ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​សុំ​លា​លែង​ព្រោះ​រឿង​អំណោយ​ខុស​ច្បាប់

15 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ លោក SEIJI MAEHARA ប្រកាស​​ពី​ការ​សុំ​លា​លែង​ពី​តំណែង​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៦ មីនា បន្ទាប់​ពី លោក​ទទួល​ស្គាល់​ថា បាន​ទទួល​អំណោយ​ជា​ប្រាក់​​​ពីនារី​ជន​ជាតិ​បរទេស​​ម្នាក់​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ផ្ទុយ​នឹង​ច្បាប់​របស់​ជប៉ុន​។ លោក​ SEIJI MAEHARA អាយុ​៤៨​ឆ្នាំ ទើប​កាន់​តំណែង​នេះ​បាន​៦​ខែ​ប៉ុណ្ណោះ។ ជា​មនុស្ស​លេច​ធ្លោ​ម្នាក់​ក្នុង​ផ្ទៃ​នៃ​គណ​បក​្ស​ប្រជា​ធិប​តេយ្យ​ជប៉ុន PDJ ដែល​កំពុង​កាន់​អំណាច​​លោក SEIJI ត្រូវ​បាន​ចាត់​ទុក​ថា ជា​អ្នក​អាច​បន្ត​តំណែង​ពី​នាយក​រដ្ឋ​មន្ត្រី​លោក​ណា​អូ​តូ​​កាន​។ បន្ទាប់​ពី​បដិ​សេធ​រឿង​នោះ​ក្នុង​គ្រា​ដំបូង​ លោក SEIJI MAEHARA ទទួល​ស្គាល់​ថា លោក​បាន​ទទួល​អំណោយ​ជា​ប្រាក់​ចំនួន​៥០.០០០​យេន​(៤៣៤​អឺរ៉ូ​) ពី​នារី​ម្នាក់​ក្នុង​ចំណោម​នារី​ដែល​លោក​ស្គាល់​ដែល​នារី​នោះ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​រស់​នៅ​ប្រទេស​ជប៉ុន​​ចាប់​តាំង​ពី ច្រើន​ឆ្នាំ​មក​ហើយ​។ ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​របស់​បណ្តា​គណ​បក្ស​នយោ​បាយ​ហាម​ឃាត់​ដល់​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ខាង​នយោ​បាយ​ជប៉ុន​មិន​ឱ្យ​ទទួល​យក​អំណោយ​ពី​ពល​រដ្ឋ​ ឬ​មនុស្ស​ទាំង​ឡាយ​មាន​ដើម​កំណើត​បរទេស។
ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​កាល​ពី​យប់​ថ្ងៃ​ទី​៦​ មីនា នៅ​ទី​ក្រុង​តូ​ក្យូ​ រដ្ឋ​មន្ត្រី​​ដែល​សុំ​លា​លែង​រូប​នេះ​ថ្លែង​ថា «ខ្ញុំ​សូម​អភ័យ​ទោស​ដើម្បី​ដាក់​ការ​សុំ​លា​លែង​របស់​ខ្ញុំ​ក្រោយ​កាន់​តំណែង​នេះ​បាន​ត្រឹម​តែ​៦​ខែ​ ហើយ​ដែល​បាន​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​លើ​បញ្ហា​ហិរញ្ញ​វត្ថុ​នយោ​បាយ​ទោះ​បី​ជា​ខ្ញុំ​ធ្លាប់​បាន​លើក​​ពី​នយោ​បាយ​ស្អាត​ស្អំ​មួយ​ក្តី​។ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ​ដែល​បាន​បង្ក​បញ្ហា​បែប​នេះ​មក​ពីការ​ខុស​ឆ្គង​ផ្ទាល់​របស់​ខ្ញុំ» ៕