រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បានលេបថ្នាំសម្លាប់ខ្លួនក្នុងបន្ទប់ដេក ព្រោះតែការប្រចណ្ឌប្រពន្ធជាមួយបុរសដទៃ ។ ការធ្វើអត្តឃាតរបស់បុរសចំណាស់នេះធ្វើឱ្យកូនៗហួសចិត្តគ្រប់គ្នា ព្រោះតែឪពុករបស់គេគិតខ្លី ហើយប្រមាថជីវិតរបស់ខ្លួនបែបនេះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ មីនា នៅចំណុចផ្ទះលេខ៦០៩ ផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌដង្កោ ។
បុរសចំណាស់ដែលលេបថ្នាំសម្លាប់ខ្លួននេះ ឈ្មោះភួយ ភួន អាយុ៥៥ឆ្នាំ ឯប្រពន្ធឈ្មោះសួន ស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ មានកូនប្រុស៥នាក់ ហើយពេលប្តីលេបថ្នាំសម្លាប់ខ្លួននោះស្ត្រីជាប្រពន្ធមិនបាននៅផ្ទះទេ ព្រោះបុរសជាប្តីបានដេញគាត់ឱ្យចេញពីផ្ទះ រយៈពេល៣ថ្ងៃមកហើយ ដោយសារតែការប្រចណ្ឌខុសទំនងនេះ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសចំណាស់់នោះនិងប្រពន្ធបានឈ្លោះគ្នា ព្រោះតែរឿងប្រចណ្ឌប្រពន្ធជាមួយបុរសដទៃទៀត ហើយគាត់បានដេញប្រពន្ធនិងកូនប្រុសម្នាក់ដែលរស់នៅជាមួយឱ្យចេញពីផ្ទះរយៈពេល៣ថ្ងៃមកហើយ ។ ចំណែកឯប្រពន្ធនិងកូនប្រុសបន្ទាប់ពីត្រូវបុរសនោះដេញចេញពីផ្ទះបាននាំគ្នាចាកចេញទៅស្នាក់នៅបណ្តោះអាសន្នផ្ទះបងប្អូនទុកឱ្យបុរសនោះនៅផ្ទះតែម្នាក់ឯងទើបភាពឯកោនេះបានបង្កឱ្យគាត់គិតខ្លីលេបថ្នាំសម្លាប់ខ្លួនបែបនេះ ។
ប្រភពដដែលបន្តថា មុនពេលធ្វើអត្តឃាតបុរសនោះបានសរសេរនូវពាក្យបណ្តាំនិងមូលហេតុនៃការសម្លាប់ខ្លួននៅលើជញ្ជាំងផ្ទះដោយរៀបរាប់ពីការដែលប្រពន្ធផិតក្បត់ដោយបានពោលពាក្យថា «ស្រីផិតក្បត់ខ្ញុំសូមស្មារលា ហើយសូមអ្នករស់នៅរងកម្មចុះ » ហើយក៏នៅមានពាក្យពេចន៍ជាច្រើនទៀតដែលបុរសនោះសរសេរក្នុងន័យហាមឃាត់មិនឱ្យកូនៗធ្វើបុណ្យឱ្យទៀតផង ។
ប្រភពដដែលបានបន្តទៀតថា ការភ្ញាក់ផ្អើលថា បុរសនោះសម្លាប់ខ្លួនគឺដោយសារកូនៗរបស់គាត់នៅម្តុំស្ពានជ្រោយចង្វា និងកំពង់ស្ពឺទទួលបានដំណឹងថា ឪពុកម្តាយទាស់ទែងគ្នារហូតឈានដល់បុរសជាឪពុកបណ្តេញម្តាយចេញពីផ្ទះថែមទៀត ពេលនោះកូនៗក៏បាននាំគ្នាធ្វើដំណើរទៅមើលឪពុកនៅផ្ទះ ។ លុះពេលទៅដល់បានឃើញទ្វារផ្ទះបិទជិតនិងមានចាក់សោពីខាងក្នុងជាប់ទៀតផង ពេលនោះធ្វើឱ្យពួកគេមានការងឿងឆ្ងល់ជាខ្លាំងក៏បានកាត់សោចូលទៅមើលឃើញឪពុកស្លាប់នៅលើគ្រែក្នុងបន្ទប់ដេកជាន់ទី១បាត់ទៅហើយ ។
អ្នកជិតខាងបានសម្តែងនូវការហួសចិត្ត គ្រប់គ្នាដោយសារតែបុរសនោះនិងប្រពន្ធចាស់ៗហើយមិនគួរយកការប្រចណ្ឌដាក់ខ្លួនហើយគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ។ ថ្នាំដែលបុរសនោះលេបសម្លាប់ខ្លួនជាប្រភេទថ្នាំគ្រាប់បន្ទះៗចំនួន៥បន្ទះនិងមានថ្នាំម្សៅ១កញ្ចប់ផងដែរ ហើយគេក៏មិនដឹងថា តើស្រីជាប្រពន្ធប្រព្រឹត្តដូចការចោទប្រកាន់របស់ប្តីមែនឬអត់នោះឡើយ ។ មានតែការហួសចិត្តប៉ុណ្ណោះដែលប្តីប្រពន្ធវ័យចំណាស់នៅតែប្រចណ្ឌគ្នា ៕



ចែករំលែកព័តមាននេះ