រាជធានីភ្នំពេញ ៖ ក្រៅពីកីឡាការិនីកែឡេង កីឡាការិនីអ៊ុក ស្រីមុំ ក៏ជាប់ក្នុងចំណោមកីឡាករ-កីឡាការិនីជម្រើសជាតិដែលបានទទួលមេដាយអន្តរជាតិ និងពិភពលោកនាពេលកន្លងមកផងដែរ ដោយក្នុងចំណោមអ្នកធ្លាប់ទទួលបានមេដាយលើឆាកអន្តរជាតិ អ្នកនាងអ៊ុក ស្រីមុំក៏រក្សាបានប្រជាប្រិយភាពមិនខុសគ្នា តាមរយៈការចេញប្រកួតតំណាងកម្ពុជាក្រោយៗ ហើយឈ្នះបានមេដាយមាសដូចគ្នានឹងអ្នកស្រី កែ ឡេង មិនដែលខាន ។ អ្វីដែលធ្វើឱ្យម្នាក់ៗកាន់តែភ្ញាក់ផ្អើល និងកោតសរសើរថែមទៀតនោះ គឺអ្នកនាងត្រូវបានគេដឹងថា ជាអតីតអ្នកបោសសំរាមតាមសួនដើម្បីរកកម្រៃចិញ្ចឹមជីវិតប៉ុណ្ណោះ។
អ្នកនាង អ៊ុក ស្រីមុំ បានរៀបរាប់ថា អ្នកនាងកើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៥ នៅរាជធានីភ្នំពេញ ដោយអ្នកនាងគឺជាកូនទោលតែម្នាក់នៅក្នុងគ្រួសារ ហើយកើតបានតែ២ខែប៉ុណ្ណោះ ឪពុកក៏ត្រូវរបបប៉ុលពតយកទៅសម្លាប់ចោលទុកឱ្យម្ដាយរបស់ខ្លួន គឺអ្នកស្រី អ៊ុក គឹមលី តស៊ូចិញ្ចឹមអ្នកនាងយ៉ាងលំបាកតែម្នាក់ឯង ។ ក្នុងនាមជាកូនកំព្រាឪពុក ហើយកើតធំធាត់ក្នុងសម័យរដ្ឋកម្ពុជា ដែលនៅមានសង្គ្រាមផ្ទៃក្នុងនៅឡើយ អ្នកនាងថា ខ្លួនមិនត្រឹមតែមិនស្គាល់ភាពកក់ក្ដៅដូចក្មេងឯទៀតប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏អត់បានសិក្សាដូចក្មេងទូទៅនោះដែរ ទើបអ្នកនាងមិនចេះអក្សរនោះឡើយមកទល់ពេលនេះ ប៉ុន្តែអាចសរសេរឈ្មោះរបស់ខ្លួនបាន និងអានឈ្មោះរបស់ខ្លួនបាន ដោយសារតែការចំណាំ ។
អ្នកនាងថាខ្លួនត្រូវរកលុយមកផ្ទប់នឹងម្ដាយតាំងពីធំដឹងក្ដី ដោយសារតែជីវភាពក្រីក្រហួសប្រមាណនាពេលអតីតកាល ។ អ្នកនាង និងម្ដាយទើបតែមានលទ្ធភាពមានផ្ទះតូចមួយរស់នៅ កាលពីប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ ដោយសារតែម្ដាយមីងរស់នៅសហរដ្ឋអាមេរិក បានផ្ដល់លុយកាក់មួយចំនួន មុនទទួលមរណភាពឱ្យទិញផ្ទះរស់នៅនៅម្ដុំផ្លូវរថភ្លើង នៅខាងក្រោយសាលាតិចណូ ។ អ្នកនាងថា ខ្លួនស្ទើរមិនស្គាល់ជីវភាពល្អប្រសើរនោះទេ ដោយអ្នកនាងបានធ្វើជាអ្នកបោសសួនបានប្រាក់កម្រៃតែ៣៥.០០០រៀលក្នុងមួយខែប៉ុណ្ណោះ ចិញ្ចឹមខ្លួនទប់នឹងម្ដាយ ខណៈដែលម្ដាយរបស់អ្នកនាងបានទៅធ្វើជាចុងភៅឱ្យទាហាននៅស្ដាតចាស់ ដើម្បីប្ដូរយកប្រាក់ខែបែបនេះដូចគ្នា ។
អ្នកនាងថា ការងារបោសសួននៅតែដក់ជាប់ក្នុងអារម្មណ៍របស់ខ្លួនជាប្រចាំ ដោយក្រោយពីបោសសួនហើយ អ្នកនាងក៏ទៅជួយការងារដាំបាយរបស់ម្ដាយនៅស្ដាតចាស់ជាប្រចាំ ហើយក៏មានទំនាក់ទំនងស្គាល់មេទាហានដែលបម្រើការនៅក្នុងទីនោះ។
ថ្ងៃមួយក្នុងពេលដែលក្រសួងការពារជាតិសម្រេចចិត្តរៀបចំក្រុមប៉េតង់ប្រចាំស្ដាតចាស់ អ្នកនាងក៏ត្រូវបានម្ដាយ និងមេទាហានមួយចំនួនជួយជ្រោមជ្រែងឱ្យបានចូល បន្ទាប់ពីអ្នកនាងក៏ឧស្សាហ៍លេងបោះប៊ូលពេលទំនេរៗធ្វើឱ្យគេមើលឃើញពីសមត្ថភាពផងដែរ។ ក្នុងឆ្នាំ១៩៩៨ អ្នកនាងត្រូវបានបញ្ចូលជាកីឡាការិនីប្រចាំក្រសួងការពារជាតិពេញសិទ្ធិ ហើយក៏ជាឆ្នាំដំបូងដែលត្រូវសហព័ន្ធបញ្ជូនឱ្យចេញប្រកួតនៅក្នុងប្រទេសសិង្ហបុរី ដោយក្នុងពេលនោះអ្នកនាងក៏ទទួលបានមេដាយជាមួយគ្នានឹងអ្នកស្រីកែ ឡេង។
បន្តបន្ទាប់មក អ្នកនាងក៏ត្រូវបានតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិជាប្រចាំ ទាំងការប្រកួតកម្រិតអាស៊ាន កម្រិតអន្តរជាតិ និងកម្រិតពិភពលោក ដោយការប្រកួតនាពេលកន្លងមក ស្ទើរមិនមានការចេញប្រកួតណាមួយមិនទទួលបានមេដាយត្រឡប់មកជូនជាតិវិញឡើយ ។ មកទល់ពេលនេះ អ្នកនាងទទួលបានមេដាយសរុបប្រមាណជាង៤០ ។ អ្នកនាងទទួលបានមោទនភាពបំផុតនៅក្នុងពេលនេះ គឺការទទួលបានមេដាយមាសលើវិញ្ញាសា២នាក់ទល់នឹង២នាក់ និង៣នាក់ទល់នឹង៣នាក់ នៅក្នុងប្រទេសបារាំងក្នុងព្រឹត្តិការណ៍ប្រជុំដោយកីឡាករកីឡាការិនីជាម្ចាស់មេដាយមាសអន្តរជាតិតំណាងប្រទេស និងតំណាងទ្វីបនីមួយៗប៉ះគ្នា។
អ្នកនាងថា ការប្រកួតមួយនេះគឺធំជាងបណ្ដាការប្រកួតកន្លងមកដោយសារតែការប្រកួតដែលបានធ្វើឡើងគឺតម្រូវឱ្យយកតែម្ចាស់មេដាយមាសលើឆាកអន្តរជាតិតំណាងឱ្យប្រទេសនីមួយៗមកប្រកួតតែប៉ុណ្ណោះ ដែលមានន័យថា មេដាយមាសដែលអ្នកនាងទទួលបានមុននេះ គឺជាមេដាយដែលឈ្នះលើម្ចាស់មេដាយមាសផ្សេងៗមកពីជុំវិញពិភពលោក។
អ្នកនាង អ៊ុក ស្រីមុំ បញ្ជាក់ថា ខ្លួនគ្រាន់តែជាក្រមុំសាវកែប៉ុណ្ណោះ ប៉ុន្តែអ្នកនាងមិនខ្លាចសម្រាប់ជីវិតក្នុងពេលចាស់ទៅឡើយ ដោយសារតែអ្នកនាងក៏មានកូនក្មេង និងបានសុំក្មេងស្រីម្នាក់មកធ្វើជាកូន កំដរជីវិតនៅពេលចាស់ធ្វើអ្វីមិនកើតដែរ ។ អ្វីដែលធ្វើឱ្យអ្នកនាងទទួលបាននូវមោទនភាពបំផុត គឺអ្នកនាងដែលមិនចេះអក្សរ និងគ្រាន់តែជាអ្នកបោសសំរាមកាលពីអតីតកាល អាចតំណាងឱ្យប្រទេសកម្ពុជាទៅលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិបាន ។
អ្នកនាងថា ខ្លួនមិនមានការលំបាកនៅពេលចេញប្រកួតនៅក្រៅប្រទេសព្រោះតែមិនចេះអានអក្សរនោះទេ ដោយសារតែពេលចេញប្រកួត មានគណៈកម្មការជួយពន្យល់ពីកម្មវិធីជាមុន ហើយក្នុងពេលប្រកួតម្ដងៗ ក៏អ្នកនាងមើល ស្ដាប់ និងមើលតែតាមគេក៏យល់ពីទម្រង់កម្មវិធី ។ អ្នកនាងថា ខ្លួនមិនចង់សិក្សាបន្ថែមនោះទេ ប៉ុន្តែការងាររាល់ថ្ងៃ អាចឱ្យអ្នកនាងស្ដាប់យល់ខ្លះនូវភាសាអង់គ្លេស ទើបធ្វើឱ្យអ្នកនាងមិនមានបញ្ហាគ្រប់ពេលចេញប្រកួត ។
អ្នកនាងបន្តថា ខ្លួននៅតែស្រមៃឃើញអតីតកាលជាអ្នកបោសសំរាម ហើយក៏អរគុណដល់ម្ដាយដែលបានបម្រើការជាមេចុងភៅក្នុងកងទាហាន និងនាយទាហានផងដែរ ដោយអ្នកនាងបញ្ជាក់ថា បើគ្មានការជ្រោមជ្រែងនោះទេ ក៏ប្រហែលជាអ្នកនាងនឹងនៅតែបោសសំរាម ព្រោះមិនចេះអក្សរ និងគ្មានចំណេះដឹង ។ អ្នកនាងមានគម្រោងចេញប្រកួតនៅក្នុងប្រទេសឥណ្ឌានៅខែវិច្ឆិកាខាងមុខ ដោយអះអាងថា អ្នកនាងនឹងបន្តធ្វើជាកីឡាការិនីជម្រើសជាតិដោយគ្មានកំណត់នោះទេដោយសារតែអ្នកនាងយល់ថា កីឡានេះហើយ ដែលផ្ដល់ជីវិតថ្មីឱ្យអ្នកនាង៕
ចែករំលែកព័តមាននេះ