ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ជិះ​បា.ញ់សម្លា.ប់មនុស្សត្រូវប្រគល់​ម្ចាស់ដើម​​វិញ… ក្រោម​ការ​សង្ស័យ​ភាពមិន​ប្រក្រតី

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង ដែល​សមត្ថកិច្ច​រឹបអូស​ពាក់ព័ន្ធ​នឹង​ករណី​ជនល្មើស​ជិះ​តាម​បាញ់​សម្លាប់​មនុស្ស​ (​អ្នក​ដឹក​ទឹក​កក​​) នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ កាលពីដើម​ខែសីហា កន្លង​ទៅ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត…

ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង ដែល​សមត្ថកិច្ច​រឹបអូស​ពាក់ព័ន្ធ​នឹង​ករណី​ជនល្មើស​ជិះ​តាម​បាញ់​សម្លាប់​មនុស្ស​ (​អ្នក​ដឹក​ទឹក​កក​​) នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ កាលពីដើម​ខែសីហា កន្លង​ទៅ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត សម្រេច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ជនល្មើស​វិញ​ហើយ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨​ តុលា ក្រោម​ហេតុផល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ដែល​ផ្ទុយ​ពីរ​បាយ​ការ​ណ៍​​ដំបូង​របស់​សមត្ថកិច្ច​ពេល​ចុះ​ដកហូត និង​ធ្វើ​ឱ្​មាន​មន្ទិល​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតីនៃ​ការ​ប្រគល់​វត្ថុ​តាង​នេះ ​។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រីនៃ​ស្នងការដ្ឋាន​ខេត្ត ។

ប្រភព​ព័​ត៌​​មានបាន​ឱ្យ​​ដឹង​ថា រថយន្ត​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ ហើយ​ត្រូវ​លោក​ចៅក្រម​ស៊ើបសួរ​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​ជនល្មើស​​វិញ​នោះ ម៉ាក​ហា​យ​ឡិន​ឌ័​រ​ ពណ៌​​ទឹកមាស ពាក់​ស្លាក​លេខ​​ភ្នំពេញ​2Z-​1385 ។ បើ​តាម​ប្រភព​ដដែល​​​ថា រថយន្ត​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ធ្វើការ​ស្រាវ​ជ្រា​រក​ឃើញ និង​ដកហូត​បាន​ពី​ក្រុម​គ្រួសារ​ជនល្មើស ក្រោយ​ពី​សង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​ខ្មាន់កាំភ្លើង​ជិះ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​មនុស្ស​យ៉ាង​សាហាវ ក្នុង​សំណុំរឿង​«​ស្នេហា​ត្រីកោណ​» កាលពី​ខែសីហា នៅ​ក្នុង​ទឹកដី​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។

ប៉ុន្តែ​ត្រូវ​លោក​ចៅក្រម​ស៊ើបសួរ​ដែល​កាន់​សំណុំរឿង​នេះ សម្រេច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ​វិញ​ហើយ ក្រោយ​ពី​មាន​មេធាវី​នៃ​ភាគី​ជន​ត្រូវ​ចោទ​ប្រឹងប្រែង​រត់ការ​ខ្វែងដៃខ្វែងជើង​ច្រើន​លើក​ច្រើន​សារ ដើម្បី​រំដោះ​រថយន្ត​នោះ​ផ្ដាច់​ចេញពី​សំណុំរឿង​ឧក្រិដ្ឋ​ ។

កោះសន្តិភាព​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម​ស៊ើបសួរ ដែល​កាន់​សំណុំរឿង​នេះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​តុលា ​។ ប៉ុន្តែ​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​ទ​ទូល​បន្ទុក​កិច្ចការ​នេះ​ បាន​ប្រាប់​កោះសន្តិភាព​ថា ពិតជា​បាន​ប្រគល់​រថយន្ត​នោះ​ជូន​ម្ចាស់​ដើម​វិញ​មែន ដោយ​លោក​បាន​អះ​អាង​​ជំនួស​លោក​ចៅក្រម​ដូច្នេះ​ថា «​រថយន្ត​នោះ​ មិន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បទឧក្រិដ្ឋ​បាញ់​សម្លាប់​មនុស្ស​នោះ​ទេ​»​ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ទៀត​ថា « ការ​ដកហូត​ដំបូង​យើង​សង្ស័យ​ពាក់ព័ន្ធ តែ​ក្រោយ​ពី​លោក​ចៅក្រម​ស៊ើបអង្កេត គឺ​រថយន្ត​នេះ​មិន​ជាប់​ពាក់ព័ន្ធ ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ប្រគល់​ជូន​​ម្ចាស់​ដើម​វិញ​»​។ផ្ទុយ​​ពី​ការ​បំភ្លឺ​របស់​លោកស្នងការ​រង​ជេ​ត វណ្ណ​នី បើ​តាម​ប្រភព​ពី​សមត្ថកិច្ចបាន​ប្រាប់​ថា រថយន្ត​នោះ​ត្រូវ​បាន​ដកហូត​ពី​អ្នកទិញ​បន្ត​ម្នាក់​​នៅ​ភ្នំពេញ ដែល​ម្ចាស់​ (​ឪពុក​ជន​ត្រូវ​ចោទ​)​ បាន​យក​ទៅ​លក់ ក្រោយ​ពី​មាន​អំពើ​បាញ់​សម្លាប់​មនុស្ស​នៅ​ស្រុក​បាណ​ន់បាន​២​ថ្ងៃ ដែល​គេ​សង្ស័យ​ថា ជនល្មើស​អាច​ជិះ​រថយន្ត​នេះ ​ពេល​ធ្វើ​សកម្ម​ភាព ថែម​ទាំង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ត្រឹម​​ត្រូវ​ទៀត​ផង​។

គួ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​០៥​សីហា​២០១៨ នៅ​ចំណុច​វាល​អន្ទង់ស ស្ថិត​ក្នុងភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ មាន​ករណី​ស្ទាក់​បាញ់​យ៉ាង​សាហាវ​ទៅ​លើ​អ្នក​បើករថយន្ត​ដឹក​ទឹកកក​ម្នាក់​ឈ្មោះ​ពេជ្រ ភិ​សា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ត្រូវ​របួស​ចំនួន​៥​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់ ខណៈ​អ្នក​រួម​ដំណើរ​២​នាក់​រួច​ពី​គ្រោះថ្នាក់​ ។

ខ្មាន់កាំភ្លើង​មាន​គ្នា​២​នាក់ តែ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ​។ សាក្សី​ក្នុង​ហេតុ​ការ​ណ៏​នេះ​បាន​និយាយ​ថា ខ្មាន់កាំភ្លើង​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡិ​ប​ឌ័​រ តែ​មិន​ចាំ​ស្លាក​លេខ​។ ពួក​គេ​បាន​ជិះ​តាម​ពីក្រោយ ហើយ​ទៅ​ឈប់​ពីមុខ​រថយន្ត​ដឹក​ទឹកកក​របស់​ជន​រង​គ្រោះ រួច​ចុះ​បាញ់ប្រហារ​ជា​ច្រើន​គ្រាប់​ទៅ​លើ​អ្នកបើកបរ​ដោយ​អាវុធ​ខ្លី​។ ក្រោយ​ពី​បាញ់​រះ​ខ្មាន់កាំភ្លើង​ទាំង​២​នាក់ បាន​បើករថយន្ត​គេច​ត្រឡប់​ក្រោយ​វិញ​បាត់​ស្រមោល​តែ​ម្ដង​។

នៅ​ក្នុង​សំណុំរឿង​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់កំណត់​មុខសញ្ញា​ជន​ដៃដល់ និង​បាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា ការ​បាញ់​សម្លាប់​មនុស្ស​យ៉ាង​ឃោ​ឃៅ​នេះ គឺជា​អំពើ​ឃាតកម្ម​ដែល​ផ្ដើម​ចេញពី​រឿង​«​ស្នេហា​ត្រីកោណ​»​។ បន្ទាប់​ពី​ស្រាវជ្រាវ​និង​បានដឹង​អំពី​ទីតាំង​លាក់ខ្លួន កម្លាំង​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត បាន​សុំ​សហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ថៃ តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​១៦​សីហា​២០១៨ នៅ​លើ​ទឹកដី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។ ជន​ទាំង​២​នាក់​គឺ​ឈ្មោះ​ប៊ុ​ន ពន្លក អាយុ​២២​ឆ្នាំ ជា​ជន​ដៃដល់ និង​ឈ្មោះ​ហួ​ន វាសនា អាយុ​២៣​ឆ្នាំ ជា​អ្នកសមគំនិត​។

បើ​តាម​សមត្ថកិច្ច​បាន​អះអាង​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​២​នាក់ កម្លាំង​ការិយាល័យ​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​ដែល​ជន​ទាំង​២​នាក់​ជិះ​ធ្វើ​សកម្មភាព រហូត​ដកហូត​បាន​រថយន្ត​ដែល​ពាក់​ព័ន្ធ គឺជា​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​ខាងលើ​នេះ​។ ប៉ុន្តែ​ពេល​នេះ​រថយន្ត​នេះ​ត្រូវ​បាន​តុលាការ​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ​វិញ​ហើយ ដោយ​អាះអាង​ថា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​នេះ​ទេ តែ​គេ​សង្ស័យ​ការ​ប្រគល់​វត្ថុ​តាង​នេះ​ធ្វើ​ឡើង​ដោយ​មិន​ប្រក្រតី​៕ ​

អត្ថបទសរសេរ ដោយ