ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​ដឹក​ឈើ​ប្រណីត​ក្រឡាប់​ និង​បុក​រះ​វេលា​ទៀប​ភ្លឺ

15 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ រថ​យន្ត​កាម​រី​គូទប៉ោង​ពណ៌​ខ្មៅ​មួយ​គ្រឿង​ដែល​ដឹក​ឈើ​ប្រណីត​ពេញ​បាន​ក្រឡាប់​ ហើយ​ទៅ​បុក​នឹង​រោង​លក់​ទឹកកក​​មួយ​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​​ថ្ងៃ​ទី​២៥ ខែ​មីនា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ស្ថិត​ក្នុង​ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ​។ អ្នក​បើក​បរ​បាន​រង​របួស​ស្រាល​ ហើយ​ត្រូវបក្ស​ពួក​ដែល​បើក​រថ​យន្ត​តាម​បាន​នាំ​​ចេញ​យ៉ាង​ប្រញាប់​បំផុត។ ចំណែក​ឈើ​គ្រញូង​មួយ​ចំនួន​ធំ​ត្រូវ​​ប្រជា​ពល​រដ្ឋ​លួច​ជញ្ជូន​យកមុន​ពេល​សមត្ថ​កិច្ច​​ទៅ​ដល់​។

​មន្ត្រី​ប៉ូលិស​ចរា​ចរណ៍​ខេត្តឱ្យ​ដឹង​ថា រថ​យន្ត​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​​២​F០៩៧៦​ ដឹក​ឈើ​គ្រញូង​ពេញ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅកើត​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​បាន​ក្រឡាប់​ជ្រុល​ទៅ​បុក​ហាង​លក់​ទឹកកក​មួយ​បណ្តាល​ឱ្យខូច​​ខ្ទេច ចំណែក​អ្នក​បើក​បរ​​លូន​ចេញ​ ហើយ​ត្រូវ​បក្ស​ពួក​ដែល​បើក​រថ​យន្ត​មួយ​គ្រឿង​ទៀត​ដឹក​ចេញ​ទៅ​មុន​ពេល​សមត្ថ​កិច្ច​ទៅ​ដល់​​។ ឈើ​ក្នុង​រថ​យន្ត​​ប្រមាណ​០,៨០​ម៉ែត្រ​គូប​ត្រូវ​​ប្រជា​ពល​រដ្ឋ​នៅ​ក្បែរ​នោះ​នាំគ្នា​លួច​ជញ្ជូន​យក​អស់​ប្រហែល​ពាក់​កណ្តាល​។

តាម​ប្រភពព័ត៌​មាន​មួយ​​ថា រថ​យន្ត​​ដឹក​ឈើ​នោះត្រូវ​​សមត្ថ​កិច្ច​មួយ​ក្រុម​នាំ​គ្នា​ដេញ​ស្ទាក់​ចាប់​ ហើយ​អ្នក​បើក​បរ​ដឹ​ង​ខ្លួន​ក៏​បើកគេច​​យ៉ាង​លឿន​ លុះ​ដល់​ផ្លូវ​កោង​បត់​ឆ្វេង​​ក៏​ក្រឡាប់​តែ​ម្តង​​។ រថ​យន្ត​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​ខេត្ត​ ចំណែក​ឈើ​គ្រញូង​បាន​ប្រគល់​ជូន​មេ​ព្រៃ​តាម​នីតិ​វិធី​ ៕