ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មិនធម្មតា​! គ្រួសារ​ត្រកូល​ប្រាក់​… ជា​អ្នកកីឡា​ស្ទើរតែ​ទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​កីឡា​គេ​កត់​សម្គាល់ថា គ្រួសារ​ត្រកូល​ប្រាក់​បាន​ចាប់​​យក​អាជីព​ជា​អ្នកកីឡា​ស្ទើរតែ​ទាំងអស់​និយាយ​ជា​រួម និយាយ​ដោយឡែក​នៅ​ក្នុង​វិស័យ កីឡាបាល់ទាត់​ជាតិ គ្រួសារ​ត្រកូល​ប្រាក់​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​គ្រួសារ​ដែល​មាន​​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​បំផុត​មួយ​ជា​ពិសេស​កីឡាករ​ឆ្នើម​ប្រាក់ មុន្នី​ឧត្ដម និង​គ្រូបង្វឹក​កម្រិត…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​កីឡា​គេ​កត់​សម្គាល់ថា គ្រួសារ​ត្រកូល​ប្រាក់​បាន​ចាប់​​យក​អាជីព​ជា​អ្នកកីឡា​ស្ទើរតែ​ទាំងអស់​និយាយ​ជា​រួម និយាយ​ដោយឡែក​នៅ​ក្នុង​វិស័យ
កីឡាបាល់ទាត់​ជាតិ គ្រួសារ​ត្រកូល​ប្រាក់​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​គ្រួសារ​ដែល​មាន​​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​បំផុត​មួយ​ជា​ពិសេស​កីឡាករ​ឆ្នើម​ប្រាក់ មុន្នី​ឧត្ដម និង​គ្រូបង្វឹក​កម្រិត Pro-License ប្រាក់ សុ​វ​ណ្ណា​រ៉ា ដែល​មាន​ស្នាដៃ​រាប់​មិន​អស់​នៅ​ក្នុង​វិស័យ​កីឡា​មួយ​នេះ ។

ក្រៅពីនេះ​នៅ​មាន​លោកគ្រូ ប្រាក់ វុ​ទ្ធី​, ប្រាក់ សុ​មុន្នី​, លោក ងួ​ន ច័ន្ទ​សុធា ជា​កូនបង្កើត និង​កីឡាករ​ សាយ ពិសិដ្ឋ ជា​កូនប្រសា​អ្នកស្រី ប្រាក់ សម្ផស្ស ព្រមទាំង​កីឡាករ ប្រាក់ មុន្នី​ភី​រុណ ប្អូនបង្កើត​របស់ ប្រាក់ មុន្នី​ឧត្ដម ជាដើម​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា ដែល​បច្ចុប្បន្ន​ជា​នាយក​បណ្ដុះបណ្ដាល​បច្ចេក​ទេស​នៅ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបរាប់​ពី​ប្រវត្តិ និង​កត្តា​ជំរុញ​ឱ្យ​គ្រួសារ​ត្រកូល​ប្រាក់​ចាប់​យក​អាជីព​ជា​អ្នក​កីឡា​រហូត​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​ដល់​សព្វថ្ងៃ​ថា តាម​ពិត​ឪពុក​ម្ដាយ​របស់​លោក​មិនមែន​ជា​អ្នកលេង​កីឡា​នោះ​ទេ ។

ឪពុក​របស់​លោក​គ្រាន់តែ​ជា​អ្នកបម្រើ​ការងារ​ជា​ជាងភ្លើង​១​រូប​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ប៉ុណ្ណោះ ។ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​ជាក់ស្ដែង គ្រួសារ​លោក​រស់នៅ​ក្នុង​ចំណោម​ជាមួយ​អ្នកកីឡា​ស្រាប់ ធ្វើ​ឱ្យ​គ្រួសារ​លោក​ទាំងមូល​ចាប់​យក​អាជីព​ជា​អ្នក​កីឡា​ស្ទើរ​តែ​ទាំងអស់ ។ លោក​បាន​បងប្អូន​សរុប​ទាំងអស់​៩​នាក់ (​ស្លាប់​២​នាក់​) ក្នុង​ចំណោម​អ្នក​នៅរស់​ទាំង​៧​នាក់​មាន​តែ​ប្អូនស្រី​២​នាក់​ប៉ុណ្ណោះ​មិន​លេង​កីឡា ។

បងស្រី​លោក​បង្អស់​គឺ​លោកស្រី ប្រាក់ សម្ផស្ស ជា​អតីត​កីឡាការិនី​បាល់ទះ​ជម្រើស​ជាតិ​ក្នុង​ទស​វត្ស​ទី​៨០ ហើយ​បច្ចុប្បន្ន​ជា​ពិធី​ការិនី​ផង និង​ជា​អគ្គលេខាធិការ​របស់​សហ​ព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ផង ។ អ្នកស្រី ប្រាក់ ស​ម្ផ័​ស្ស មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​កូនប្រុស​បង​ជា​កីឡាករ​បាល់ទាត់​ឈ្មោះ​ងួ​ន ច័ន្ទ​សុធា កូន​ទី​២​ជា​កូនស្រី​ឈ្មោះ ងួ​ន ច័ន្ទ​បូរ​មី ជា​អតីត​កីឡាការិនី​សីដក់ និង​ឈិ​ន​ឡូ​ន សព្វ​ថ្ងៃជា​ពិធី​ការិនី​ត្រៀម​ស្នង​តំណែង​អ្នកស្រី និង​កូនស្រី​ពៅ​ឈ្មោះ ងួ​ន ដូ ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ទាញព្រ័ត្រ ។

លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា បាន​រៀបរាប់​បន្ត​ថា បង​លោក​បន្ទាប់​គឺ​លោក ប្រាក់ សុខ​មុន្នី ជា​ឪពុក​កីឡាករ​បាល់ទាត់​ឆ្នើម ប្រាក់ មុន្នី​ឧត្តម​ដែល​ពី​មុន​ក៏​ជា​កីឡាបាល់ទាត់​មួយ​រូប​ដែរ។

បន្ទាប់​មក​គឺ​លោក ប្រាក់ វុ​ទ្ធី ជា​គ្រូបង្ហាត់​បាល់ទាត់​នៅ​ក្លិប​អគ្គិសនី​សព្វថ្ងៃ និង​បងស្រី​ប្រាក់ ចិន្ដា រស់នៅ​ប្រទេស​អូស្ត្រាលី​សព្វថ្ងៃ ក៏​ជា​កីឡាការិនី​បាល់ទះ​ជម្រើសជាតិ​មួយ​រូប​ដែរ​និង​រូប​លោក​(​ប្រាក់ សុ​វ​ណ្ណា​រ៉ា​)​ក៏​ជា​អតីត​កីឡាករ​បាល់ទាត់​មួយ​រូប​ដែរ​ដោយ​លោក​​លេង​កីឡា​មួយ​នេះ​តាំងពី​រៀន​នៅ​ថ្នាក់​បឋម​ម៉្លេះ​។

សព្វថ្ងៃ​លោក​ជា​គ្រូឧទ្ទេស​ប្រចាំ​តំបន់​អាស៊ី​របស់​ស្ថាប័ន​បាល់ទាត់​AFC និង​FIFA ដោយ​លោក​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​តាំងពី​ឆ្នាំ​២០០៥​មក​ម្លេ​៉ះ​គឺជា​គ្រូ​កម្រិត​(​គ​)​។

មិនតែប៉ុណ្ណោះ លោក​ធ្លាប់​បើក​វគ្គ​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស​បាល់ទាត់​បាន​ជាង​៣០​វគ្គ​រួច​មក​ហើយ ហើយ​លោក​បានការ​ទទួលស្គាល់​ពី​សហព័ន្ធ​បាល់ទាត់​អន្តរ​ជាតិ​​ជា​គ្រូឧទ្ទេស​កម្រិត (​ខ​)​នៅ​ក្នុង​ឆ្នាំ​២០១៥​ដែល​ជា​ឆ្នាំ​លោក​ចូល​បម្រើ​ការងារ​នៅ​ក្នុង​សហ​ព​ន្ធ័​កីឡាបាល់ទាត់​ពេញ​សិទ្ធិ​និង​មាន​តួនាទី​ជា​នាយក​បណ្ដុះបណ្ដាល​បច្ចេកទេស​រហូត​ដល់​បច្ចុប្បន្ន​។

លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា បាន​រៀប​ការ​ប្រពន្ធ​តាំងពី​ឆ្នាំ​១៩៩៥​មក​ម៉្លេះ រហូត​មក​ទល់​ពេល​នេះ​លោក​មានកូន​ប្រុស​២​ស្រី​២​នាក់​ជា​ចំណងដៃ ។ ក្នុង​ចំណោម​កូន​ទាំង​៤​នាក់​មាន​តែ​កូនប្រុស​២​នាក់​ប៉ុណ្ណោះ​ដែល​ជា​កីឡាករ​បាល់ទាត់ ។ ក្នុង​នោះ​កូនប្រុស​ទី​២​របស់​លោក ឈ្មោះ​ប្រាក់ សុវណ្ណ​ពិសិដ្ឋ ពី​មុន​លេង​ឱ្យ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ប៉ុន្តែ​ពេល​នេះ​ឮ​ថា​បាន​ដូរ​ក្លិប​ទៀត​ហើយ​ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា​លេង​ឱ្យ​ក្លិប​ណា​នោះ​ទេ ។

ចំណែក​កូនប្រុស​ច្បង​ក៏​លេង​កីឡាបាល់ទាត់​ដែរ​គ្រាន់តែ​លេង​ដើម្បី​ឆ្ងាញ់​បាយ​ប៉ុណ្ណោះ ប៉ុន្តែ​ផ្នត់គំនិត​របស់​គេ​ចង់​ធ្វើការ​នៅ​ក្នុង​វិស័យ​បាល់ទាត់​ដែរ​គ្រាន់តែ​លោក​មិន​ទាន់​ឱ្យ​ធ្វើ​ព្រោះ​នៅ​ជាប់​រៀន​ខាង​ផ្នែក​IT​។

លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា បាន​បញ្ជាក់​ជាចុង​ក្រោយ​ថា តាម​ពិត​ទៅ​កត្តា​សំខាន់​ដែល​ជំរុញ​ឱ្យ​គ្រួសារ​លោក​ភាគច្រើន​ជ្រៀតចូល​ក្នុង​ពិភព​កីឡា​គឺ​ដោយសារ​ផ្អែក​ទៅ​លើ​បរិយា​កាស ច្រើន​ជាង ។ លោក​ថា ជា​ធម្មតា​ទេ​បើកាលណា​យើង​នៅ​កៀក​អ្វីមួយ​ហើយ​ច្បាស់​​ជា​ទទួល​ឥទ្ធិពល​ពី​វា​បើ​មិន​តិច​ក៏​ច្រើន​ដែរ ។

ជាក់ស្ដែង​គ្រួសារ​លោក​រស់នៅ​ក្បែរ​វត្ត​មហាមន្ត្រី​កៀក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ឪពុក​លោក​ជា​ជាងភ្លើង​ប្រចាំ​ទីនោះ​ទៀត​ផង ក៏​ចេះ​តែ​អូស​ទាញ​កូន​ៗ​ឱ្យ​ចូល​លេង​កីឡា​ចាប់ពី​ពេល​នោះ​មក ។ ឥឡូវនេះ គ្រួសារ​ត្រកូល​ប្រាក់​បាន​ផ្ដួចផ្ដើម​គំនិត​បើក​ថ្នាល​បណ្ដុះបណ្ដាល​យុវជន​ឈ្មោះ​ថា Prak Football Academy ដើម្បី​រួម​ចំណែក​ក្នុង​ការ​បង្កើន​ធនធាន​និង​គុណភាព​បាល់ទាត់​កម្ពុ​ជានា​ពេល​អនាគត ។

ក្នុង​ជំហាន​ដំបូង Prak Football Academy បើក​បង្ហាត់​បាល់ទាត់​ដល់​ក្មេង​ៗ​រៀងរាល់ថ្ងៃ​អាទិត្យ ពី​ម៉ោង​៨​ដល់​១០​ព្រឹក នៅ​ទីលាន​បាល់ទាត់ Village Football Pitch តាម​បណ្ដោយ​​ផ្លូវ​៦០​ម៉ែត្រ ។ អ្នក​ចូល​ហ្វឹកហាត់​គ្រាន់តែ​រួមចំណែក​បន្តិចបន្តួច​ក្នុង​ការ​ជួយ​ចេញ​ថ្លៃ​ជួល​ទីលាន​និង​ថ្លៃ​ទឹក ព្រោះ​បច្ចុប្បន្ន​មិន​ទាន់​មាន​អ្នក​ឧបត្ថម្ភ​ដំណើរការ​នេះ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ