ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​​ថៃ​ស្នើ​សុំ​​កម្ពុជា​បញ្ជូន​វេជ្ជ​បណ្ឌិត​​​ពិនិត្យ​សុខភាព​​វីរ៉ាក់ នៅ​​​ពន្ធនាគារ​ព្រៃស

15 ឆ្នាំ មុន

កាសែត​ឌឹ​ណេស្សិន​​របស់ថៃ​​ផ្សាយ​ជាភាសា​អង់គ្លេស​​នៅថ្ងៃទី​​៧ មីនា ​​​​ឱ្យ​ដឹង​​ថា ​ក្រសួង​ការ​បរទេស​ថៃ​​ពេលនេះ​កំពុង​ស្វះស្វែង​​រក​ការ​​អនុ​ញ្ញាត​​ពីរដ្ឋាភិបាល​កម្ពុជា​​ដើម្បីបញ្ជូន​​​វេជ្ជ បណ្ឌិត​​​ថៃ​​ទៅ​ពន្ធនាគារ​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ ​ដើម្បី​ពិនិត្យ​​​​សុខភាព​របស់​លោក​វីរ៉ាក់ ​ស៊ុម​ខ្វាម​ឃីត ​មេដឹក​នាំ​​ក្រុម​​អាវ​លឿង ​ដែល​កំពុង​​ត្រូវឃុំ​​ខ្លួន​នៅទីនោះ ។ ​កាសែត​ថៃ​​នេះបានដ​កស្រង់​​សម្តី​លោក Thani Thongphakdee អ្នកនាំ​​​ពាក្យ​ក្រសួង​​ការបរទេសថៃ ​ដែលថ្លែង​ថា ស្ថានទូត​ថៃ​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ កំពុង​រង់ចាំ​​ការ​សម្រេច​ចិត្ត​​ពីពន្ធនាគារ​​របស់កម្ពុជា ។​

ប្រភពព័ត៌​មាន​​ពីកាសែត​​ឌឹណេ​ស្សិន​​ឱ្យ​ដឹង​ទៀត​​ថា ​ស្ថាន​ទូតថៃ​ប្រចាំ​​​រាជធានីភ្នំពេញ ​បាន​ផ្ញើ​​​សំណើមួយទៅ​​ពន្ធនាគារព្រៃ​ស​​ក្រោយ​ពី​​ប្អូន​ប្រុស​​​របស់លោក​វីរ៉ាក់ ទៅ​សួរសុខ​ទុក្ខ​​​​​​លោក​វីរ៉ាក់​​ ហើយ​​​ដឹង​ថា លោកវីរ៉ាក់​​ បានធ្លាក់ខ្លួនឈឺ​​ធ្ងន់​​ធ្ងរ។ លោក Thani ថ្លែង​ទៀត​ថា ​ប្រសិនបើ​​​ពន្ធ នាគារ​​ព្រៃសមិន​អនុញ្ញាត​​​ឱ្យវេជ្ជ​បណ្ឌិត​​​របស់​ស្ថាន​ទូត​​​ថៃ​ចូល​ជួប​លោក​វីរ៉ាក់​​​ទេ នោះ​​ស្ថាន​ទូត​​នឹង​​ស្វះស្វែង​​រក​​ការ​អនុញ្ញាត​​​ឱ្យ​លោកវីរ៉ាក់ ​​បាន​ចេញ​​​ក្រៅ​​ពន្ធនាគារ​​ដើម្បី​​​ទទួលការ​ពិនិត្យ​​សុខ​ភាព​នៅ​​មន្ទីរពេទ្យ ។​

ជាមួយ​គ្នានេះ ប្រភពព័ត៌​មាន​​ពីកាសែត​​បាង​​កក​​ប៉ុស្តិ៍​​​ឱ្យ​​ដឹង​​​​ដោយដក​ស្រង់​​សម្តីលោក Thani Thongphakdee ដែលថ្លែង​​នៅថ្ងៃទី​​​៧ មីនា ថា​ស្ថានទូតថៃ​​ប្រចាំ​​រាជធានី​ភ្នំពេញ​​​​​បានស្វះស្វែង​​រក​ការ​អនុញ្ញាត​​ពី​ពន្ធនាគារ​​ព្រៃស ​ដើម្បីបញ្ជូន​​វេជ្ជ បណ្ឌិត​​​ចូលពិនិត្យ​​​សុខភាពរបស់​​លោក​វីរ៉ាក់ ប៉ុន្តែ​​មិនទាន់​​ទទួលបានការ​ឆ្លើយ​​តប​​នៅឡើយ​ទេ ។​ អ្នកវិភាគ​ពីស្ថាន​​ការណ៍​នយោបាយ​​នៅក្នុង​​ប្រទេសថៃ​​​និយាយ​​ថា លោក​វីរ៉ាក់ ស៊ុម​ខ្វាមឃីដ ​មេដឹកនាំ​​​ក្រុម​ជ្រុលនិយម​​សៀមអាវលឿង​​​ប្រហែល​​ធ្វើពុត​ជា​ឈឺ ដើម្បី​​បាន​ចេញ​ក្រៅ​ពន្ធនា​គារ​​ប៉ុណ្ណោះ ។​

សូមរំលឹក​ថា ​​​លោកវីរ៉ាក់ ស៊ុម​ខ្វាម​ឃីដ ​ត្រូវ​បាន​​ចាប់ខ្លួន​ដោយ​អាជ្ញា​​ធរ​កម្ពុជា កាលពី​​​ចុង​ខែ​​​ធ្នូ ឆ្នាំ​២០១០ ​កន្លង​មក ​​រួមជាមួយ​ពលរដ្ឋថៃ​​​៦​នាក់ទៀត ក្នុង​​នោះ​ម្នាក់​​​ជា​សមាជិក​​សភា​គណ​បក្ស​​​ប្រជា​​ធិបតេយ្យ​​កំពុងកាន់​​អំណាច​​របស់​លោក​​នាយករដ្ឋ​មន្ត្រី​​​អាប់ភីស៊ីត ​ពីបទ​ចូល​ទឹក​ដី​កម្ពុជា​​ដោយខុសច្បាប់​​​ ប៉ុន្តែ​​៥​នាក់ត្រូវ​​​បាន​​តុលា​ការ​​កម្ពុជា​​​​សម្រេច​​ឱ្យ​នៅ​​ក្រៅឃុំ​​​តាម​រយៈ​ការ​បង់ប្រាក់​​​ធានា ហើយ​រួចខ្លួន​វិលទៅ​​​ថៃ​វិញ​អស់​​​ចំណែក​​លោកវីរ៉ាក់​ និង​ស្ត្រី​ម្នាក់​​ជា​​លេខា​​របស់​លោកត្រូវ​​បានកាត់​​ទោស​ដាក់​​ពន្ធ​នាគារ​ម្នាក់​​​​​រយៈ​ពេល​​៨ឆ្នាំ​​ និង​​ម្នាក់ទៀត​៦​ឆ្នាំ​​ពីបទ​ចារ​កម្ម ៕