ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង ក​ដិ​កា ទ​ទួ​ច​ដល់​ម្ចាស់​ជើងឯក លាភ រ​ដ្ឋា ឱ្យធ្វើ​រឿង​មួយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ប្រកួត​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ត្រូវ​បាន​បញ្ចប់​កាលពី​សប្ដាហ៍​​​​មុន ហើយ​កីឡាករ លាភ រ​ដ្ឋា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​​ក្រាម​នោះ លោក សេង…

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ប្រកួត​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ត្រូវ​បាន​បញ្ចប់​កាលពី​សប្ដាហ៍​​​​មុន ហើយ​កីឡាករ លាភ រ​ដ្ឋា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​​ក្រាម​នោះ លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​បាន​ទទូច​ដល់​ម្ចាស់​ពាន​រូប​នេះ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំង បន្ទាប់​ពី​លោក​បាន​កត់​សម្គាល់ថា ម្ចាស់​ពាន​មុន​ៗ​បាន​បណ្ដោយ​ខ្លួន​ឱ្យ​ចុះ​ខ្សោយ បន្តិច​ម្ដង​ៗ​ខុស​ពី​អ្វី​ដែល​លោក និង​អ្នកគាំទ្រ​ចង់​បាន។

គាប់​ជួន​ជា លាភ រ​ដ្ឋា ក៏​ដូច​រយាល​ការ​ប្រឹងប្រែង ដែល​ម្ដង​ប្រកួត​ល្អ និង​ត្រូវ​បាន​លោក​បញ្ជាក់​ថា បាន​កាន់​ពាន​ជើងឯក​ដោយ​ការ​ភ្លាត់ស្នៀត​របស់​គូប្រកួត​ផង​នោះ ទើប​លោក​មិន​សូវ​ទុកចិត្ត​ថា ជើងឯក​រូប​នេះ​នឹង​ពង្រឹងសមត្ថភាព​បាន​ខ្លាំង បើ​ខ្វះ​ការ​ក្រើនរំលឹក​ដោយ​​ទទូច​ផង​នោះ​។ លោក សេង ក​ដិ​កា និយាយ​ថា នៅ​ក្នុង​វិស័យ​ប្រដាល់​កម្ពុជា កីឡាករ​ភាគច្រើន​មិនមែន​កាន់តែ​ខ្លាំង​កាន់តែ​ល្អ​ក្រោយ​ពេល​ល្បីឈ្មោះ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​បែរជា​មានការ​ថមថយ​បន្ទាប់​ពី​សំបូរ​ទីផ្សារ និង​កេរ្តិ៍ឈ្មោះ​ទៅ​វិញ ។

លោក​មិន​ទទួលយក​ហេតុផល​ដែល​ថា​បញ្ហា​កំសោយ​ដែល​ជា​ដំណើរ​ថយក្រោយ​របស់​អ្នក​ប្រដាល់​មក​ពី​មូលហេតុ​តម្លៃ​​ខ្លួន​នោះ​ទេ​ដោយ​លោក​បញ្ជាក់​ថា ចុះ​មុន​ពេល​មិន​ទាន់​ល្បី ហេតុ​អ្វី​ប្រឹង​ហាត់​ប្រឹង​វ៉ៃ ដើម្បី​ឱ្យ​ល្បី ឱ្យ​មាន​ទីផ្សារ ប៉ុន្តែ​ពេល​បាន​ល្បី​បែរជា​ខ្សោយ ឬ​ធ្លាក់ដៃ​បែប​នេះ​ទៅ​វិញ។

លោក​ថា ហេតុផល​គឺ​បណ្ដាល​មក​ពី​កីឡាករ​មួយ​ចំនួន​ឱ្យ​តែ​មាន​ទីផ្សារ​មានបាន គឺ​សប្បាយ​ផឹកស៊ី មិនសូវ​ចេះ​ថែ​កម្លាំង ហើយ​លុះត្រាតែ​មានការ​ផ្គូផ្គង​ទើប​ចេញ​ហ្វឹក​ហាត់ ដែល​ធ្វើ​ឱ្យ​សរសៃ និង​ដៃជើង​ចាប់ផ្ដើម​ស្ពឺ​ក និង​ស្ទក់​។ លោក​ថា កីឡាករ​ភាគ​ច្រើន​រមែង​មាន​មោទនភាព និង​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង​ជា​ជាង​ហ្វឹកហាត់ និង​ប្រឹង​ប្រែង ដោយ​មិន​បាន​ឆ្លៀតពេល​ហ្វឹកហាត់​ជាប់លាប់ ដែល​បញ្ហា​ទាំងនោះ​គឺជា​ការ​មើល​ស្រាល​ដៃគូ និង​ការ​ភ្លេចខ្លួន​របស់​អ្នក​ឈ្នះ​ជា​ម្ចាស់​ពាន​។

លោក​ថា កីឡាករ លាភ រ​ដ្ឋា គឺជា​ម្ចាស់​ពាន ដែល​ទើប​ក្ដោប​ក្ដាប់​តំណែង​ជើងឯក ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​នឹង​ល្បី និង​ខ្លាំង​នោះ​ទេ ប្រសិនបើ​កីឡាករ​រូប​នេះ​ធ្វើខ្លួន​តាម​លំនាំ​កីឡាករ​មួយ​ចំនួន ដែល​កាន់​ពាន​បាន​តែ​មួយ​រយៈ ហើយ​ក៏​ខ្សោយ​ធ្លាក់ដៃ ប្រកួត​មិន​ល្អ។ លោក​ថា ហេតុផល​ដែល​ប៉ុស្ដិ៍​នីមួយ​ៗ​ជ្រើសរើស​ជើងឯក គឺ​ដើម្បី​ស្វែងរក​កីឡាករ​ល្អ​ឱ្យ​ឡើង​ប្រកួត​គូ​ឯក និង​ជាមួយ​កីឡាករ​បរទេស​ជាដើម អ៊ីចឹង​វា​នឹង​ក្លាយជា​បញ្ហា​ចោទ​មួយ​ប្រសិនបើ​ក្រោយ​ពី​កាន់​ពាន​ហើយ បែរជា​ប្រកួត​មិន​បាន​ល្អ ។

លោក​ថា នេះ​គឺជា​បញ្ហា​ដែល​គណៈកម្មការ​ផ្គូផ្គង​ប្រដាល់​ជួប​ប្រទះ ហើយ​ក៏​ជា​រឿង​ស្មុគ​ស្មាញ​ផង​ដែរ​ ដែល​កីឡាករ​ល្បី​ៗ​ជើង​ចាស់​កាន់តែ​បាត់​មុខ​បន្តិច​ម្ដង​ៗ​តែ​នៅ​ពេល​សង្ឃឹម​លើ​កីឡាករ​ឡើង​ជើង​ថ្មី ក៏​ល្បី​មិន​បាន​យូរ​ទៀត​ព្រោះតែ​ការ​ធ្វេសប្រហែស​មិន​ប្រឹង​ហ្វឹកហាត់​ឱ្យ​ជាប់លាប់​។ លោក​ទទូច​ឱ្យ លាភ រ​ដ្ឋា ស្ទុះស្ទា​និង​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ល្អ​ជាង​មុន ដោយ​លោក​បញ្ជាក់​ថា បើ​ខ្លាំង​មាន​សមត្ថភាព​ខ្ពស់ គឺ​មិន​ខ្វះ​សង្វៀន​ឡើង​វ៉ៃ​នោះ​ទេ សំខាន់​ឱ្យ​តែ​ពេល​ដាក់​ឱ្យ​ប្រកួត គឺ​ខ្លាំង​សម​នឹង​ឈ្មោះ​ម្ចាស់​ពាន​ទៅ​បាន​ហើយ​។

លោក​ថា កីឡាករ​ម្ចាស់​ពាន​ខ្លះ មិន​ត្រឹមតែ​មិន​ជួយ​ខ្លួនឯង​នោះ​ទេ គឺ​បាន​ទាំង​ធ្វើ​ឱ្យ​ប៉ុស្ដិ៍​លេខ​៥​បាក់មុខ​នោះ​ផង​ដោយសារ​តែ​ទើប​កាន់​ពាន​ក៏​ឡើង​ប្រកួត​មិនល្អ ហើយ​ចាញ់​គូ​ប្រកួត​។ យ៉ាងណាមិញ លោក​មិន​ជឿ​ថា កីឡាករ​រូប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ុស្ដិ៍​លេខ​៥​ខកចិត្ត ហើយ​ធ្វើ​ឱ្យ​ខ្លួន​ផ្លាស់​ប្ដូរ​ក្រេ​ឌី​ត​នោះ​ឡើយ​។

កីឡាករ លាភ រ​ដ្ឋា បាន​ថ្លែង​ក្រោយ​ពេល​កាន់​ពាន​ថា លោក​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ក្រោយ​ពេល​កាន់​ពាន​ឱ្យ​អស់ពី​សមត្ថភាព ប៉ុន្តែ​លោក​បាន​សារភាព​ថា ខ្លួន​ក៏​មិន​បាន​ហ្វឹកហាត់​ជាប់លាប់​នោះ​ដែរ​មុន​ពេល​ឡើង​មក​ប្រកួត​ម្ដង​ៗ​ ដោយសារ​តែ​នៅ​បន្ទាយ​មាន​ជ័យ​លោក​ក៏​មាន​ភារៈ​ត្រូវ​រក​លុយ​បន្ថែម ហើយ​ទីតាំង​ដែល​លោក​រស់នៅ​ក៏​ឆ្ងាយ​ពី​ក្លិប​ពិបាក​ឱ្យ​លោក​ហ្វឹកហាត់​ពេញលេញ ។

លោក​សារភាព​ថា មុន​ពេល​ឡើង​មក​វាយ​នៅ​ភ្នំពេញ​ម្ដង​ៗ លោក​ត្រូវ​ខាត​ពេល​រក​លុយ​ដោយសារ​តែ​ការ​ហ្វឹកហាត់​ផង​ដែរ ទើប​លោក​មិន​ហ៊ាន​សន្យា​ថា​នឹង​ហ្វឹកហាត់​បាន​ខ្លាំង​បាន​យូរ​ប៉ុនណា​ទេ ក្នុង​ពេល​ដែល​លោក​ក៏​ត្រូវ​រក​លុយ​ក្នុង​អាជីព​ផ្សេង ហើយ​របប​ហូប​ចុក​ក៏​មិន​បាន​គ្រប់គ្រាន់ ស្របគ្នា​ដែល​វ័យ​របស់​លោក​ក៏​មិនមែន​នៅ​ម៉ឺង​បែប​ហ្នឹង​រហូត។

លោក​ទទួលស្គាល់​ថា ការ​ប្រកួត​មួយ​លើក​ៗ បើ​ទូទាត់​លាត់សើយ​បូក​រួម​ជូន​អ្នក​ឱ្យ​ទឹក​រួចរាល់ គឺ​សល់​តែ​រង្វង់​២០​ម៉ឺន​ជាង​ប៉ុណ្ណោះ ដែល​តម្លៃ​ទទួល​បាន​នេះ មិន​ស្មើនឹង​ការ​លះ​បង់​ដែល​លោក​ខំ​ធ្វើ​ដំណើរ​តាំងពី​ខេត្តបន្ទាយមានជ័យ​មក​ប្រកួត​ផ្លូវ​ឆ្ងាយ​នោះ​ផង។

លោក​ថា ជីវិត​ជា​កីឡាករ​បាន​ត្រឹម​ល្អមើល​ពេល​នៅ​លើ​រេញ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពីក្រោយ​ការ​ប្រកួត​គឺ​រូប​លោក​គ្រាន់តែ​ជា​កម្មករ​ស៊ីឈ្នួល​រក​ប្រាក់ ដូច​ជា​ការ​លី​សែង​ដើម្បី​ដូរ​ប្រាក់​​ប៉ុណ្ណោះ ។ លោក​ថា ខ្លួន​ស្រឡាញ់​ការ​ប្រដាល់ គឺ​ដោយសារ​តែ​ចង់​ល្បីឈ្មោះ និង​សំខាន់​គឺ​បាន​រក​ប្រាក់​ដែល​លោក​យល់​ថា ទោះជា​ត្រូវ​គេ​វាយ​បែក​មុខ​បែក​មាត់​ក៏​ធូរ​ជាង​​ទៅ​ធ្វើការ​នៅ​ថៃ និង​ស៊ីឈ្នួល​គេ​នា​ពេល​កន្លង​មក ។

លោក​ថា ខ្លួន​ត្រូវធ្វើ​ដំណើរ​ពី​ខេត្តបន្ទាយមានជ័យ​គ្រប់​លើក​ឱ្យ​តែ​មានការ​ប្រកួត លើក​លែង​មានការ​ផ្គូផ្គង​ឱ្យ​ប្រកួត​ជាប់​អាទិត្យ​គ្នា​ទើប​លោក​ស្នាក់​នៅ​ភ្នំពេញ ដោយ​សុំ​ផ្ទះ​បង​ប្អូន ឬ​មិត្តភក្ដិ​ស្នាក់​អាស្រ័យ គឺ​ដោយសារ​តែ​ចង់​ល្បី​នៅ​ក្នុង​ពិភព​ប្រដាល់ និង​ចង់រក​លុយ​ពី​ការងារ​នេះ​ឱ្យ​បាន​កាន់​តែ​ច្រើន​នោះ​ឯង ។

លាភ រ​ដ្ឋា រំពឹង​ថា ក្រោយ​ពេល​កាន់​ពាន​ហើយ​បាន​ឡើង​តម្លៃ​ខ្លួន ដើម្បី​ឱ្យ​លោក​អាច​មាន​កម្លាំងចិត្ត​ប្រឹង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​កាន់តែ​ល្អ ។ លោក​ថា ការ​ប្រកួត​មិន​ប្រាកដ​​ថា​ខ្លាំង និង​ល្អ​បាន​រហូត​នោះ​ទេ ព្រោះ​បរិយាកាស​ខ្លះ​ក៏​ស្ថិត​ចំ​ពេល​មានទុក្ខ ឬ​មាន​បញ្ហា ដែល​ធ្វើ​ឱ្យ​អារម្មណ៍​ប្រកួត​មិនល្អ និង​អស់​អារម្មណ៍​ហ្វឹកហាត់​ផង​ដែរ ។លោក​​ថា អ្វី​ដែល​លោក​ចង់បាន​ក្រោយ​ការ​លើក​ពាន គឺ​ការ​បាន​ឡើង​រេញ​ញឹក​ទទួល​បាន​​លុយ​ច្រើន ដើម្បី​កុំឱ្យ​លោក​ពិបាក​ដើរ​ស៊ី​ឈ្នូ​ល​គេ​បន្ថែម ហើយ​ពិបាក​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ