ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WTO ៖ កម្ពុជា​មានការ​អភិវឌ្ឍន៍​តិចតួច តែ​ក្លាយជា​សមាជិក​ចំណោម​សេដ្ឋកិច្ច​លូតលាស់លឿន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា​តូច ហើយ​មានការ​អភិវឌ្ឍន៍​តិចតួច ប៉ុន្តែ​ជា​ប្រទេស​ដែល​អនុវត្ត​ជោគជ័យ​ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អគ្គនាយក…

រាជធានី​ភ្នំពេញ ៖ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​កោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា​តូច ហើយ​មានការ​អភិវឌ្ឍន៍​តិចតួច ប៉ុន្តែ​ជា​ប្រទេស​ដែល​អនុវត្ត​ជោគជ័យ​ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក ។

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អគ្គនាយក WTO ។ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២២ តុលា​នេះ​ក្នុង​ប្រទេស​ស្វី​ល លោក​រ៉ូ​បេ​តូ​កា​វ៉ា​ហូ អា​សេ​វ៉េ​ដូ (Robeto Cavatho Azevedo) អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​លើក​ឡើង​ថា កម្ពុជា គឺជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច ប៉ុន្តែ គឺជា​ប្រទេស​មួយ​ដែល​បាន​ក្លាយជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ដែល​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​ពិភពលោក ។

លោក​អគ្គនាយក​សង្ឃឹមថា ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មក​កាន់​ទីក្រុង​ហ្សឺ​ណែវ ពិសេស​មក​កាន់​ទីស្នាក់ការ​កណ្តាល​របស់ WTO នៅ​ពេល​នេះ គឺ​មិនមែន​ជា​លើក​ចុង​ក្រោយ​នោះ​ទេ ។ ក្នុង​ជំនួប​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា កិច្ចសហការ​វាង​កម្ពុជា​ជាមួយនឹង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អ​ប្រសើរ​ឡើង ពិសេស​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ និង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ដទៃ​ទៀត រួម​ទាំង WTO​ផង​ដែរ ។

សម្តេច​បាន​បន្ត​ថា កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់ WTO រយៈពេល​១៤​ឆ្នាំ​រួច​មក​ហើយ ក្នុង​រយៈពេល​នេះ​សម្តេច​សូម​អរគុណ​ចំពោះ WTO សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទាំងអស់​ដែល​បាន​ផ្តល់​ជូន​ដល់​ប្រទេស​កម្ពុជា ។ សម្តេច​បន្ត​ថា កន្លង​មក​កម្ពុជា​បាន​ដើរតួ​នាទី​ជា​ប្រទេស​សម្របសម្រួល កាលពី​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២០ កម្ពុជា​ស្ថិត​នៅ​ក្នុង​យន្តការ​ត្រីភាគី​នៃ​ក្រប​ខណ្ឌ​នៃ WTO ដោយ​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​នូវ​ជំនួយ​ពី WTO ។
សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​កម្ពុជា​បាន​បើក​ស្ថាន​បេសកកម្ម​របស់​ខ្លួន​ប្រចាំ​នៅ WTO បើ​ទោះបីជា​ខ្លួន​ស្ថិត​ក្នុង​សេដ្ឋកិច្ច​មួយ​ដែល​មាន​ភាព​ទន់ខ្សោយ​ក៏​ពិតមែន តែ​កម្ពុជា​ជំនះ​ក្នុង​ការ​ដាក់​ឲ្យ​មាន​ស្ថាន​ឯកអគ្គរាជទូត​ពាណិជ្ជកម្ម​នៅ​ហ្សឺ​ណែវ ដើម្បី​ជួយ​សម្រួល​ការងារ​រវាង​កម្ពុជា​ជាមួយ និង WTO ។

លោក​អគ្គនាយក WTO បាន​លើក​ឡើង​ថា កម្ពុជា​មាន​លក្ខណៈ​សកម្ម​របស់​ខ្លួន​ពោល​ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លង​មក ថ្វី​ត្បិត​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​ទៀត​នោះ​កម្ពុជា​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់ និង​ជា​ប្រទេស​ទី​១ ដែល​បាន​ចាត់តាំង​ឲ្យ​មាន​តំណាង​អចិ​ន្រៃ្ត​យ៍​ពាណិជ្ជកម្ម​របស់​ខ្លួន​ប្រចាំ WTO ។ លោក​ក៏​បាន​ចាត់​ទុក​សម្តេច​តេ​ជោ គឺជា​អ្នកដឹកនាំ​មួយ​រូប​ដែល​មាន​ភាព​ឈ្លា​វៃ ពីព្រោះ​ថា WTO គឺជា​ស្ថាប័ន​មួយ​ដែល​ផ្តល់​នូវ​ការ​គាំទ្រ​នូវ​ស្មារតី និង​ជំនួយ​ជា​ច្រើន​ដល់​សមាជិក​របស់​ខ្លួន​ដែល​ខុស​ពី​ប្រទេស​ដទៃ​ទៀត​មិន​បាន​ធ្វើការ​ចាប់អារម្មណ៍​យកចិត្តទុកដាក់ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​កោតសរសើរ​ដល់​កម្ពុជា​ផង​ដែរ​ក្នុង​ការ​ដើរតួ​នាទី​នៃ​ការ​កសាង​ស្ពាន​សម្រាប់​ប្រទេស​ផ្សេង​ទៀត ពិសេស​ការ​ស្វែង​យល់​ពី​ប្រព័ន្ធ​របស់ WTO ។

លោក​អគ្គនាយក​បញ្ជាក់​ថា «​បច្ចុប្បន្ន​នេះ​កម្ពុជា​មិនមែន ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​នោះ​ទេ​ពោល គឺ​កម្ពុជា ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​នៃ WTO ដែល​កម្ពុជា​បាន​ស្វែង​យល់ និង​ចាប់​យក​ឱកាស​បាន​ច្រើន ។ ដោយសារ​ភាព​វៃឆ្លាត​របស់​កម្ពុជា​នេះ​ហើយ​បានជា​កម្ពុជា​ចាប់​យក​នូវ​ជំនួយ​បច្ចេកទេស​ពី WTO ដែល​ចំណាយ​ទៅ​លើ​ការ​ជួយ​ដល់​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​៧,៧​លាន​ដុល្លារ ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៨ ហើយ​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​កសាង​សមត្ថភាព មន្ត្រី​មាន​ចំនួន​រហូត​ដល់​៤១១​នាក់ ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើការ​បណ្តុះបណ្តាល​នៅ​គ្រប់​សកម្មភាព​របស់ WTO» ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​នោះ​ដែរ​សម្តេច​តេ​ជោ និង​លោក​អគ្គនាយក​បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​ទាក់ទិន​ទៅ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក ពិសេស​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ដែល​កំពុង​កើនឡើង​កម្តៅ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ