រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ខណៈដែលរូបគេកំពុងតែដើររេរាៗនៅក្បែរការ៉ុងពណ៌សមួយក្នុងការដ្ឋានសំណង់អគារ ព្រីនស៍ផ្លាហ្សា ហើយមេការជនជាតិចិនម្នាក់បានឃើញ ដោយមានការសង្ស័យក៏ហៅសួរនាំក៏ស្រាប់តែរត់គេចខ្លួនស្រែកឆោឡោទៅដល់កម្លាំងមានសមត្ថកិច្ចនៅក្បែរជួយដេញចាប់បានភ្លាមៗ ។
ហេតុការណ៍នេះដែរបានបង្ករការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចខាងមុខសំណង់អគារ មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យដែលបានចាប់ឃាត់ខ្លួនមានឈ្មោះ សុខ សំណាង អាយុ២៥ឆ្នាំ មុខរបរជាជាងដែកនៅក្នុងការដ្ឋានសំណង់ខាងលើ ស្នាក់នៅផ្ទះជួល ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មុនពេលកើតហេតុបុរសមេការជាជនជាតិចិនម្នាក់បានប្រទះឃើញបុរសជាជនសង្ស័យម្នាក់ខាងលើនៅឈរ និងដើររេរាៗចុះឡើងៗនៅក្បែរការ៉ុងពណ៌សមួយនៅក្នុងការដ្ឋានសំណង់របស់អគារខាងលើដោយមានការសង្ស័យក៏បានហៅក្នុងគោលបំណងសួរនាំ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបុរសមេការជាជនជាតិចិនបានហៅសួរនាំនោះក៏ស្រាប់តែរូបគេបានរត់គេចខ្លួនគេចខ្លួនចេញមកខាងក្រៅហើយក៏ស្រែកឆោឡោធ្វើអោយមានការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ដែលកំពុងតែធ្វើការល្បាតនៅក្បែរនោះជួយដេញចាប់បានភ្លាមៗតែម្តង ដោយបានដកហូតបានការ៉ុងពណ៌សចំនួនមួយដែលមានខ្ចៅបាឡុងសំរាប់ចាប់អន្ទារជាច្រើននៅខាងក្នុងផងដែរ ។
ក្រោយពេលកើតហេតុកម្លាំងមានសមត្ថកិច្ចក៏បានធ្វើការចាប់បញ្ជូនបុរសជាងដែកជាជនសង្ស័យរួមទាំងខ្ចៅបាឡុងចំនួនមួយការ៉ុងយកមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀតផងដែរ ៕
ចែករំលែកព័តមាននេះ