ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMA​ជំរុញ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​កម្ចី​លើ​វិស័យ​កសិកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ បរិមាណ​អ្នក​ស្វែងរក​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​នានា​ទូ​ទាំង​ប្រទេស​កំពុង​ធ្លាក់​ចុះ ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​កម្ពុជា ក៏​មាន​និន្នាការ​ធ្លាក់​ចុះ​ដែរ ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូ​ទាំង​ប្រទេស ត្រូវ​ជំរុញ​ការ​ផ្ដល់​កម្ចី​ដល់​កសិករ​ឲ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​ពង្រីក​វិសាលភាព​វិស័យ​កសិកម្ម​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​(CMA) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ បរិមាណ​អ្នក​ស្វែងរក​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​នានា​ទូ​ទាំង​ប្រទេស​កំពុង​ធ្លាក់​ចុះ ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​កម្ពុជា ក៏​មាន​និន្នាការ​ធ្លាក់​ចុះ​ដែរ ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូ​ទាំង​ប្រទេស ត្រូវ​ជំរុញ​ការ​ផ្ដល់​កម្ចី​ដល់​កសិករ​ឲ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​ពង្រីក​វិសាលភាព​វិស័យ​កសិកម្ម​បន្ថែម​ទៀត ។

លោក គា បូរាណ ប្រធាន​សមាគម​រូប​នេះ​បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ចី​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ តែ​ជំនួស​មក​វិញ​ដោយ​កម្ចី​លើ​វិស័យ​ផ្សេង ដូច​ជា​កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ និង​កម្ចី​សម្រាប់​ប្រើប្រាស់​តាម​គេហដ្ឋាន​ជាដើម ។ យ៉ាងនេះ​ក្ដី លោក​បន្ដ​ថា ៖« បើ​ទោះជា​កម្ចី​ក្នុង​វិស័យ​កសិកម្ម​ធ្លាក់​ចុះ តែ​មិនមែន​មាន​ន័យ​ទឹកប្រាក់​កម្ចី​ធ្លាក់​នោះ​ទេ គឺ​ចំនួន​អ្នក​មក​ខ្ចីប្រាក់​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ធ្លាក់​ចុះ ប៉ុន្តែ​ទំហំ​ទឹកប្រាក់​ក្នុង​វិស័យ​នេះ នៅ​ដដែល មិន​បាន​ធ្លាក់​ចុះ​ទេ »​។
លោក​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​កម្ចី​ក្នុង​វិស័យ​កសិកម្ម​កើនឡើង​វិញ បណ្ដា​មីក្រូហិរញ្ញវត្ថុ​នានា ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ណា​ដែល​ធ្វើការ​ជាមួយ​កសិករ ។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ មាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​មួយ​ចំនួន​សហការ​ជាមួយ​ស្ថាប័ន​អា​ហ្គ្រី​បា​ឌី ដែល​ជា​ស្ថាប័ន​ជួយ​ជ្រោមជ្រែង​កសិករ ឲ្យ​បង្កើន​ការ​ផលិត​ផលិតផល​កសិកម្ម តាំងពី​ការ​ផ្គត់ផ្គង់​ពូជ បច្ចេកទេស រហូត​ដល់​ធានា​ទីផ្សារ​ជូន​ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖« ការ​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​មួយ​នេះ គឺជា​ការ​ឱកាស​មួយ​ក្នុង​ការ​ជំរុញ​កំណើន​ប្រាក់​កម្ចី​ក្នុង​វិស័យ​កសិកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ព្រោះ​នៅ​ពេល​ពលរដ្ឋ​យល់​ដឹង​ពី​របៀប​ធ្វើ​កសិកម្ម​កាន់តែ​ច្រើន ហើយ​មិន​មាន​ទុន​សម្រាប់​ចាប់ផ្ដើម ឬ​ពង្រីក នោះ​គឺជា​ឱកាស​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្ដល់​កម្ចី​ជូន​កសិករ » ។ លោក​បន្ថែម​ថា ការ​ផ្ដល់​កម្ចី​ក្នុង​វិស័យ​កសិកម្ម មាន​ហានិភ័យ​ខ្ពស់​ជាង​វិស័យ​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នោះ ទី​១ បញ្ហា​ទីផ្សារ​របស់​កសិផល​។ ទី​២ កត្តា​ធម្មជាតិ ព្រោះ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​ពឹងផ្អែក​លើ​ទឹកភ្លៀង និង​កត្តា​មួយទៀត​នោះ​គឺ​កត្តា​ថ្លៃដើម​ដោយសារ​តែ​ការ​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​ថ្លៃដើម​ខ្ពស់​នៅឡើយ ។

លោក យ៉ង់ ប៉ាក់ នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​អា​ហ្គ្រី​បា​ឌី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អា​ហ្គ្រី​បា​ឌី បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​ជា​ច្រើន ដូច​ជា​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ធានា​រ៉ាប់រង ក្រុមហ៊ុន​ផ្គត់ផ្គង់​ពូជ ផ្គត់ផ្គង់​ជី និង​អ្នកបច្ចេកទេស​កសិកម្ម​ជាដើម ។ ម្យ៉ាងទៀត បើសិនជា​កសិករ​ផលិត​បាន​ផល​ច្រើន​ហើយ តែ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់ ក៏​ជា​បញ្ហា​មួយ​ពិបាក​ដែរ​សម្រាប់​ពង្រីក​វិសាលភាព​វិស័យ​កសិកម្ម​កម្ពុជា ដូចនេះ អា​ហ្គ្រី​បា​ឌី ក៏​បាន​ទាក់ទង​ជាមួយនឹង​ក្រុមហ៊ុន​ធានា​ទិញ​កសិផល​ពី​កសិករ​ជា​ច្រើន​ផង​ដែរ ដើម្បី​ធានា​ទីផ្សារ​ជូន​កសិករ កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ឬ​មាន​បញ្ហា​ទីផ្សារ​ដូច​កាលពីមុន​ៗ​ទៀត ។

លោក​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​អា​ហ្គ្រី​ន​បា​ឌី បាន​ធ្វើការ​ជាមួយ​កសិករ​ជាង ១.៥០០​គ្រួសារ ហើយ​បើ​គិត​ជា​ទឹកប្រាក់​សម្រាប់​ពង្រីក​វិសាលភាព​កសិកម្ម​មាន​ជាង​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក៏​ប៉ុន្តែ​ក៏​មាន​កសិករ​ជាង​៤​ពាន់​គ្រួសារ​ទៀត បាន​ចុះ​ឈ្មោះ​ចង់​ចូលរួម​ធ្វើការ​ជាមួយ​ក្នុង​វិស័យ​កសិកម្ម​នេះ​ដែរ ដែល​គិត​ជា​ទឹកប្រាក់​សម្រាប់​ការងារ​នេះ មាន​ជាង​៦​លាន​ដុល្លារ​អា​មេ​រិ​ក ។ លោក​ថា ៖« ទឹកប្រាក់ ដែល​ត្រូវ​ចំណាយ​នោះ គឺ​ត្រូវ​ចំណាយ​ទៅ​លើ​ពូជ ជី ការ​ទិញ​ប័ណ្ណធានា​រ៉ាប់រង​លើ​ដំណាំ​កសិកម្ម​របស់​កសិករ ហើយ​ទឹកប្រាក់​ទាំងនេះ​យើង​នឹង​យក​ពី​បណ្ដា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ជូន​កសិករ តែ​យើង​ក៏​នៅ​តែ​ធ្វើការ​ជាមួយ​កសិករ​រហូត​ដល់​ពួក​គាត់​ប្រាកដ​ថា អាជីវកម្ម​របស់​ពួក​គាត់​នឹង​ទទួល​បាន​ជោគជ័យ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ