សព្វសត្វសុទ្ធតែរស់នៅក្នុងកាមតណ្ហា មានចិត្តជាកុសលខ្លះ អកុសលខ្លះ ប្រាកដជានឹងគេចមិនផុតពីការមានចិត្តទោសៈ លោភៈ មោហៈ ការភ្លាំងភ្លាត់ ការភ្លើតភ្លើន អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច។ ព្រោះហេតុនោះការរស់នៅក្នុងសមាគមមនុស្សគប្បីមានការផ្តល់អភ័យទើបបានសុខជានឹងគ្នា ។
ព្រោះហេតុនោះជនជាបណ្ឌិតលោកពោលថា ការឲ្យអភ័យដល់អ្នកដទៃគឺជាការបង្ហញនូវអំពើល្អ លើកតម្លៃជីវិតឱ្យកាន់តែខ្ពស់ឡើង និងបានជាទីស្រឡាញ់រាប់អានពីក្នុងរង្វង់ចំណោមមហាជន ព្រោះមានមនុស្សមិនតិចទេដែលមានចំណុចខ្វះខាតចៀសមិនរួចឡើយ ។
បើបុគ្គលតាំងចិត្តសេពគប់ជាមួយក្រុមមនុស្ស ក្រុមការងារហើយនោះ យើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីនឹងឲ្យអភ័យដល់អ្នកទាំងនោះ បើមិនដូច្នោះទេ អ្នកមិនអាចរាប់រកជាមួយពួកគេបានឡើយ នឹងទៅជាមនុស្សឯកោ។
បុគ្គលខ្លះមានកំហុសតែបន្តិចបន្តួចប៉ុណ្ណោះ តែបើយើងមិនបើកបេះដូងឱ្យអភ័យដល់គ្នាទេ ចេះតែប្រកាន់ ចាប់ទោសអូសដំណើរនឹងធ្វើឱ្យរឿងនោះកាន់តែរីកធំរហូតមើលមុខគ្នាលែងត្រង់ បាត់បង់ការរាប់អានគ្នា និងបាត់បង់កម្លាំងសាមគ្គីជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ