ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងបានត្អូញត្អែរពីក្រុមហ៊ុនប្រមូលសំរាមមិនបានប្រមូលសោះចាប់តាំងពីបុណ្យភ្ជុំបិណ្ឌមកម្ល៉េះធ្វើអោយកន្លែងខ្លះគំនរសម្រាមស្ទើរក្លាយជាកូនភ្នំទៅហើយ ។
ដោយពួកគាត់បាននិយាយថា ៖ «ពេលដល់ខែស្ទើរមិនទាន់ដឹងតែដើរប្រមូលយកលុយហើយ ប៉ុន្តែពេលសំរាមគរពេញមុខផ្ទះប្រជាពលរដ្ឋ មិនព្រមមកប្រមូលទាល់តែសោះបញ្ហានេះធ្វើឲ្យគំនរសំរាមបំផ្លាញសោភ័ណភាពក្នុងក្រុងក៏ដូចជាធ្វើអោយមានក្លិនមិនល្អប៉ះពាល់ដល់បរិស្ថានយ៉ាងនោះដែរ ។ ហេតុនេះហើយពួកគាតស្នើសុំអោយអាជ្ញាធរក្រុង និងខេត្តជួយមានវិធានការបន្ទាន់ផង» ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានប្រាប់ភ្នាក់ងារ កោះសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ថា ៖«លោកទទួលស្គាល់ថា ក្រុមហ៊ុនប្រមូលសំរាមពិតជាប្រមូលមិនទាន់ពេលវេលាពិតមែនមួយរយៈកាលកន្លងទៅនេះ ព្រោះលោកបានដើរពិនិត្យមើលគ្រប់ទីកន្លែងទាំងអស់ក្រុងកំពង់ឆ្នាំង ចាប់ពីសង្កាត់ប្អេរ សង្កាត់ខ្សាម និងសង្កាត់កំពង់ឆ្នាំង រួមទាំងតាមសួនច្បារ ផ្សារលើ សួនច្បារផ្សារក្រោមឡើងទៅឃើញថា គំនរសំរាមពិតជានៅសល់គរគ្រប់ទីកន្លែងពិតមែន ។ ពេលឃើញហេតុការណ៍បែបនេះលោកបានព្យាយាមទូរស័ព្ទ ទៅខាងក្រុមហ៊ុនប្រមូលសម្រាមដែរ ប៉ុន្តែមិនមានអ្នកលើកទាល់តែសោះមិនដឹងក្រុមហ៊ុនគិតបែបម៉េច» ។
យ៉ាងនេះក្តីលោកបានបញ្ជាក់ថា នឹងមានកិច្ចប្រជុំមួយនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ផងដែរដោយមានភាគីមន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អាជ្ញាធរក្រុង និងជាមួយភាគីក្រុមហ៊ុនប្រមូលសំរាមឈ្មោះ «សុខ សម្បត្តិ» ដើម្បីដោះស្រាយគ្នាថា តើគួរធ្វើបែបណា? ព្រោះកន្លងមកក្រុមហ៊ុនប្រមូលសំរាមបានត្រឹមសន្យាប៉ុណ្ណោះ តែពេលប្រមូលគឺមិនទាន់ពេលវេលាបង្កអោយគំនរសម្រាមសល់គ្រប់ទីកន្លែង ។ បញ្ហានេះយើងត្រូវតែដោះស្រាយអោយបាន ព្រោះបណ្តោយអោយក្រុមហ៊ុនប្រមូលសម្រាមធ្វើបែបហ្នឹងមិនកើតទេ ព្រោះជិតដល់ខែបុណ្យទានហើយ មានដូចជាបុណ្យឆ្លងឆ្នាំ បុណ្យទន្លេ និងបុណ្យ៧មករាជាដើម ។
សូមបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហានេះភ្នាក់ងារ កោះសន្តិភាព បានព្យាយាមទាក់ទងតំណាងក្រុមហ៊ុនប្រមូលសំរាមរបស់លោក «សុខ សម្បត្ដិ» ដែរតែមិនមានអ្នកណាលើកទូរស័ព្ទនោះទេ ដោយក្រុមហ៊ុនប្រមូលសំរាមនេះប្រជាពលរដ្ឋរអ៊ូរទាំថា តែងតែបង្កបញ្ហាបន្សល់ទុកគំនរសំរាមនៅតាមគ្រប់ទីកន្លែងតាមសួនច្បារវិមានឯករាជ្យ តាមសួនច្បារផ្សារក្រោម តាមផ្សារ និងនៅតាមមុខផ្ទះប្រជាពលរដ្ឋជាដើម ។
កន្លងមកអាជ្ញាធរធ្លាប់បានព្រមានម្ដងជាពីរដងរួចមកហើយ ប៉ុន្តែធ្វើបានតែមួយរយៈប៉ុណ្ណោះហើយក្រោយមកបញ្ហានេះបានកើតមានជាដដែល ។ ជាក់ស្តែងចាប់តាំងពីបុណ្យភ្ជុំមកបញ្ហានេះបានកើតមានឡើងជាដដែល ។ សង្ឃឹមថា ក្រោយពីកិច្ចប្រជុំរបស់អាជ្ញាធរក្រុងនេះទៅក្រុមហ៊ុននឹងចាត់ចែងវិធានការ ប្រមូលសំរាមអោយអស់ទាន់ពេលវេលាជាពុំខាន ៕
ចែករំលែកព័តមាននេះ