ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ការ​ជាង​២​ម៉ឺន​កន្លែង​ក្រសួង​ការងារ​អំពាវនាវ​សិស្ស​-​និស្សិត និង​អ្នក​ចង់បាន​ចូលរួម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​អ្នក​ដែល​ចង់បាន​ការងារ​ធ្វើ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា មាន​រហូត​ដល់​ប្រមាណ​២​ម៉ឺន​មុខ​ដំណែង​ផ្តល់​ដោយ​ក្រុមហ៊ុន​ចំនួន​ជាង​១៣០​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តួនាទី​ការងារ​នេះ​នឹង​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២៧ និង​២៨​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​អ្នក​ដែល​ចង់បាន​ការងារ​ធ្វើ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា មាន​រហូត​ដល់​ប្រមាណ​២​ម៉ឺន​មុខ​ដំណែង​ផ្តល់​ដោយ​ក្រុមហ៊ុន​ចំនួន​ជាង​១៣០​នៅ​ក្នុង​ប្រទេស​កម្ពុជា ។
តួនាទី​ការងារ​នេះ​នឹង​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២៧ និង​២៨​ខាង​មុខ​នេះ ។

លោក​ហៃ ហ៊ុន​ឡេ​ង មន្ដ្រីជាន់ខ្ពស់​ក្រសួង​ការងារ​បាន​អំពាវនាវ​ឲ្យ​យុវជន​សិស្ស​-​និស្សិត អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ទាំងអស់​ចូលរួម​ទស្សនា​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ដោយ​ផ្ទាល់​ជាមួយ​និយោជក​ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា​នេះ នៅ​អគារ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ​លោក​ហៃ ហ៊ុន​ឡេ​ង អនុប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ថា ក្រសួង​ការងារ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) នឹង​រៀបចំ​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ គឺ​«​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ » ដើម្បី​ផ្តល់​នូវ​ទីកន្លែង​ជួបជុំ​គ្នា ដោយ​ងាយ​ស្រួ ល​សម្រាប់​និយោជក​អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល​អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ក្នុង​ការ​ទទួល​បាន​ឱកាស​ការងារ​ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ទីផ្សារ​ការងារ ។

លោក​បន្ត​ថា សម្រាប់​ឆ្នាំ​២០១៨ នេះ​ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ​២​ម៉ឺន​មុខ​តំណែង​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន សហគ្រាស​ធំ​ៗ​ជាង​១៣០ មក​ពី​វិស័យ​សំខាន់​ៗ​ដូច​ជា ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​, ទូរគមនាគមន៍​, ការ​អប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​,​កម្សាន្ត​សាល និង​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ជាដើម​នឹង​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​ក្នុង​បញ្ជ​សរុប​ចំនួន​៣០០ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍​-​អាទិត្យ ទី​២៧ និង​២៨ ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ ។ លោក​បាន​បញ្ជាក់​ថា ក្រៅពី​ទទួល​បាន​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង អ្នកចូលរួម​នឹង​ទទួល​បាន​ព័ត៌មាន​ពី​ផែនការ តម្រូវការ និង​គោលនយោបាយ​ក្នុង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នា​ពេល​បច្ចុប្បន្ន និង​អនាគត កម្មវិធី​សិក្សា អាហារូបករណ៍​វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ គឺជា​ការ​ជំរុញ​យន្តការ​វេទិកា​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដូច​បាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​លើកកម្ពស់​វិស័យ​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ជា ពិសេស​សំដៅ​ផ្តល់​ឱកាស​ទូលំទូលាយ​ដល់​កម្លាំង​ពលកម្ម​ទាំង​មាន​ជំនាញ និង​មិន​មាន​ជំនាញ​ឲ្យ​ទទួល​បាន​ការងារ​កាន់តែ​ប្រសើរ​ចំណេញ​ពេលវេលា​កាត់​បន្ថយ​ចំណាយ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ។ លោក​បន្ថែម​ថា លើស​ពី​នេះ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ក៏​រួមចំណែក​កាត់​បន្ថយ​គម្លាត​រវាង​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ​ព្រមទាំង​បង្ក​ភាព​ងាយស្រួល​ដល់​យុវជន​ដែល​ត្រូវ​ឈាន​ចូល​ទីផ្សារ​ការងារ​ក្នុង​ការ​ទទួល​បា​ការងារ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា ឬ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​រំពឹង​ថា មាន​អ្នកចូលរួម​ទស្សនា​ជាង​៣​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​សិស្ស​-​និស្សិត​យុវជន​អ្នក​ស្វែងរក​ការងារ និង​កម្មករនិយោជិត​ពី​គ្រប់​វិស័យ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​ឱកាស​ការងារ និង​ការ​យល់​ដឹង​អំពី​ការ​បង្កើន​ផលិតភាព សូម​យុវជន សិស្ស​-​និស្សិត អ្នក​ស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ទាំងអស់ ចូលរួម​ទស្សនា និង​កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប (CV) មក​ជាមួយ ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​និយោជក ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ