បទចម្រៀង «លាហើយស៊ូម៉ាត្រា» ក៏មានប្រវត្តិស្រដៀងគ្នានឹងបទ «រាហូចាប់ចន្ទ» ដែរ គឺសុទ្ធតែដកស្រង់ចេញពីប្រលោមលោករឿង«រាហូចាប់ចន្ទ» ដូចគ្នា គឺចង់ត្រដាងពីឆាកស្នេហាដ៏ផ្អែមល្ហែមមួយនៅលើកោះស៊ូម៉ាត្រា រវាងរាហូ ជាមួយកុលាបឥណ្ឌូណេស៊ីនោះ ។
យោងតាមសៀវភៅ «កំណាព្យស្នេហ៍មាស» របស់លោកគង្គ ប៊ុនឈឿន លើកឡើងថា អ្នកដែលមិនបានដឹងរឿងនេះពិតប្រាកដ ស្មានតែ «ស៊ូម៉ាត្រា» ជាឈ្មោះតួអង្គស្រី ក៏ទៅជាដាក់ឱ្យតួប្រុសហៅឈ្មោះតួស្រីថា «ស៊ូម៉ាត្រា» ទៅវិញ ។ សព្វថ្ងៃបទ «លាហើយស៊ូម៉ាត្រា» មានឥទ្ធិពលខ្លាំងណាស់ទៅលើសន្តានចិត្តអ្នកស្តាប់ទូទៅ គឺគេតែងយកបទនេះច្រៀងឆ្លងឆ្លើយនៅគ្រប់ទីកន្លែងទាំងអស់ ។
ក្រុមហ៊ុនថតចម្រៀងកាយវិការ ឬខារ៉ាអូខេក៏យកបទ «លាហើយស៊ូម៉ាត្រា» ទៅថតដាក់តួឱ្យសម្តែងមិនសូវដែលខានទេ ដោយគេចាត់ទុកថា ចម្រៀងឆ្លងឆ្លើយនេះជានិមិត្តរូបនៃពិភពស្នេហ៍នៅលើឆ្នេរខ្សាច់ដ៏ប្រកបដោយក្តីស្រមើស្រមៃលន្លង់លន្លោចមួយ ។
លោកគង្គ ប៊ុនឈឿន បញ្ជាក់ថា មានកំណត់សម្គាល់មួយដែលគួរឱ្យសោកស្តាយ និងចងចាំដែរ គឺពេលដែលថតនៅស្ទូឌីយោ អ្នកស្រីរស់ សេរីសុទ្ធា បានច្រៀងច្រឡំ «ពាក្យ» មួយម៉ាត់នៅត្រង់ល្បះបន្ទរ គឺត្រង់ពាក្យថា «វេញខ្សែនេត្រា» បែរជាច្រៀងថា «ដេញខ្សែនេត្រា» ទៅវិញ ។
នេះជាកំហុសដោយអចេតនាពេលដែលកំពុងថតគ្មានអ្នកណាចាប់ភ្លឹកឡើយ មានតែលោកគង្គ ប៊ុនឈឿន ជាអ្នកនិពន្ធប៉ុណ្ណោះទើបដឹង ព្រោះលោកសរសេរអក្សរ «វ» និងអក្សរ «ដ» ច្រឡំគ្នា ។ ជួនជាពេលនោះលោកគង្គ ប៊ុនឈឿន មានជំងឺមិនបានទៅពិនិត្យនៅក្នុងស្ទូឌីយោ ទើបមិនមានអ្នកណាហ៊ានអារកាត់ចំពោះសូរសៀងនៃទំនុកច្រៀងនេះ។
នេះក៏ចាត់ទុកជាមេរៀនមួយសម្រាប់អ្នកច្រៀងដែរ គឺអ្វីដែលច្រៀងច្រឡំហើយ ទោះជា៣០ទៅ៤០ឆ្នាំក្រោយទៀត ក៏នៅតែភ័ន្តច្រឡំ និងដិតដាមជាប់ដដែល ហេតុនេះពេលកំពុងថតត្រូវតែប្រយ័ត្នប្រយែងផ្ទៀងផ្ទាត់ពាក្យពេចន៍ឱ្យ ហ្មត់ចត់មែនទែន ចៀសវាងកុំឱ្យអ្នកជាន់ក្រោយច្រៀងទៅតាមការខុសឆ្គងនោះដែរ ។
បទ «លាហើយស៊ូម៉ាត្រា» និពន្ធបទភ្លេង និងទំនុកច្រៀងដោយលោកគង្គ ប៊ុនឈឿន សម្រួលតន្ត្រីដោយលោកហាស់ សាឡន និងច្រៀងដោយលោកស៊ីន ស៊ីសាមុត និងអ្នកស្រីរស់ សេរីសុទ្ធា ។ បទនេះរាយទំនុកថា ៖
១-(ស) បិទភ្នែកស្រមៃក្នុងដៃប្រុសស្នេហ៍ ខ្យងសោកបំពេឆ្នេរកោះបាលី (ប)អូនជាកុលាបឥណ្ឌូណេស៊ី (ស)បងជាឥន្ទ្រីហើរពីដែនឆ្ងាយ ។
២-(ប) ខ្សឹបខ្សៀវស្រៀវស្រើបថើបក្លិនចរណៃ បងសូមលាថ្លៃស្រីស្រស់ឆោមឆាយ លាមួយគ្រាសិនទាំងក្តីសោកស្តាយ (ស)សូមប្រុសឆោមឆាយកុំប្រែចិន្តា ។
បន្ទរ-(ប) បងមិនភ្លេចទេអនុស្សាវរីយ៍ បងនិងឆវីស្រស់ស៊ូម៉ាត្រា (ស) ខ្នល់ខ្នើយកើយដៃក្នុងល្អាងផ្កាស្លា វេញខ្សែនេត្រាសាងស្នេហ៍រយជាតិ ។
៣-(ប)លាហើយៗរំដួលកោះស្នេហ៍ យ៉ាងយូរដប់ខែបងមកជួបទៀត (ស)ឯណាថ្ពាល់បងអូនសូមស្រងជាតិ ទោះបីបងឃ្លាតរសជាតិអូនចាំ ។
(ប)លាហើយស៊ូម៉ាត្រា (ស)កុំភ្លេចអូនណាប្រុសបង!…៕ វីដេអូដកស្រង់ចេញពី ៖ Jang Sdab
https://www.youtube.com/watch?v=NyixzOivYz8
ចែករំលែកព័តមាននេះ