ទីក្រុងបាងកក ៖ ទស្សនវិស័យការនាំចេញអង្កររបស់ប្រទេសថៃសម្រាប់ឆ្នាំក្រោយនៅមានភាពរឹងមាំ ដោយមានក្រុមអ្នកនាំចេញអង្ករបានព្យករថា ការនាំចេញអាចស្មើប្រមាណ១០លានតោនក្នុងឆ្នាំ២០១៩ខាងមុខ ។
សមាគមអ្នកនាំចេញអង្ករថៃបានព្យាករណ៍ថា ប្រទេសថៃអាចនឹងនាំចេញអង្ករបាន១១លានតោននាឆ្នាំនេះ ព្រោះតែមានតម្រូវការខ្ពស់។ ចំនួនអង្ករដែលបាននាំចេញក្នុងអំឡុងពេល៩ខែកន្លងមកនេះស្មើ ៨៤%នៃគោលដៅនាំចេញប្រចាំឆ្នាំ ដែលស្មើ១១លានតោនទៅហើយសម្រាប់ឆ្នាំនេះ ។
តម្លៃនាំចេញត្រូវបានព្យាករណ៍ដែរថា ស្មើ ៥១២,៦៧ដុល្លារក្នុង១តោន ឬច្រើនជាងមុន ១៨% ។ ប្រទេសថៃត្រូវនាំចេញអង្ករជាមធ្យម ៨៦ម៉ឺនតោនក្នុងមួយខែដើម្បីអាចសម្រេចគោលដៅនាំចេញអង្ករ ១១លានតោនបាន ។
លោក Charoen Laothammatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថាទស្សនវិស័យសម្រាប់អង្ករក្រអូបថៃនៅឆ្នាំក្រោយ នឹងបន្តមានភាពរឹងមាំ បើទោះជាអង្ករក្រអូបកម្ពុជាទើបតែជាប់ជាអង្ករដែលល្អជាងគេលើពិភពលោកពិតមែនក្តី ។
លោក Charoen គិតថា តម្លៃអង្ករក្រអូបថៃនឹងមានតម្លៃប្រមាណ១ពាន់ដុល្លារក្នុង១តោននៅឆ្នាំក្រោយផងដែរ ។ កាលពី៨ខែដំបូងនាឆ្នាំនេះ ប្រទេសថៃនាំចេញអង្ករក្រអូបបានពី ៨០ម៉ឺនទៅ៩០ម៉ឺនតោន ឬទាបជាងឆ្នាំមុនដល់ទៅ២០%ព្រោះតែតម្លៃដ៏ខ្ពស់ដែលស្មើប្រមាណ១.១០០ដុល្លារក្នុង១តោន ។
ក្រសួងពាណិជ្ជកម្មថៃគិតថា ផលិតកម្មអង្ករក្រអូបថៃសម្រាប់ឆ្នាំ២០១៨ដល់២០១៩ នឹងធ្លាក់ចុះ១០% ព្រោះតែគ្រោះរាំងស្ងួតនៅប៉ែកខាងជើង និងឦសាន ៕
ចែករំលែកព័តមាននេះ