ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ប្រវត្តិ និង​ស្នាដៃ​ម្ចាស់​មេដាយមាស​ពិភពលោកតិចមើល៍!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ទាំងអស់ ដែល​ទទួល​បាន​មេដាយមាស​លើ​ឆាក​អន្តរជាតិ ហើយ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ស្រទាប់​មហាជន គេ​កត់​សម្គាល់ថា​មាន​តែ​អ្នកស្រី​កែ ឡេ​ង ប៉ុណ្ណោះ ដែល​រក្សា​ប្រជាប្រិយភាព​លើ​ឆាក​អន្តរជាតិ​បាន​យូរ​ជាងគេ​ដោយសារ​តែ​អ្នកស្រី​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​លើក​ណា​ក៏​ទទួល​បាន​មេដាយមាស​ត្រឡប់​មក​វិញ ដូច​ជា​ការ​ដណ្ដើម​បាន​មេដាយ​មាស​​អន្តរជាតិ​នៅ​ប្រទេស​បារាំង​មុន​នេះ​ជាដើម…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ទាំងអស់ ដែល​ទទួល​បាន​មេដាយមាស​លើ​ឆាក​អន្តរជាតិ ហើយ​ទទួល​បានការ​គាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ស្រទាប់​មហាជន គេ​កត់​សម្គាល់ថា​មាន​តែ​អ្នកស្រី​កែ ឡេ​ង ប៉ុណ្ណោះ ដែល​រក្សា​ប្រជាប្រិយភាព​លើ​ឆាក​អន្តរជាតិ​បាន​យូរ​ជាងគេ​ដោយសារ​តែ​អ្នកស្រី​ចេញ​ទៅ​ប្រកួត​តំណាង​ប្រទេស​លើក​ណា​ក៏​ទទួល​បាន​មេដាយមាស​ត្រឡប់​មក​វិញ ដូច​ជា​ការ​ដណ្ដើម​បាន​មេដាយ​មាស​​អន្តរជាតិ​នៅ​ប្រទេស​បារាំង​មុន​នេះ​ជាដើម ។

យ៉ាងណាមិញ​បើ​ក្រឡេក​មក​មើល​ជីវប្រវត្តិ​របស់​កីឡាការិនី​ល្បីឈ្មោះ​រូប​នេះ ក៏​រឹតតែ​គួរ​ឱ្យ​សរសើរ​ផង​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​អ្នកស្រី​បាន​តស៊ូ​ក្នុង​នាម​ជា​កូនកំព្រា​ឪពុក រហូត​បាន​ក្លាយជា​បុគ្គល​ល្បី​ម្នាក់​។

អ្នកស្រី កែ ឡេ​ង បាន​រៀបរាប់​ថា អ្នកស្រី​កើត​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​១៩៧០ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ខេត្តកំពង់ឆ្នាំង ដោយ​អ្នកស្រី​កើត​បាន​តែ​រង្វង់​២​ឆ្នាំ​ប៉ុណ្ណោះ ឪពុក​ដែល​ជា​កសិករ​នៅ​ក្នុង​សម័យ​នោះ ក៏​ទទួលមរណភាព ទាំង​អ្នកស្រី​មិន​ស្គាល់​មុខ​ច្បាស់​នៅឡើយ​។

អ្នកស្រី​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៩​នាក់ (​ប្រុស​៤​ស្រី​៥) ដោយ​មាន​ឪពុក​ឈ្មោះ កែ ភ​ន និង​ម្ដាយ​ឈ្មោះ ចូ សន ដែល​ទទួលមរណភាព​ដូច​គ្នា​កាលពី​ឆ្នាំ​១៩៨៣ ។ ក្នុង​នាម​ជា​កូនកំព្រា​ឪពុក ហើយ​កើត​ធំធាត់​ក្នុង​សម័យ​លន់ ន​ល់ និង​សម័យ​ប៉ុ​ពត អ្នកស្រី​ថា​ខ្លួន​មិន​ត្រឹមតែ​មិន​ស្គាល់​ភាព​កក់ក្ដៅ​ដូច​ក្មេង​ជា​កូនពៅ​ឯទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រឈម​នឹង​ការ​តស៊ូ​រាប់​មិន​អស់​ផង​ដែរ ជា​ពិសេស​គឺ​ស្ថានភាព​គ្រួសារ​។

អ៊ីចឹង​ហើយ​ទើប​អ្នកស្រី​ទទួល​បាន​ឱកាស​សិក្សា​ក្នុង​កម្រិត​មួយ​ទាប​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​បង​ប្អូន​ឯទៀត ដែល​មានឱកាស​រៀន​បាន​ជ្រៅជ្រះ ដោយសារ​តែ​បានដឹង​ក្ដី​ក្នុង​ពេល​ឪពុក និង​ម្ដាយ​របស់​អ្នកស្រី​នៅ​មាន​លទ្ធភាព​រក​ចំណូល​បាន​ខ្ពស់ ។ អ្នកស្រី​បាន​ចាក​ចេញពី​ស្រុក​កំណើត​ក្នុង​ឆ្នាំ​១៩៨៣ ក្រោយ​ពេល​ម្ដាយ​បាន​ទទួល​មរណភាព ដោយ​មក​រស់នៅ​ជាមួយ​បងស្រី​ៗ​ហើយ​ក្នុង​ពេល​នោះ​បង​របស់​អ្នកស្រី ក៏​បាន​ជំរុញ​ឱ្យ​អ្នកស្រី​ចូល​​ហ្វឹកហាត់​ផ្នែក​អត្តពលកម្ម (​រត់ប្រណាំង​) តែ​មិន​បាន​ធ្វើ​ជា​កីឡាការិនី​នោះ​ទេ ដោយ​សារ​តែ​អ្នកស្រី​គ្រាន់តែ​ហ្វឹកហាត់​លេង​ៗ ដើម្បី​សុខភាព​ច្រើន​ជាង ។

រហូត​ដល់​ឆ្នាំ​១៩៩៣ ក្រសួងការពារជាតិ​ក៏​ធ្វើការ​ជ្រើសរើស​កីឡាការិនី​បាល់ទះ​នារី​ដោយ​តម្រូវ​ឱ្យ​ប្រឡង​ចូល​ដើម្បី​បង្កើត​ជា​ក្រុម​បាល់ទះ​នារី ហើយ​អ្នកស្រី​ក៏​ត្រូវ​បង​ៗ​ជំរុញ​​ឱ្យ​ដាក់​ពាក្យ​ប្រឡង ហើយ​ជា​ភ័ព្វសំណាង​ក៏​បាន​ជាប់ ។ តាំងពី​ពេល​នោះ​មក​អ្នក​ស្រី​ក៏​បាន​ក្លាយជា​មន្ត្រី​ក្រសួងការពារជាតិ​នៅ​ក្នុង​ក្រប​ខណ្ឌ​កីឡាការិនី និង​ជា​គ្រូបង្វឹក ដោយ​ក្នុង​ពេល​នេះ អ្នកស្រី​ក៏​ជា​មន្ត្រី​ដែល​មាន​តំណែង​មួយ​ប្រចាំ​ក្រសួង​ក្រៅពី​ជា​កីឡា​ការិនី​ជម្រើសជាតិ​ផ្នែក​ប៉េតង់​ផង​ដែរ​។

អ្នកស្រី កែ ឡេ​ង បាន​ថ្លែង​បញ្ជាក់​រៀបរាប់​ពី​ប្រវត្តិ​បន្ត​ថា ក្រោយ​ពេល​អ្នកស្រី​ប្រឡង​ជាប់​ក្នុង​ក្រុមកីឡា​ការិនី​បាល់ទះ ក្រសួងការពារជាតិ​ក៏​បាន​រំសាយ​ក្រុម​នេះ​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​សម្រេចចិត្ត​បង្កើត​ក្រុម​ប៉េតង់​នារី​ដោយ​បាន​រើស​យក​អ្នកស្រី​ធ្វើ​ជា​កីឡា​ការិនី​ផង​ដែរ​។ អ៊ីចឹង​ហើយ​ទើប​អ្នកស្រី​ចាប់ផ្ដើម​ប្រឹងប្រែង​ហ្វឹកហាត់ ដោយ​ចាប់ពី​ឆ្នាំ​១៩៩៧ អ្នកស្រី​ក៏​ត្រូវ​បាន​ទទួលស្គាល់​ជា​កីឡាការិនី​អាជីព​លើ​វិស័យ​មួយ​នេះ ។ ក្នុង​ឆ្នាំ​១៩៩៩ អ្នកស្រី​ក៏​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​តំណាង​ប្រទេស​កម្ពុជា ដោយ​ទទួល​បាន​មេដាយមាស​ជា​លើក​ដំបូង​ខាង​ផ្នែក​ប៉េតង់​លើ​វិញ្ញាសា​វាយ​គូ​ជាមួយនឹង​អ្នកស្រី អ៊ុ​ក ស្រី​មុំ ដែល​ជា​ដៃគូ​បច្ចុប្បន្ន ។

បន្តបន្ទាប់​មក​អ្នកស្រី​ក៏​ត្រូវ​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ប្រចាំ ទាំង​ការ​ប្រកួត​កម្រិត​អាស៊ាន កម្រិត​អន្តរជាតិ និង​កម្រិត​ពិភពលោក ដោយ​ការ​ប្រកួត​នា​ពេល​កន្លង​មក ស្ទើរ​មិន​មានការ​ចេញ​ប្រកួត​ណាមួយ​មិន​ទទួល​បាន​មេដាយ​ជូន​ជាតិ​ត្រឡប់​មក​វិញ​ឡើយ ។

មក​ទល់​ពេល​នេះ អ្នកស្រី​ទទួល​បាន​មេដាយ​មាស​៤៧ មេដាយ​ប្រាក់​១៧ និង​មេដាយ​សំរឹទ្ធិ​១៣ ដោយ​មិន​ទាន់​រាប់​បញ្ចូល​មេដាយ​ក្នុងស្រុក​ដែល​អ្នកស្រី​ទទួល​បាន​ពី​ការ​ប្រកួត​​នោះ​ផង ។ អ្វី​ដែល​អ្នកស្រី​ទទួល​បាន​មោទនភាព​បំផុត​នៅ​ក្នុង​ពេល​នេះ គឺ​ការ​ទទួល​បាន​មេដាយ​ដល់​ទៅ​៣​លើ​វិញ្ញាសា​ឯកត្តជន​(១​ទល់​នឹង​១) ២​នាក់​ទល់​នឹង​២​នាក់ និង​៣​នាក់​ទល់​នឹង​៣​នាក់ នៅ​ក្នុង​ប្រទេស​បារាំង នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​ដោយ​កីឡាករ​កីឡាការិនី​ជា​ម្ចាស់​មេដាយមាស​អន្តរជាតិ​តំណាង​ប្រទេស និង​តំណាង​ទ្វីប​នីមួយ​ៗ​ប៉ះ​គ្នា ។

អ្នកស្រី​ថា ការ​ប្រកួត​មួយ​នេះ គឺ​ធំ​ជាង​បណ្ដា​ការ​ប្រកួត​កន្លង​មក​ដោយសារ​តែ​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​គឺ​តម្រូវ​ឱ្យ​យក​តែ​ម្ចាស់​មេដាយមាស​លើ​ឆាក​អន្តរជាតិ​តំណាង​ឱ្យ​ប្រទេស​​នីមួយ​ៗ​មក​ប្រកួត​តែ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា មេដាយមាស​ដែល​អ្នកស្រី​ទទួល​​បាន​មុន​នេះ គឺជា​មេដាយ​ដែល​ឈ្នះ​លើ​ម្ចាស់​មេដាយមាស​ផ្សេង​ៗ មក​ពី​ជុំវិញ​ពិភពលោក​។

អ្នកស្រី កែ ឡេ​ង បន្ត​ថា ក្នុង​ឆ្នាំ​១៩៨៦ អ្នកស្រី​បាន​រៀប​ការ​ជាមួយ​លោក សួ​ស សំ​អឿ​ន អាយុ​ស្របាល​អ្នកស្រី ជា​មន្ត្រី​ក្រសួងការពារជាតិ​ខាង​ផ្នែក​កងទ័ពជើងគោក ដោយ​សព្វ​ថ្ងៃ​អ្នកស្រី​ទទួល​បាន​ចំណងដៃ​កូន​ប្រុស​ស្រី​២​នាក់ គឹ​កូនប្រុស​ច្បង​អាយុ​២៧​ឆ្នាំ និង​កូនស្រី​ពៅ​អាយុ​២១​ឆ្នាំ ដោយ​អ្នក​ទាំង​២​សុទ្ធតែ​ជា​មន្ត្រី​ប្រចាំ​នៅ​ក្រសួងការពារជាតិ ខាង​ផ្នែក​ប៉េតង់​ដូច​គ្នា ដោយ​គ្រាន់តែ​កូនស្រី​អ្នកស្រី​ហាក់​មាន​ជំនាញ​ជាង ហើយ​បាន​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​មុន​នេះ ។

អ្នកស្រី​ថា ខ្លួន​នឹង​បង្វឹក​កូន​ទាំង​២​ឱ្យ​ស្នង​តំណែង ប៉ុន្តែ​ទំនងជា​កូនស្រី​ពៅ​អាច​នឹង​ដើរ​តាម​គន្លង​អ្នកស្រី​បាន​ល្អ​ជាង ដោយសារ​តែ​នាង​ក៏​ធ្លាប់​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​វៀត​ណាម​មុន​នេះ ហើយ​ទទួល​បាន​មេដាយ​ប្រាក់​ជូន​ជាតិ​បាន​ម្ដង​ដែរ​។ ទោះបី​យ៉ាងណា អ្នកស្រី​ថា​កូនប្រុស​ក៏​ល្អ​ផង​ដែរ ប៉ុន្តែ​មក​ពី​លោក​រវល់​នឹង​ការ​សិក្សា​រៀនសូត្រ និង​ការ​ងារ​ផ្ទាល់ខ្លួន​ពេក​ប៉ុណ្ណោះ ទើប​មិនសូវ​បាន​ហ្វឹកហាត់​ដិត​ដល់ ។

ជាមួយនឹង​ការ​រៀបរាប់​ប្រវត្តិ គឺថា​អ្នកស្រី​មិន​ត្រឹមតែ​ជា​កីឡាការិនី​ឆ្នើម​នោះ​ទេ ប៉ុន្តែ​ប្រវត្តិ​​ជីវិត និង​ការ​តស៊ូ​ក្នុង​នាម​ជា​កូនកំព្រា​ទាំង​ឪពុក ទាំង​ម្ដាយ​មានចំណេះ​ដឹង​ទាប ហើយ​ប្រឹង​ក្រោកឈរ​ក្នុង​នាម​ជា​កូនពៅ រហូត​បាន​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ល្បីឈ្មោះ ក៏​គួរ​ឱ្យ​ស្ងើចសរសើរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ