ខេត្តកណ្តាល ៖ ទីតាំងកត់ឆ្នោតដុះស្លែជាច្រើនកន្លែងនៅស្រុកកណ្តាលស្ទឹង ត្រូវបានប្រជាពលរដ្ឋរិះគន់ ទៅលើអាជ្ញាធរ និងសមត្ថកិច្ចយ៉ាងខ្លាំងៗថា អាជ្ញាធរ និងសមត្ថកិច្ចបើកសិទ្ធិយ៉ាងទូលាយ ទៅលើក្រុម អ្នកលេងល្បែងស៊ីសង និងក្រុមអ្នកបើកល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសគឺល្បែងកត់ឆ្នោតវៀតណាម (កន្ទុយលេខ)តែម្តង ដែលធ្វើឲ្យអ្នកញៀនល្បែងទាំងនោះអស់ដី អស់ផ្ទះសម្បែង កើតជាអំពើហិង្សា ក្នុងគ្រួសារ លួច ឆក់ ប្លន់ជាដើម។ ពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកដែលញៀនល្បែងស៊ីសង និងអ្នកបើកល្បែងស៊ីសងកន្ទុយលេខដ៏ធំៗប្រចាំស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាល។
ទី១-ឈ្មោះ ដា ភេទប្រុស ស្ថិតនៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ហើយទី២-ឈ្មោះ ពាង ស្ថិតនៅភូមិស្វាយមីង ឃុំបាគួ និងទី៣-ឈ្មោះ ហេង ភេទប្រុស ស្ថិតនៅភូមិចំបក់ ឃុំសៀមរាប អ្នកទាំង៣នៅក្នុងស្រុកតែមួយគឺស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អស់លោកមេកន្ទុយលេខដែលមាន សារជាតិ ចូលចិត្តល្បែងខាងលើនេះគឺពួកគេបើកលេងជាយូរឆ្នាំណាស់មកហើយ រហូតដល់ដុះស្លែក៏នៅតែអាជ្ញាធរ និងសមត្ថកិច្ចស្រុកបិទភ្នែកបើកដៃឲ្យលេងយ៉ាងពេញបន្ទុក។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក បូណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង បានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៨ ឲ្យដឹងថា ពាក់ព័ន្ធនឹងល្បែងកន្ទុយលេខ កន្លងមកយើងតែងតែប្រជុំផ្សព្វផ្សាយ និងអប់រំបានជោគជ័យម្តងរួចមកហើយៗ ក្នុងមួយសប្តាហ៍យើងធ្វើវេទិការសាធារណៈបង្ការបង្ក្រាបនៅបញ្ហានេះ។ ដោយឡែកយើងបានចេញលិខិតអញ្ជើញ ក្រុមអ្នកលេងកត់ឆ្នោតឲ្យមកធ្វើកិច្ចសន្យាម្ដងជាពីរដង តែបើមិនរាងចាលលើកទី៣យើងឲ្យលោកអធិការនគរបាលដែលជាសេនាធិការស្រុកចុះបង្ក្រាបទៅតាមផ្លូវច្បាប់។
ហើយបញ្ហាល្បែងនេះ គឺទើបតែកើតក្រោយទេ ពួកគេដើកត់លួចលាក់មិនជាចំហរឡើយ ពីព្រោះកន្លងមកយើងបានបង្ក្រាបនៅបឹងខ្យាងម្តង និងផ្សារកំពង់កន្តួតម្តងរួចមកហើយ ដូច្នេះអ្នកប្រព្រឹត្តអំពើល្បែងបែបនេះក៏អាចរាងចាលខ្លះផងដែ។ គួរំលឹកផងដែថា៖ អ្នកញៀនល្បែងកន្ទុយលេខជាច្រើននៅស្រុកកណ្តាលស្ទឹងកើតរីកដូចផ្សិតយ៉ាងទាន់សម័យតែគេពុំឃើញអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ណាមានវិធានការចុះបង្ក្រាបនោះទេ។
ឬក៏ពួកគេអាចទទួលលាភសក្ការៈជាឆ្នាំងបាយពីមេល្បែងទាំងអស់ខាងលើធ្វើឲ្យរីកថ្លើមសើមហោប៉ៅទើបពុំចេញបង្ក្រាបបែបនេះ។ ពលរដ្ឋបានលើកឡើងថា បើអាជ្ញាធរមិនបង្ក្រាបនោះគឺមានន័យថា ធ្វើផ្ទុយពីបទបញ្ជារបស់ថ្នាក់លើហើយ ជាពិសេសគឺហាក់បីដូចជា បណ្តោយឲ្យមានបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ កើនឡើងហើយ ព្រោះល្បែងជាប្រភពនៃបទល្មើសទាំងនោះ៕
ចែករំលែកព័តមាននេះ