ខេត្តព្រះសីហនុ ៖ មានសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃទី២៣ តុលា កម្លាំងសមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ សហការជាមួយនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះមរណៈភាព។ ជនសង្ស័យ១.ឈ្មោះ ភោគ សុផាត ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិស្រិញ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ២.ឈ្មោះ អុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តបាត់ដំបង។
និង៣.ឈ្មោះ ឈយ ឃ្មុំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើតនៅភូមិស្តៅ ឃុំអន្លុងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើតភូមិគ ឃុំជីវកង ស្រុកជីក្រែង ខេត្តសៀមរាប រងរបួសក្បាល ថ្ងាស មុខ ជាទម្ងន់ និង បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ចម្ការចេក ក្រុងព្រះសីហនុ។
ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យ ៣នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ តុលា នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកស៊ី ផ្តើមចេញពីរឿងខឹងមេការមិនបើកលុយ។ ខណៈនោះកម្មករសំណង់៣នាក់ព្រួតគ្នាវាយ មេការសំណង់ បែកមុខបែកមាត់ឈាមហូរជោគជាំ បណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ដោយឃើញដូច្នោះ ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួនបាត់ទាំងយប់។
ក្រោយកើតមានអំពើហិង្សានោះឡើង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ ឲ្យចុះស្រាវជ្រាវ ជាបន្ទាន់ដើម្បីស្វែងរកជនដៃដល់ ដែលវាយសម្លាប់មេការសំណង់នោះ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បន្ទាប់ពីមានបទបញ្ជាពីសំណាក់លោកស្នងការនគរបាលខេត្តភ្លាម ក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងនគរបាលព្រហ្មទណ្ឌ បានកំណត់មុខសញ្ញាច្បាស់ និង ដឹងពីការគេចខ្លួនរបស់ជនសង្ស័យទៅខេត្តសៀមរាប ទើបលោកឧត្តមសេនីយ៍ស្នងការងទទួលផែនព្រហ្មទណ្ឌ បានផ្តល់ដំណឹងទៅស្នងការនគរបាលខេត្តសៀមរាប ដើម្បីសហការចាប់ជនសង្ស័យ។
លុះព្រឹកថ្ងៃទី២៣ តុលា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានធ្វើការឃាត់ជនដៃដល់ទាំង៣នាក់នោះ។ នៅពេលឃាត់ខ្លួនជនសង្ស័យហើយ ស្នងការនគរបាលខេត្តសៀមរាប បានជូនដំណឹងទៅស្នងការនគរបាល ខេត្តព្រះសីហនុ ឲ្យកម្លាំងទៅទទួលយកជនសង្ស័យ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ