ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សង្គ្រាម​នៅ​តែ​បន្ត​ទើប​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា និង​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​មាន​ជំនួប​ជា​ច្រើន​លើក​ច្រើន​សារ រហូត​ដល់​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា និង​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​មាន​ជំនួប​ជា​ច្រើន​លើក​ច្រើន​សារ រហូត​ដល់​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និស្សិត​មក​សហគមន៍​អឺរ៉ុប កាលពី​យប់​ថ្ងៃ​ទី​២៣ តុលា ឈាន​ចូល​ថ្ងៃ​ទី​២៤ សម្ត​ច​តេ​ជោ​ហ៊ុន​សែន​បាន​លើក​ឡើង​ទាក់ទង​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ពីព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ខួប​លើក​ទី​២៧ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ា​រី​ស ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ការ​កើតឡើង​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២៣ តុលា​យ៉ាង​ដូច្នេះ ៖ សម្តេច​បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​សង្គ្រាម​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខវេទនា​ជា​បន្តបន្ទាប់ ទើប​មាន​កិច្ច​ព្រម​ទី​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ កិច្ចព្រមព្រៀង​ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ សម្តេច​ក៏​បាន​ស្វែងរក​នូវ​ដំណោះស្រាយ​នយោបាយ​មួយ ។ សម្តេច​បន្ត​ថា នៅ​ឆ្នាំ​១៩៨៤ នៅ​ពេល​ដែល​សម្តេច​តេ​ជោ ស្ថិត​នៅ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស គឺ​មានការ​រៀបចំ​ជំនួប​រវាង​សម្តេច និង​សម្តេចព្រះ​នរោត្តម​សីហ​នុ​ព្រះ​មហា​វីរក្សត្រ​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​ដែល​ជួយ​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង​នា​ពេល​នោះ ។ ប៉ុន្តែ​ជំនួប​នេះ​ត្រូវ​បាន​អាក់ខាន​អាស្រ័យ​ដោយ​ប្រទេស​មួយ​ចំនួន និង​ក្រុម​ខ្មែរក្រហម​ជំទាស់ ។ ការ​ខិតខំ​លើក​នេះ ប្រើ​រយៈពេល​វែង​បង្គួរ ដោយ​មានការ​ជ្រោមជ្រែង​ពី​មិត្តភក្តិ​បរទេស និង​ឥស្សរជន​ខ្មែរ​មួយ​ចំនួន​ក្នុង​នោះ​លោកស្រី ពុង ឈី​វ​ហ្កិ​ច បច្ចុប្បន្ន​ជា​ប្រធាន​អង្គការ​លី​កាដូ​ជា​អ្នក​ប្រឹងប្រែង​ខ្លាំង​ជាងគេ ក្នុង​ទំនាក់ទំនង​រវាង​សម្តេច​តេ​ជោ​ជាមួយ​សម្តេចព្រះ​នរោត្តម​សីហ​នុ​ពេល​ចរចា​នៅ​ទី​ក្រុងប៉ារីស ។

សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ផ្តើម​ការ​ចរចា​ដំបូង គឺ​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង​ដែល​ការ​ចរចា​នេះ​មាន​សេចក្តី​ប្រកាស​រួម ដែល​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ​នរោត្តម​សីហ​នុ និង​សម្តេច​តេ​ជោ (​ជំនួប​ចរចា សីហ​នុ​-​ហ៊ុន​សែន នៅ FERE-EN-TARDENOIS ថ្ងៃ​ទី​២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧) ។ ការ​ចរចា សីហ​នុ​-​ហ៊ុន សែន លើក​ទី​២ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង ។ សម្តេច​គូសបញ្ជាក់​ថា ការ​ចាប់ផ្តើម​ពី​ជំនួប​បើកផ្លូវ​រវាង​សីហ​នុ​-​ហ៊ុន សែន ទាំង​ពីរ​លើក​ចរន្ត​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រីក​ធំ​ឡើង​វេទិកា​ចរចា​ត្រូវ​បាន​ពង្រីក​រវាង​ភាគី​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់​ប្រទេស​មួយ​ចំនូ​ន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា អ្វី​ៗ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ ការ​ប្រជុំ​ក្រុមប្រឹក្សា​ជាតិ ជាន់ខ្ពស់ បូក​ប្រទេស​ធំ​ទាំង​៥ សហ​ប្រធាន​សន្និសីទ​ទី​ក្រុងប៉ារីស ដែល​មានបារាំង និង​ឥណ្ឌូ​នេ​ស៊ី ព្រមទាំង​តំណាង​ពិសេស​របស់​អគ្គ​លេខា​អង្គការសហប្រជាជាតិ​បាន​បន្ត​ធ្វើ​ពី​ថ្ងៃ​ទី​២៦-៣០ ខែសីហា ឆ្នាំ​១៩៩១ នៅ​ប៉ា​តា​យ៉ា​ប្រទេស​ថៃ ។ ចំណុច​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ទេ គឺ​សម្តេច​តេ​ជោ​បាន​មក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៅ​ក្នុង ប្រទេស ហើយ​សម្រេច​ស្នើ​ឡើង​នូវ​រូបមន្ត​ប្រព័ន្ធ​សមាមាត្រ តាម​ខេត្ត​ហើយ​ត្រូវ​បាន​ភាគី​ទាំងអស់​យល់ព្រម​នៅ​ទីក្រុង​ញូ​វ​យ៉​ក ពេល​ប្រជុំ​អង្គការសហប្រជាជាតិ​ចាប់ពី​ថ្ងៃ​១៤-២១ ខែកញ្ញា ឆ្នាំ​១៩៩១ ។

ប្រព័ន្ធ​សមាមាត្រ​តាម​ខេត្ត​កំពុង​ប្រើប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង រាស្ត្រ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា អ្វី​ៗ​ដែល​ត្រូវ​ដោះស្រាយ​រួចរាល់ គឺ​នៅ​ពេល​ដែល​អេស​អ៊ិ​ន​ស៊ី (SNC) ចូល​កាន់កាប់​អង្គការសហប្រជាជាតិ ក្នុង​ខែកញ្ញា ឆ្នាំ​១៩៩១ រាប់​ទាំង​កំណត់​យក​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ជា​ថ្ងៃ​ចុះហត្ថលេខា​នៅ​ទី​ក្រុងប៉ារីស​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា «​យើង​បាន​ឆ្លងកាត់​ដំណាក់កាល​សង្គ្រាម​ទាំងស្រុង ដំណាក់កាល​វាយ​ផង ចរចា​ផង និង​ដំណាក់កាល​សន្តិភាព​ទាំងស្រុង ។ ជម្រើស​ចុង​ក្រោយ​សម្រាប់​សន្តិភាព​ទាំងស្រុង​នៅ​កម្ពុជា គឺ​ការ​ដាក់​ចេញ និង​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ៗ​ដែល​បាន​អនុវត្ត​ដ៏​ជោគជ័យ​ពី​ឆ្នាំ​១៩៩៦-១៩៩៨ ។ ចំណុច​សំខាន់​៣ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ១) ការ​ធានា​ដល់​អាយុជីវិត និង​សុវត្ថិភាព​របស់​អតីត​គូប​ដិ​បក្ស​២) ការ​ផ្តល់​ការងារ និង​អាជីព​ដល់​អ្នក​ដែល​បាន​ដាក់អាវុធ ៣) ការ​ទទួលស្គាល់​កម្មសិទ្ធិ​លើ​ទ្រព្យ ជា​ពិសេស​ដី និង​អគារ​ដែល​ពួក​គេ​កាន់កាប់​»​។ សម្តេច​បន្ថែម​ថា «​នេះ​ជា​សន្តិភាព​ដែល​ជនជាតិ​កម្ពុជា​បាន​រួម​គ្នា​បង្កើត​ឡើង​ដោយ​ខ្លួនឯង គ្មាន​អ្នក​ឈ្នះ​គ្មាន​អ្នក​ចាញ់ និង​ឯកភាព​ជាតិ ឯកភាព​ទឹកដី ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​ជាង​៥០០ ឆ្នាំ ដែល​កម្ពុជា​ជា​ប្រទេស​មួយ​មាន​តំបន់​ត្រួតត្រា​មួយ​មាន​រដ្ឋធម្មនុញ្ញ​មួយ​មាន​មហាក្សត្រ​មួយ មាន​រាជរដ្ឋាភិបាល​តែ​មួយ មាន​កម្លាំងប្រដាប់អាវុធ​តែ​មួយ គ្មាន​ការ​បែងចែក​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​រក្សា​នូវ​សន្តិភាព​នេះ​» ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​បងប្អូន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ដែល​បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ។ ការ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​មាន​ន័យ​ថា ជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​យក​នូវ​សុខ​សន្តិភាព ការ​អភិវឌ្ឍ និង​បន្តរ​រក្សា​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ជីដូន​ជីតា​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ