា៖« អង្ករក្រអូបកម្ពុជានាំចេញទៅក្រៅប្រទេសសព្វថ្ងៃ យើងមើលឃើញមានភាពល្បីល្បាញហើយនៅក្នុងទីផ្សារកំពុងមានការពេញនិយមទាំងនៅអឺរ៉ុប និងអាស៊ី ។ លោកបញ្ជាក់ថា ៖« កន្លងមក អង្ករក្រអូបដែលផលិតដោយក្រុមហ៊ុនអ្នកនាំចេញអង្ករមិនដែលនៅសល់ក្នុងស្តុកទេ ក្នុងមួយឆ្នាំៗ យើងតែងតែលក់ចេញអស់ ដោយសារអ្នកទិញនៅខាងក្រៅប្រទេស គាត់យល់ដឹងអំពីគុណភាពនិងឈ្មោះអង្ករកម្ពុជា »។
ចំពោះក្រុមហ៊ុនលោកឧកញ៉ា ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនកំពុងជំរុញទាំងការបង្កើតសហគមន៍ និងបច្ចេកទេសផលិតស្រូវដល់ប្រជាកសិករនៅក្នុងខេត្តសក្តានុពល ដូចជា បាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ហើយនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុនគ្រោងប្រមូលទិញស្រូវក្រអូបប្រណីតប្រមាណ៣សែនតោន គឺច្រើនជាងឆ្នាំមុនៗ ។ លោកឧកញ៉ាបញ្ជាក់ថា ៖« នៅឆ្នាំ២០១៨នេះ យើងត្រៀមទិញស្រូវពីប្រជាកសិករប្រមាណ៣សែនតោន សម្រាប់ស្រូវក្រអូបរដូវប្រាំងនិងវស្សា ពោលគឺមានចំនួនច្រើនជាងឆ្នាំមុនៗដែលក្រុមហ៊ុនធ្លាប់ប្រមូលទិញស្រូវពីកសិករតែជាង៦ម៉ឺនតោនប៉ុណ្ណោះ »។
យោងតាមរបាការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៩ខែដើមឆ្នាំនេះ ការនាំចេញអង្កររបស់កម្ពុជា មានចំនួន៣៨៩.២៦៤តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ មានចំនួន៤២១.៩៦៦តោន ។
គួរកត់សម្គាល់ថា អង្ករក្រអូបប្រណីតកម្ពុជាធ្លាប់ទទួលបានពានជាអង្ករជាងគេនៅលើពិភពលោក ៣ឆ្នាំជាប់គ្នាៗ ពោលនៅឆ្នាំ២០១២ដល់២០១៤ និងនៅឆ្នាំ២០១៥, ២០១៦ និង២០១៧ កម្ពុជាទទួលចំណាត់ថ្នាក់លេខ២ ហើយឆ្នាំ២០១៨នេះ អង្ករក្រអូបប្រណីតកម្ពុជាទទួលបានពានជាអង្ករល្អជាងគេសាជាថ្មីម្តង
ទៀត ៕
ចែករំលែកព័តមាននេះ