ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ ជម្រុញ​ឲ្យ​ទប់ស្កាត់​ជនអន្តោប្រវេសន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌឫស្សីកែវ នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាល​ខណ្ឌឫស្សីកែវ នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន សមត្ថកិច្ច​ទាំងអស់​ជា​ពិសេស អាជ្ញាធរ​ខណ្ឌឫស្សីកែវ ត្រូវ​បង្កា ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការ​ទប់ស្កាត់​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​តាម​ដង​ទន្លេសាប រួម​នឹង​ការ​ថែរក្សា​បរិស្ថាន​ទន្លេ​ឲ្យ​បាន​ល្អ​ប្រសើរ​។ លោក ឃួ​ង ស្រេង បាន​ថ្លែង​ថា គោលបំណង​ដែល​លោក ទៅ​ជួប​បងប្អូន​មន្ត្រី​របស់​ខណ្ឌឫស្សីកែវ​នៅ​ពេល​នេះ គឺ​ដើម្បី​សួរសុខទុក្ខ មន្ត្រីរ​ធ្វើការ​ងារ​បាន​អ្វីខ្លះ ហើយ​នៅ​ខ្វះ​ចំណុច​ណាខ្លះ​ដើម្បី​បំពេញបន្ថែម ធ្វើ​យ៉ាងណា​បម្រើ ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

លោក​បាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខណ្ឌឫស្សីកែវ រួម​ទាំង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​កិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ រួម​នឹង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាល​ល្អ​ប្រសើរ រហូត​ទទួល​បាន​ស្នាដៃ​ជា​ច្រើន​។ ប៉ុន្តែ ខណ្ឌឫស្សីកែវ​ក៏​មាន​បញ្ហា​ប្រឈម ដែល​ត្រូវ​អនុវត្ត​បន្ត ក្នុង​នោះ​មាន​បញ្ហា​សណ្តា​ប់ធា្ន​ប់ មិន​ទាន់​រៀបចំ បាន​ល្អ​ប្រសើរ​នៅឡើយ ដូច​ជា​ប្រជាពលរដ្ឋ​មិន​ទាន់​គោរព​ច្បាប់​ចរាចរណ៍ បញ្ហា​គ្រឿងញៀន នៅ​តែ​កើត​មាន ការ​ចុះ​កិច្ចសន្យា​ជាមួយ​ក្លឹ​ប​កម្សាន្ត​នានា​ក៏​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ​ជាដើម​។ លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា នៅ​ភ្នំពេញ​មាន​កន្លែង​សប្បាយភាព​២.៦៤២​ទីតាំង ក្នុង​នោះ​សម្រាប់​ខណ្ឌឫស្សីកែវ ក៏​មាន​ក្លឹ​ប​កម្សាន្ត កន្លែង​សប្បាយភាព​ច្រើន​ដែរ ដែល​អាជ្ញាធរ ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​ក្លឹ​ប​កម្សាន្ត​ទាំង​អស់នោះ​បំពេញបែបបទ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។

ចំណែក​បញ្ហា​គ្រឿងញៀន បើ​ទីតាំង​ណា​មាន​បទល្មើស​គ្រឿងញៀន ទីតាំង​នោះ​ត្រូវ​តែ​បិទ​ចោល ហើយ​ម្ចាស់​ទីតាំង​ក៏​ត្រូវ​ប្រឈម​នឹង​ការ​មានទោស​ទណ្ឌ​ថែម​ទៀត​។ លោក ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​មានការ​បង្ការ​ទប់ស្កាត់​បទល្មើស លួច ឆក់ ប្លន់​គ្រប់​ប្រភេទ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។ ព្រោះ​សន្តិសុខ​នេះ ជា​តម្រូវការ​ចាំបាច់ និង​ចង់បាន​របស់​មនុស្ស​គ្រប់​គ្នា មិន​ថា អ្នកមាន និង​អ្នកក្រ​នោះ​ទេ​។ ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង បាន​ដាក់​ចេញ​នូវ​ផែនការ ចំនួន​១៣​ចំណុច​បន្ថែម​ទៀត ដើម្បី​ឲ្យ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ អនុវត្ត​បន្ត ក្នុង​នោះ មាន​មិន​អនុញ្ញាត​ឲ្យ​ផ្លូវជាតិ​លេខ​៥ ចត​យានយន្ត​នៅ​លើ​ទ្រូ​វ​ផ្លូវ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍ ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍ ដោយ​ត្រូវ​កោះហៅ​អ្នក​ពាក់ព័ន្ធ​មក​ប្រជុំ ដើម្បី​មាន​វិធានការ​លើ​បញ្ហា​នេះ យកចិត្តទុកដាក់​លើ​បញ្ហា លូ​ស្ទះ និង​បញ្ហា​កកស្ទះ​សំរាម​ជាដើម​។

លោក​បញ្ជាក់​ថា ដាច់​ខែ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​យុទ្ធនាការ​ជួសជុល​ផ្លូវ​ខូច តែ​សុំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ចុះ​មើល ក្នុង​មូលដ្ឋាន​របស់​ខ្លួន​តើ​មាន​ផ្លូវ​ខូច​ប៉ុន្មាន និង​ខូច​មាន​ទំហំ​ណា ? ត្រូវ​ចុះ​ពិនិត្យ​មើល​ចំពោះ​ការ​សាងសង់​រោង​បុណ្យ​រោងការ​នៅ​លើ​ទ្រូងផ្លូវ គឺ​អាច​ឲ្យ​ធ្វើ​តែ​លើ​ចិញ្ចើម​ផ្លូវ និង​លើ​ទ្រូ​វ​ផ្លូវ​តែ​មួយ​ប្រឡោះ​បាន មិន​ឲ្យ​បិទផ្លូវ​ជា​ដាច់ខាត ដែល​ការងារ​នេះ​អាជ្ញាធរ​ខណ្ឌ​សង្កាត់​ត្រូវ​ធ្វើការ​ណែនាំ​។ ព្រោះ​វា​ធ្វើ​ឲ្យ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​។ ការងារ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​តែ​ធ្វើ ទោះជា​ក្នុង​បុរី​ក៏​ដោយ និង​ត្រូវ​ចល័ត​គោលដៅ​ជា​និច្ច​កុំ​នៅ​មួយ​កន្លែង​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា បញ្ហា​អន្តោប្រវេសន៍​នៅ​តាម​ដង​ទន្លេសាប ពិសេស ការ​ចិញ្ចឹម​ត្រី​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន និង​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​ទេសចរណ៍​នោះ អាជ្ញាធរ​ត្រូវ​សហការ ជាមួយ​សមាគម​ន៍​ជនជាតិ វៀតណាម និង​ឥ​ស្លា​ម​ជាដើម ដើម្បី​រឹត​បណ្តឹង​ច្បាប់​អន្តោប្រវេសន៍ ថា​តើ​ពួក​គាត់​មានច្បាប់​រស់នៅ និង​រកស៊ី​នៅ​ស្រុក​ខ្មែរ​ត្រឹមត្រូវ​ឬទេ ? ត្រូវ​រួម​គ្នា​ធ្វើ​ការងារ​នេះ​ទាំងអស់​គ្នា ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ ក្នុង​ពិធី​ខាងលើ​នោះ បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋបាល​ខណ្ឌ និង​សង្កាត់ បាន​លើក​ឡើង​ពី​កង្វល់ បញ្ហា​ប្រឈម និង​ចំណុច​ខ្វះខាត​នានា​ដូច​ជា មានការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ បញ្ហា​លូ សំរាម ការ​កសាង​ស្នាក់​ការ​ប៉ុស្តិ៍ សង្កាត់​ទើប​បង្កើត​ថ្មី ជាដើម​។ ដើម្បី​រិះរក​វិធី​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន និង​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​សម្រួល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ