ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃ ទី១០ មីនា តុលាការខេត្តស្ទឹងត្រែង បានសម្រេចផ្តន្ទាទោសទៅលើបុរសម្នាក់ដែលចាក់ប្រពន្ធស្ទើរសុសសាច់ កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១០ កន្លងទៅ ឱ្យជាប់ពន្ធនាគាររយៈពេលបីខែ គិតចាប់ពីថ្ងៃចាប់ខ្លួន ។ តុលាការខេត្តស្ទឹងត្រែង បានបើកអង្គសវនាការលើករណីជនជាប់ចោទបង្ករបួសស្នាមដោយចេតនាឱ្យជាប់ពន្ធនាគារចំនួនបីខែដោយមើលឃើញថា ជននេះនៅពេលប្រព្រឹត្តបទល្មើសពុំបានដឹងស្មារតី និងមិនបានតាំងចិត្តនៅពេលកើតហេតុ និងដោយសារស្ត្រីជាភិរយាបានសុំអង្វរដល់តុលាការមេត្តាកុំយកទោសពៃរ៍លើប្តីរបស់ខ្លួនដែលមិនដឹងខ្លួន ។
គួរបញ្ជាក់ថា បុរសជាប្តីឈ្មោះស្រី លួរ ចាក់ប្រពន្ធរបស់ខ្លួនដោយកាំបិតបន្ទួសជាច្រើនកន្លែងធ្វើឱ្យស្ត្រីជាប្រពន្ធឈ្មោះង៉យ មួយលី រស់នៅភូមិអន្លុងជ្រៃ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរវ៉ាត់ រងរបួសជាទម្ងន់ ។ ប្រភពបន្តថា កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១០ ខណៈពេលកំពុងលង់លក់ក្នុងដំណេកនោះស្រាប់តែបុរសជាប្តីយកកាំបិតបន្ទួសមកចាក់លើខ្លួន ស្ទើរសុសសាច់ ហើយត្រូវបានអ្នកជិតខាងមកជួយសង្គ្រោះ ចំណែកបុរសជាប្តីបានរត់គេចខ្លួនបាត់រយៈពេលពីរថ្ងៃ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត រួចបញ្ជូនសំណុំរឿង និងជនសង្ស័យរួមទាំងវត្ថុតាងមានកាំបិតបន្ទួសមួយទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់ ។
ក្រោយការឃុំខ្លួនរហូតមកទល់ពេលនេះ ត្រូវអង្គសវនាការបើក និងជំនុំជំរះដែលតម្រូវឱ្យជនជាប់ចោទរូបនេះ ជាប់ពន្ធនាគាររយៈពេលបីខែ ទើបត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ៕
ចែករំលែកព័តមាននេះ