រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីរូបគេនិងមិត្តភក្តិ៤នាក់ទៀតដែលជាអ្នករត់ម៉ូតូឌុបដូចគ្នាបានលេងល្បែងភ្នាល់គ្នាឡើងដើមត្នោតដោយដាក់លុយត្រឹមតែចំនួន៧ម៉ឺនរៀលប៉ុណ្ណោះ ។ ប៉ុន្តែ នៅពេលឡើងទៅដល់ចុងត្នោតបានជួបនឹងសម្បុកឪម៉ាល់និងស្រាំងទិចបណ្តាលឱ្យធ្លាក់មកដីរងរបួសធ្ងន់និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២៩ ឧសភា នៅជិតភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន
ជ័យ ។ បុរសដែលស្លាប់ឈ្មោះសោ សឿន អាយុ៤៨ឆ្នាំ មានទីលំនៅផ្ទះលេខ២០E2ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះនិងមិត្តភក្តិ៤នាក់ទៀតបានបែកគំនិតលេងល្បែងភ្នាល់គ្នាឡើងដើមត្នោតដោយដាក់លុយចំនួន៧ម៉ឺនរៀល ។
ដំបូងពួកគេភ្នាល់គ្នានៅក្នុងពហុកីឡដ្ឋានជាតិទេដោយនិយាយគ្នាដាក់លុយចំនួន១៥ម៉ឺនរៀល ប៉ុន្តែដោយសារនៅទីនោះដើមត្នោតមានកម្ពស់ទាបប្រហែល១០ម៉ែត្រទើបបុរសម្នាក់ទៀតដែលមានរហស្សនាម«តាស៊ីថ្ម » ជាអ្នកភ្នាល់ជាមួយនិយាយថា ដើមត្នោតនេះទាបពេករកអាខ្ពស់ជាងនេះបន្តិច ឯជនរងគ្រោះក៏ប្រាប់ថាចង់រកម៉ាស្រុកខ្មែរក៏បានដែរ បើចង់បានដើមត្នោតខ្ពស់ ។ បន្ទាប់មក ពួកគេក៏បានបបួលគ្នាជិះម៉ូតូទៅរកដើមត្នោតដែលខ្ពស់ជាងនេះនិងបានទៅកាន់កន្លែងកើតហេតុខាងលើដែលមានចម្ងាយផ្លូវប្រមាណជាង១០គីឡូម៉ែត្រ ។
ប្រភពដដែលបានបន្តទៀតថា ពេលទៅដល់ចំណុចខាងលើពួកគេបានឃើញដើមត្នោតចំនួន៥ដើមក្នុងនោះមាន១ដើមខ្ពស់ជាងគេកម្ពស់ប្រហែលជិត២០ម៉ែត្រ ហើយក៏យល់ព្រមយកដើមត្នោតនោះភ្នាល់គ្នា ។ ប៉ុន្តែបុរសដែលមានរហស្សនាម«តាស៊ីថ្ម » បានប្រាប់ថាអញមានប្រាក់ត្រឹមតែ៧ម៉ឺនរៀលទេ ឯបុរសរងគ្រោះនិយាយថា៧ម៉ឺនរៀលក៏បានដែរមិនឱ្យចាញ់ចិត្តទេ ។ បន្ទាប់មកពួកគេបាននិយាយព្រមព្រៀងគ្នា បើអ្នកណាឡើងមិនដល់ចុងនឹងត្រូវចាញ់ តែបើឡើងដល់ចុងនឹងឈ្នះ ។ ក្រោយពេលនិយាយគ្នារួចរាល់ហើយបុរសនោះបានចាប់ផ្តើមឡើងរហូតដល់ចុងក៏ស្រាប់តែជួបនឹងសម្បុកឪម៉ាល់ និងស្រាំងទិចបណ្តាលឱ្យធ្លាក់មកដីរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់តែក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ៕
ចែករំលែកព័តមាននេះ