ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​មហា​វេទនា​អ​ញ្ចឹ​ង ឱ្យ​ប្រជា​កសិករ​ធ្វើ​ដំណើរ​យ៉ាង​មិច​ទៅ? (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រដូវ​ទឹកសម្រក់​គឺជា​រដូវ​ប្រជា​កសិករ​ចាប់ផ្តើម​បង្កបង្កើន​ផល​ស្រែ​ចំការ​សាបព្រោះ​​ដើម្បី​ចិញ្ចឹមជីវិត ដោយឡែក​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក កៀន​ស្វាយ ខេត្តកណ្តាល កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវពូជ​យក​ទៅ​សាបព្រោះ ដោយសារ​តែ​បុគ្គល​ម្នាក់​បាន​លើក​ទំនប់​បិទ​ជិត​ប្រព័ន្ធ​រំដោះ​ទឹក​ពីមុខ​ស្ពាន​ជប៉ុន​បណ្តាល​ឲ្យ​ទឹក​ចាល​ហូរ​មក​កាត់​ផ្លូវលំ​ច្រុះ​ដាច់​3​កន្លែង​មិនឃើញ​មាន​អាជ្ញាធរ​ណាមួយ​ចុះ​មក​ដោះស្រាយ​ជូន​ពួក​គាត់​សោះ…

ខេត្តកណ្តាល ៖ រដូវ​ទឹកសម្រក់​គឺជា​រដូវ​ប្រជា​កសិករ​ចាប់ផ្តើម​បង្កបង្កើន​ផល​ស្រែ​ចំការ​សាបព្រោះ​​ដើម្បី​ចិញ្ចឹមជីវិត ដោយឡែក​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក កៀន​ស្វាយ ខេត្តកណ្តាល កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​ស្រូវពូជ​យក​ទៅ​សាបព្រោះ ដោយសារ​តែ​បុគ្គល​ម្នាក់​បាន​លើក​ទំនប់​បិទ​ជិត​ប្រព័ន្ធ​រំដោះ​ទឹក​ពីមុខ​ស្ពាន​ជប៉ុន​បណ្តាល​ឲ្យ​ទឹក​ចាល​ហូរ​មក​កាត់​ផ្លូវលំ​ច្រុះ​ដាច់​3​កន្លែង​មិនឃើញ​មាន​អាជ្ញាធរ​ណាមួយ​ចុះ​មក​ដោះស្រាយ​ជូន​ពួក​គាត់​សោះ ។

ប្រជា​កសិករ​បាន​លើក​ឡើង​ថា ផ្លូវលំ​មួយ​ខ្សែ​នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ពួក​គាត់​ក្នុង​ការ​ដឹក​ជញ្ជូន​ខែ​ទឹក​ស្រក់​ទៅ​សាបព្រោះ ដល់​ខែ​ប្រមូល​ផល​ស្រូវ​ដឹក​កសិផល​ឡើង​មក​ផ្ទះ ។ ជា​យូរ​ឆ្នាំ​មក​ហើយ​មិន​ដែល​រង​ការ​ខូចខាត​ទេ ទើបតែ​ឆ្នាំ​នេះ​មាន​បុគ្គល​ម្នាក់​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ ដែល​ជា​អ្នកមាន​លុយ​មាន​អំណាច​នៅ​រាជធានី​ភ្នំពេញ​បាន​មក​អះអាង​ថា ដី​ត្រង់​ចំណុច​មុខ​ស្ពាន​គឺជា​ដី​កម្មសិទ្ធិ​របស់​គេ​ទិញ​ពី​ប្រជាពលរដ្ឋ​តាំងពី​មុន​ស្ពាន​មិន​ទាន់​មាន ។ ហើយ​បាន​លើក​ទំនប់​បិត​ជិត​ផ្លូវ​រំដោះ​ទឹក​ចំ​ពីមុខ​ស្ពាន​ជប៉ុន​នេះ​ទើប​បណ្តាល​ឲ្យ​ទឹក​ចាល​ហូរ​កាត់ម​កលើ​ផ្លូវ​ច្រុះ​ដាច់​ជ្រៅ​ៗ2​ទៅ​3​កន្លែង​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​បែប​នេះ ។

ប្រជា​កសិករ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កាលពី​ឆ្នាំ​2000​ជា​ឆ្នាំ​ដែល​ទឹកធំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​កម្លាំង​ទ័ព​មក​កាយ​ផ្តាច់​ថ្នល់ជាតិ​លេខ​1​ត្រង់​ចំណុច​នេះ​បើកផ្លូវ​រំដោះ​ទឹកជំនន់​ទន្លេមេគង្គ​ឲ្យ​ហូរ​ចេញ​ទៅ​បឹង ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាជន ជា​ពិសេស​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​លិច​ទីក្រុង​ភ្នំពេញ ។

បន្ទាប់​ពី​សម្តេច​បាន​ធ្វើការ​អភិវឌ្ឍន៍​ពង្រីក​ផ្លូវជាតិ​លេខ​1 និង​បាន​ធ្វើ​ស្ពាន​បើកផ្លូវ​ទឹក​នៅ​ចំណុច​នេះ​ព្រមទាំង​បាន​ដោះស្រាយ​គោលនយោបាយ​ពី​ផល​ប៉ះពាល់​ដី​រួចរាល់​ចប់​សព្វគ្រប់​អស់ហើយ ស្រាប់តែ​ឥឡូវ​បែរជា​បុគ្គល​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ នេះ​នៅ​តែ​មក​អះអាង​ថា គឺជា​ដី​របស់​គេ​ទៀត ។

ចំពោះ​បញ្ហា​នេះ​កន្លង​មក​ពួក​គាត់​ធ្លាប់​បាន​ធ្វើការ​តវ៉ា​មួយ​លើក​ជា​ពីរ​លើក​រហូត​ដល់​អាជ្ញាធរ​ស្រុក​ចុះ​មក​ពិនិត្យ និង​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ នេះ​ត្រូវ​ដាក់​លូ​ឲ្យ​ធំ​ៗ​ត្រង់​ចំណុច​ផ្លូវ​ខាងត្បូង និង​ខាងជើង​ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​ហូរ​កាត់​ផ្លូវ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​ទៅ​មក​ព្រមទាំង​ឲ្យ​កាយ​បើកផ្លូវ​ទឹក​ខាង​មុខ​ស្ពាន​ឲ្យ​ធំ​ដើម្បី​ឲ្យ​ទូក​អ្នកនេសាទ​បាន​ចេញចូល​ផង ។

ប៉ុន្តែ​បុគ្គល​ម្នាក់​នេះ​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នោះ​ទេ​គឺ​លើក​ទំនប់​បិទ​ជិត​សូ​ម្បី​តែ​លូ​មួយ​កង់​ក៏​មិន​ដាក់​ដែរ ឥឡូវ​ដាច់​ផ្លូវ​អស់​តើ​អ្នក​ណា​ទទួលខុសត្រូវ ។ មិនតែប៉ុណ្ណោះ​មិនបាច់​ថា មនុស្ស​ដើរ​ឆ្លងកាត់​នោះ​ទេ សម្បី​តែ​សត្វ​គោក្របី​របស់​ប្រជាពលរដ្ឋ​ដើរ​កាត់​ប៉ះពាល់​ខូចខាត​ឥ​វ៉ា​ន់​គេ​បន្តិចបន្តួច​ក៏​គេ​ចាប់​យក​លុយ​ចាប់ពី​10​ម៉ឺន​រៀល​ទៅ​15​ម៉ឺន​រៀល​ទៀត​ផង ។

ពាក់ព័ន្ធ​បញ្ហា​នេះ​បើ​តាម​លោក សុខ ពិ​សិ​ដ្ធ អភិបាលរង​ស្រុក​កៀនស្វាយ​ក៏​ធ្លាប់​បាន​ប្រាប់​ភ្នាក់ងារ​យើង​អោយ​ដឹង​កាលពី​ពេល​ចុះ​មក​ដោះស្រាយ​កន្លង​មក​ថា ដី​នេះ​គឺ​ឈ្មោះ ស៊ិ​ន ចាន់​ណា​រី ហៅ​ឡាក់ បាន​មាន​ឯកសារ​ទិញ​លក់​ពី​ពលរដ្ឋ​តាំងពី​មិន​ទាន់​អភិវឌ្ឍន៍​ស្ពាន​ពិតប្រាកដ​មែន ។

ប៉ុន្តែ​រឿង​សំណង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​បែប​ណា​នោះ​លោក​មិន​បានដឹង​ទេ​ព្រោះ​គាត់​ទើបតែ​ឡើង​កាន់​តំណែង​ជា​អភិបាលរង​ស្រុក​ក្រោយ​នេះ​ទេ ។ ហើយ​បើ​តាម​លោក​ដឹង​ដំណោះស្រាយ​គោលនយោបាយ​នេះ​ប្រហែល​តាំងពី​ជំនាន់​លោក ឃឹម បូរ គាត់​ធ្វើ​ជា​អភិបាល​ខេត្តកណ្តាល​មក​ម្លេះ តែ​ឥឡូវ​គាត់​ស្លាប់​បាត់​ហើយ ។

រីឯ​លោក ជុន ប៉េង​ឡុ​ង ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​ក៏​ធ្លាប់​បាន​ប្រាប់​អោយ​ដឹង​នា​ពេល​កន្លង​មក​ដែរ​ថា ពាក់ព័ន្ធ​រឿង​នេះ​លោក​បាន​ឲ្យ​ស្រុក​គេ​ចុះ​ធ្វើ​ហើយ ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នៅ​តែ​ដដែល ហើយ​បុគ្គល​ម្នាក់​នោះ​ថែម​ទាំង​សាងសង់​សំណង់​រឹង​ផ្ទះថ្ម​មួយ​ល្វែង​នៅ​ជាប់​គល់​ស្ពាន​ទៀត​ផង​។

ទោះ​យ៉ាងណា​ប្រជា​កសិករ​សូម​សំណូមពរ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​មេត្តា​ជួយ​ជួសជុល​ផ្លូវ​ឲ្យ​ពួក​គាត់​បាន​ដូច​ដើម​វិញ​ផង​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិផល​ព្រោះ​មុខរបរ​របស់​ពួក​គាត់​មាន​តែ​ធ្វើស្រែ​ចំការ​បន្តិចបន្តួច​នេះ​ទេ គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​កូន​បាន​រៀនសូត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ