ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​រៀបចំ​ខ្លួន​យ៉ាងណា​ដើម្បី​ឱ្យ​ការ​រស់នៅ​ព្រមព្រៀង​គ្នា?

5 ឆ្នាំ មុន

សង្គម​ណា​ដែល​មានការ​បៀតបៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តីសុខ​បាន​ដោយ​លំបាក ដូច្នេះ​ដើម្បី​រៀបចំ​ខ្លួន​ឱ្យ​ការ​រស់នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​សេចក្តីសុខ ព្រះពុទ្ធ​សាសនា​មាន​ទិស​ដៅ​4​ចំណុច​គឺៈ ១-​សមាន​ត្ត​តា ភាព​ជា​បុគ្គល​មានខ្លួន​ស្មោះស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ថែម​ទាំង​មិន​ប្រកាន់ខ្លួន មិន​លើកតម្កើង​ខ្លួនឯង មិន​មាន​មានះ…

សង្គម​ណា​ដែល​មានការ​បៀតបៀន​គ្នា សង្គម​នោះ​តែង​រក​សេចក្តីសុខ​បាន​ដោយ​លំបាក ដូច្នេះ​ដើម្បី​រៀបចំ​ខ្លួន​ឱ្យ​ការ​រស់នៅ​រួម​គ្នា​ក្នុង​សង្គម​ទទួល​បាន​សេចក្តីសុខ ព្រះពុទ្ធ​សាសនា​មាន​ទិស​ដៅ​4​ចំណុច​គឺៈ

១-​សមាន​ត្ត​តា ភាព​ជា​បុគ្គល​មានខ្លួន​ស្មោះស្មើ​មិន​យក​ប្រៀប​លើ​គ្នា ជួយ​គ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង ថែម​ទាំង​មិន​ប្រកាន់ខ្លួន មិន​លើកតម្កើង​ខ្លួនឯង មិន​មាន​មានះ និង​ទិដ្ឋិ មើលងាយ​អ្នក​ដទៃ​ថា អ្នក​នេះ​មិន​បាន​ស្មើ​ខ្លួន មិន​សម​ឱ្យ​ខ្លួន​ទៅ​សេពគប់​ថា​អញ​ជា​អ្នក​មានយស​ស័ក្តិធំ មិន​គួរ​ទៅ​និយាយ​រក​អ្នក​មានយស​ស័ក្តិតូច​ៗ ថា​អញ​ជា​អ្នកចេះ មិន​គួរ​ទៅ​និយាយ​ជាមួយ​អ្នក​ល្ងង់​ជាដើម​។ បើ​នៅ​ក្នុង​ប្រទេស​ទាំងមូល ប្រជាពលរដ្ឋ​មាន​សន្តាន​ចិត្ត​បែប​នេះ​គ្រប់​ៗ​គ្នា​នោះ​ពិតជា​ធ្វើ​ឱ្យ​ប្រទេស​ទាំងមូល​មាន​សុខ សន្តិភាព​។

២-​បិ​យ​វ​ជ្ជំ ការ​ពោល​វាចា ពីរោះពិសា ពាក្យ​សុភាព​ផ្អែមល្ហែម​ទៅ​កាន់​បុគ្គល​ដទៃ ដែល​កំពុង​ជួប នូវ​សេចក្តី​ទុក្ខ មានការ​បាត់បង់​បុគ្គល​ជាទី​ស្រឡាញ់​ជាដើម​។ បុគ្គល​គ្រប់​រូប នៅ​ពេល​មាន សេចក្តី​ទុក្ខ​គ្រប​សង្កត់ រមែង​បាត់បង់​ស្មារតី តែ​នៅ​ពេល​ទទួល​ពាក្យពីរោះ​ពី​អ្នក​ដទៃ គេ​រមែង​រំសាយ សេចក្តី​ទុក្ខ​នោះ​ភ្លាម ព្រោះ​សម្តី​ផ្អែម​ល្អែ​ម​នេះ​អ្នក​ណា​ក៏​ត្រូវការ​ដែរ ។

៣-​អត្ថចរិយា ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍ ជួយ​កិច្ច​ការងារ គឺ​ការ​ធ្វើ​នូវ​អំពើ​មាន​ប្រ​យា​ជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​អ្នក​ដទៃ​ផង ដូច​ជា​ការ​សិក្សា​រៀនសូត្រ​ផ្លូវលោក​ផ្លូវធម៌ រមែង​ធ្វើ​ប្រយោជន៍​សម្រាប់​គ្រួសារ សង្គម និង​ប្រទេស​ជាតិ​ទាំងមូល​។ ការ​ប្រព្រឹត្ត​ជា​ប្រយោជន៍​វា​បង្ហាញ​នូវ​តម្លៃ​របស់​មនុស្ស​និង​ជា​គំរូ​ដ៏​ល្អ​ដល់​អ្នក​ដទៃ ។

៤-​ទាន គឺ​ការ​បែងចែក​ទ្រព្យសម្បត្តិ​ធនធាន និង​ចំណេះដឹង​របស់​ខ្លួន​ឱ្យ​ដល់​អ្នក​ដទៃ ដែល​កំពុង​ខ្វះខាត​។ មនុស្ស​នៅ​ក្នុង​សង្គម​តែង​មានការ​ឱ្យ​នេះ​មិន​អាច​អត់​បាន​ទេ ទោះបី​អ្នកមាន ឬ​អ្នកក្រ​ក៏​ដោយ​ត្រូវការ​ចាំបាច់​ណាស់ គ្រាន់តែ​ការ​ឱ្យ​នោះ​មាន​លក្ខណៈ​ខុស​ៗ​ពី​គ្នា ។

បើ​មហាជន​នៅ​ក្នុង​សង្គម​ធ្វើ​តាម​ទិស​ដៅ​៤​ចំណុច​នេះ​ឱ្យ​បាន​ព្រម​គ្នា​នោះ ប្រទេស​ជាតិ​ទាំងមូល​នឹង​មាន​សុខ​សន្តិភាព​ជាក់​ជា​មិន​ខាន ។