ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ដង​ពេក​ហើយ ដល់​ថ្នាក់​ដាក់​រហ័ស្ស​នាម​ហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ដែល​អ្នក​ភូមិ​ផ្ដល់​រហ័ស្ស​នាម​ថា​ជា «​ចោរ​សកម្ម​ប្រចាំ​ភូមិ​» ត្រូវ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ចម្ការ​ព័ទ្ធ​ចាប់ខ្លួន​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​(​ផ្លែស្វាយ​)​ផង ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ ខណៈ​ជន​នេះ​កំពុង​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​អ្នក​ភូមិ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ តុលា​នេះ…

ខេត្តបាត់ដំបង ៖ យុវជន​ម្នាក់​ដែល​អ្នក​ភូមិ​ផ្ដល់​រហ័ស្ស​នាម​ថា​ជា «​ចោរ​សកម្ម​ប្រចាំ​ភូមិ​» ត្រូវ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ចម្ការ​ព័ទ្ធ​ចាប់ខ្លួន​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​(​ផ្លែស្វាយ​)​ផង ប្រគល់​ឲ្យ​កងរាជអាវុធហត្ថ ខណៈ​ជន​នេះ​កំពុង​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​អ្នក​ភូមិ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ តុលា​នេះ នៅ​ចំណុច​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើរ​ទាល ស្រុក​បាណ​ន់ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា ជនសង្ស័យ​ឈ្មោះ វង់ វិសាល ហៅ​ឈុ​យ អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ជន​នេះ​ត្រូវ​ប្រជាពលរដ្ឋ​តាម​ចាប់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង កងរាជអាវុធហត្ថ ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​ក្នុង​ចម្ការ​របស់​អ្នក​ភូមិ​ចំនួន​៣​កន្លែង ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ម្ចាស់​ចម្ការ​មាន ១- ឈ្មោះ​ផា​ន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ២-​ឈ្មោះ​ណុ​ប ហ៊ីង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​៣- ឈ្មោះ​ទូ​ន វី​រៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ ម្ចាស់​ចម្ការ​ដកហូត​បាន​នូវ​វត្ថុ​តាង​«​ផ្លែស្វាយ​»​បាន​មួយ​ចំនួន​ផង ។

បើ​តាម​ម្ចាស់​ចម្ការ​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ​វង់ វិសាល ហៅ​ឈុ​យ នេះ ធ្លាប់​ធ្វើ​សកម្មភាព​លួច​បេះ​ផ្លែស្វាយ​តាម​ចម្ការ​អ្នក​ភូមិ​ច្រើន​លើក​ហើយ តែ​ម្ចាស់​ចម្ការ​មិន​ដែល​យកទោស​អូស​ដំណើរ​ទេ គ្រាន់តែ​ធ្វើការ​ណែនាំ​ឲ្យ​ជន​នេះ​ឈប់​លួច​តែ​ប៉ុណ្ណោះ តែ​ជន​នេះ​មិន​ស្ដាប់ ឬ​រាងចាល​ឡើយ លុះ​ធ្វើ​សកម្មភាព លើក​ចុង​ក្រោយ​នេះ ក៏​ត្រូវ​ម្ចាស់​ចម្ការ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។

អ្នក​ភូមិ​បាន​ប្រាប់​ថា អ្នក​ភូមិ​បានដឹង និង​ស្គាល់​ប្រវត្តិ​យ៉ាង​ច្បាស់​អំពី​សកម្មភាព​ជន​នេះ ដែល​តែង​ដើរ​លួច​ខ្ទេច លួច​ខ្ទី​ស្ទើរ​គ្រប់​ទីកន្លែង រហូត​អ្នក​ភូមិ​ខ្លះ​ផ្ដល់​រហ័ស្ស​នាម​ឲ្យ​ជន​នេះ​ថា ជា «​ចោរ​សកម្ម​ប្រចាំ​ភូមិ​»​។
ម្ចាស់​ចម្ការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​នេះ​គេ​បានឃើញ​ជន​នេះ​កំពុង​លួច​បេះ​ស្វាយ​នៅ​ក្នុង​ចម្ការ​ចំនួន​៣​ម្ចាស់ ទើប​ម្ចាស់​ចម្ការ​តាម​ក្របួច​បាន​ទាំង​មនុស្ស​ទាំង​ផ្លែស្វាយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​ទៅ ។ ប៉ុន្តែ​យ៉ាងនេះ​ក្ដី​បើ​តាម​ចម្លើយ​បឋម​ដែល​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ឈ្មោះ​ឈុ​យ បាន​បដិសេធ​ថា ខ្លួន​មិន​ដែល​ធ្វើ​សកម្មភាព​លួច​ជា​ប្រចាំ​ដូច​ការ​ចោទប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ តែ​បាន​សារភាព​ទទួលស្គាល់​កំហុស​នៅ​ចំពោះ​មុខ​ម្ចាស់​ចម្ការ និង​សមត្ថកិច្ច​អំពី​បទល្មើស​«​លួច​បេះ​ផ្លែស្វាយ​» ។

ជុំវិញ​ការ​ឃាត់ខ្លួន​«​ចោរ​សកម្ម​ប្រចាំ​ភូមិ​» លួច​បេះ​ស្វាយ​ខាងលើ​នេះ​មានការ​លេចឮ​នូវ​មតិ​គាំទ្រ​ផង រិះគន់​ផង ។ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ស្គាល់​ប្រវត្តិ​លោក​«​ចោរ​ប្រចាំ​ភូមិ​»​ខាងលើ​នេះ​បាន​និយាយ​ថា បើ​តាម​ពិនិត្យ​លើ​ការ​បទល្មើស​ដែល​ជន​នេះ​ប្រព្រឹត្ត​ហាក់​មិនធំ​ដុំ​ទេ បើ​ប្រៀបធៀប​នឹង​ពួក​ចោរលួច ចោរប្លន់​ដទៃ​ទៀត ដែល​បាន​កើតឡើង​កន្លង​មក ។ ប៉ុន្តែ​ជន​ឈ្មោះ​ឈុ​យ នេះ​បាន​ធ្វើ​សកម្មភាព​«​លួច​» ជា​ប្រចាំ​តែ​ម្ដង​មិន​ថា យប់​ឬ​ថ្ងៃ​ទេ ឲ្យ​តែ​មាន​ឪ​កាស ដែល​បាន​បង្កក្ដី​បារម្ភ និង​អសន្តិសុខ​ខ្លាំង​ណាស់ ដល់​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។ ដូច្នេះ​សមត្ថកិច្ច​គួរតែ​ចាប់​ជន​នេះ​ដាក់គុក​ម្ដង​ហើយ ដើម្បី​ឲ្យ​ស្ងប់ស្ងាត់​ខ្លះ ។ ជាមួយនឹង​ការ​ចាប់​«​ចោរ​សកម្ម​ប្រចាំ​ភូមិ​»​លួច​ផ្លែស្វាយ​ខាងលើ​នេះ មហាជន​ក៏​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន គួរ​បង្កើន​ការ​យកចិត្តទុកដាក់ ចំពោះ​មុខសញ្ញា​ក្រុម​ចោរហារយ​ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរ​គ្រប់​ទីកន្លែង នា​បច្ចុប្បន្ន​នេះ​ផង​ដែរ ។

តាម​ការ​កត់សម្គាល់​បទល្មើស​ដែល​កំពុង​បង្កក្ដី​បារម្ភ​ខ្លាំង​នា​សព្វ​ថ្ងៃនេះ​មាន​ដូច​ជា «​ចោរ​គាស់​ផ្ទះ ចោរ​កាច់​សោ​លួច​ម៉ូតូ ចោរឆក់ និង​បទល្មើស​គ្រឿងញៀន​» ដែល​បទល្មើស​ទាំងនេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលនយោបាយ​«​ភូមិ​ឃុំ​មាន​សុវត្ថិភាព​»​ដែល​ជា​គោលនយោបាយ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល ។ ទោះជា​យ៉ាងណា ជុំវិញ​សំណុំរឿង​លោក​«​ចោរ​សកម្ម​ប្រចាំ​ភូមិ​» លួច​បេះ​ស្ចា​យ ដែល​ម្ចាស់​ចម្ការ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខាងលើ​នេះ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​វង់ វិសាល ហៅ​ឈុ​យ និង​វត្ថុ​តាង​ផ្លែស្វាយ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាណ​ន់​ហើយ ដែល​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ប៉ុន្តែ​យ៉ាងណា​សមត្ថកិច្ច​គួរតែ​ប្រឹងប្រែង​ស្វែងរក​បំបែកសំណុំរឿង​ក្រុម​ចោរ​ទុច្ចរិត ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធំដុំ​កន្លង​មក ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​រិះគន់​ពី​មហាជន​ថា «​ចាប់​បាន​តែ​លួច​បេះ​ស្វាយ​កំប៉ិកកំប៉ុក រីឯ​ក្រុម​ចោរលួច​ចោរប្លន់ ឬ​ក្រុម​ជួញដូរ​គ្រឿងញៀន​ធំដុំ​បង្ក្រាប​មិន​បាន ហើយ​រឹតតែ​ដើរ​ធ្វើ​សកម្មភាព​តាម​ទំនើងចិត្ត​គ្រប់​ទីកន្លែង​ផ្គើន​សមត្ថកិច្ច​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ