ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកនិយាយយ៉ាង​ចាក់ដោត៖ យក​ស្រី​យួន​លក់​ថ្នាំ​ញៀន​ មក​ធ្វើ​នុយ​ស្ទូច​…​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ច្រើន​នាក់​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ តែ​ត្រូវ​បាន​ពលរដ្ឋ​ក្នុងភូមិ​តវ៉ា​ឱ្យ​ដោះ​លែង ក៏​មានការ​បាញ់បោះ​៦​គ្រាប់ ហើយនាំ​គ្នា​រត់ឡើង​រថយន្ត​និង​ម៉ូតូ​គេច​ខ្លួន​អស់ ​ដោយសារ​តែ​ការ​ផ្ទុះអាវុធ​នោះ​បាន​ធ្វើឱ្យ​​ស្ត្រី​ចាស់​ក្មេង​២​នាក់​ភ័យ​ស្លន់​រហូត​សន្លប់ ។ ចំណែក​ជន​សង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​ ក៏​មិន​បាន​នាំ​ទៅ​ជាមួយ​ទេ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ច្រើន​នាក់​បាន​ធ្វើការ​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ តែ​ត្រូវ​បាន​ពលរដ្ឋ​ក្នុងភូមិ​តវ៉ា​ឱ្យ​ដោះ​លែង ក៏​មានការ​បាញ់បោះ​៦​គ្រាប់ ហើយនាំ​គ្នា​រត់ឡើង​រថយន្ត​និង​ម៉ូតូ​គេច​ខ្លួន​អស់ ​ដោយសារ​តែ​ការ​ផ្ទុះអាវុធ​នោះ​បាន​ធ្វើឱ្យ​​ស្ត្រី​ចាស់​ក្មេង​២​នាក់​ភ័យ​ស្លន់​រហូត​សន្លប់ ។ ចំណែក​ជន​សង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​ ក៏​មិន​បាន​នាំ​ទៅ​ជាមួយ​ទេ ទុក​ចោល​ទាំង​ដៃ​ជាប់​ខ្នោះ ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ តុលា នៅ​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ជា​តំបន់​ខ្មែរ​អ៊ិ​ស្លា​ម​​រស់នៅ​ច្រើន ។ កុមារី​រង​គ្រោះ​ដោយសារ​តែ​ការ​ភ័យ​តក់ស្លុត​នឹង​ស្នូរ​គ្រាប់កាំភ្លើង រហូត​សន្លប់​មានឈ្មោះ លី​ហ្សា អាយុ​១៣​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ និង​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​មាន​ជំងឺ​បេះដូង​ឈ្មោះ អៃ សាស់ អាយុ​៥០​ឆ្នាំ ខ្មែរ​អ៊ិ​ស្លា​ម ដួល​សន្លប់​ស្ដូកស្ដឹង​ដូច​គ្នា ​សម្រាក​ព្យាបាល​នៅផ្ទះ ។ ចំណែក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង​ញៀន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​មានឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ ស៊ិ​ន យ៉ា​ស់ អាយុ​៣៥​ឆ្នាំ ភេទ​ស្រី អ្នក​ទាំង​ពីរ​ជា​ខ្មែរ​អ៊ិ​ស្លា​ម​ដូច​គ្នា ។

អ្នក​រស់នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល មាន​ស្ត្រី​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា ឈ្មោះ​ស្រី​កា ជា​ជនជាតិ​វៀតណាម​ និង​ជា​អ្នកស៊ើប​ការណ៍​ឱ្យ​​សមត្ថកិច្ច​ បាន​ដើរ​ចូល​ទៅ​ក្នុង​ភូមិ ។ អ្នក​ភូមិ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ខ្លួន​ស្ត្រី​នោះ ​មាន​គ្រឿងញៀន​នៅ​ជាប់​នឹង​ខ្លួន​ដើរមក​ហៅ​ឱ្យ​​គេ​ទិញ ព្រោះ​ធ្លាប់​ជា​អ្នកលក់​ថ្នាំ​ញៀន ។ លុះ​មួយសន្ទុះ​ក្រោយ ​ក៏​មាន​ខាង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មិន​ច្បាស់​ថា​ មក​ពី​ការិយាល័យ​មួយ​ណា​ទេ មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់ ​បាន​ចុះ​មក​ដល់​ដោយ​ជិះ​រថយន្ត​មួយ​គ្រឿង​​មិន​ចាំ​ម៉ាក ។ អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ មាន​ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច និងមាន​ម៉ូតូ​២​គ្រឿង​ទៀត បើកបរ​ដោយ​បុរស​៤​នាក់​ស្លៀកពាក់​ស៊ី​វិល ជិះ​ចូល​មក​ក្នុងភូមិ​បាន​ធ្វើ​សកម្មភាព​បង្ក្រាប នឹង​ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​ខាងលើ​វាយ​ខ្នោះ​ភ្លាម​ៗ ​ដោយ​ចោទប្រកាន់​ថា មាន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​ថា ពួក​គេ​បាន​នាំ​គ្នា​សួរនាំ​ជុំវិញ​ការ​បង្ក្រាប និង​សួរ​រក​អង្គភាព តែ​ត្រូវ​ខាង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​នោះ ឆ្លើយ​តប​វិញ​ដោយ​សម្តី​គ្មាន​សុជីវធម៌​ថា​ កុំ​ចេះ​ដឹង​…​អាណា​ហ៊ាន​ថតរូប​និង​សួរនាំ​ច្រើន​ ប្រយ័ត្ន​អញ​បាញ់​បំបែក​ក្បាល​ចោល ។ ប្រភព​ដដែល​បន្ត​ថា ពេល​ឮ​សម្តី​បែប​នេះ​ភ្លាម​ៗ ​ធ្វើ​ឲ្យ​អ្នក​ភូមិ​អស់​ទំនុកចិត្ត និង​ខឹងសម្បារ​យ៉ាង​ខ្លាំង បាន​នាំ​គ្នា​ចេញ​មុខ​តវ៉ា​កាន់តែ​ច្រើន​ឡើង និង​ព្យាយាម​ជួយ​ការពារ​បុរស​ស្ត្រី​សង្ស័យ​​ទាំង​ពីរ​នាក់ មិន​ព្រម​ឲ្យ​សមត្ថ​កិច្ច​នាំ​ខ្លួន​ចេញ​ទៅ​ទេ ដោយ​ពួក​គាត់​អះអាង​ថា បុរស​ស្ត្រី​ទាំង​២​នាក់​​នោះ ជា​មនុស្ស​ស្លូតបូត​នៅ​ក្នុងភូមិ​អ្នក​ណា​ក៏​ស្គាល់ ទើប​ពួក​គាត់​ព្យាយាម​ជួយ​ការពារ​ដោយ​អ្នក​ភូមិ​អះអាង​ថា មិនមែន​ករណី​បង្ក្រាប​បទល្មើស​ទេ ​គឺជា​ករណី​កៀបស៊ី​តែ​ម្តង ។

អ្នក​ភូមិ​ជា​ខ្មែរ​អ៊ិ​ស្លា​ម​បាន​បន្ត​ទៀត​ថា ​ដោយសារ​តែ​មាន​ប្រតិកម្ម​ពី​អ្នក​ភូមិ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន ដក​កាំភ្លើង​គំរាម​​និង​បាញ់​ឡើង​ទៅ​លើ​អស់​៦​គ្រាប់ បណ្តាល​ឲ្យ​អ្នក​ភូមិ​ភ័យ​តក់ស្លុត​ព្រលឹង​ចុង​សក់ រត់​ជាន់​ជើង​គ្នា បណ្ដាល​ឲ្យ​កុមារី​ម្នាក់​នឹង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ មាន​ជំងឺ​បេះដូង​កំពុង​ឈរ​នៅ​ជិត​នោះ​ភ័យ​នឹង​ស្នូរ​គ្រាប់កាំភ្លើង បាន​ដួល​សន្លប់​ស្តូកស្តឹង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ផ្អើល​ឆោឡោ​គ្រប់​គ្នា​យ៉ាង​រញ៉េរញ៉ៃ ។ ឃើញ​ដូច្នេះ​ ភាគី​ដែល​អួត​ថា ជា​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ប្រឆាំង​គ្រឿងញៀន ភ័យ​ខ្លួន​បាន​ទុក​ជន​សង្ស័យ​ចោល​​ទាំង​ដៃ​ជាប់​ខ្នោះ ហើយ​នាំ​គ្នា​រត់​ប្រាស់​អាយុ​ឡើង​រថយន្ត​ឡើង​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​អស់​ទៅ ។

បន្ទាប់​ពី​កើតហេតុ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ដ្ឋា​ន ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ តែ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ធ្វើ​ឡើងដោយ​កម្លាំង​សមត្ថកិច្ច​មក​ពី​ខាង​ណាឱ្យ​​ពិតប្រាកដ​ទេ ព្រោះ​ពួក​គេ​ចុះ​ប្រតិបត្តិការ​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។បច្ចុប្បន្ន​ សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ស្រាវជ្រាវ និង​តាមដាន​រក​អ្នក​បង្ក្រាប​និង​អ្នក​ផ្ទុះអាវុធ ដើម្បី​បំភ្លឺ​ពី​ហេតុ​ការណ៍​ឲ្យ​បាន​ច្បាស់លាស់ ទើប​អស់ចិត្ត ។ ចំណែក​អ្នក​ជាប់​ខ្នោះដៃ​ត្រូវ​បាន​អ្នក​ភូមិ​នាំ​គ្នា​យក​ដែក​ឆ្កិះ​ដោះ​ចេញ​ដោយ​ខ្លួនឯង​ភ្លាម​ៗ ។ អ្នក​រស់នៅ​ក្នុងភូមិ​កន្លែង​កើតហេតុ បាន​ស្នើ​សុំ​ដល់​មន្ត្រីជាន់ខ្ពស់​ ដែល​ពាក់ព័ន្ធ​មេត្តា​ជួយ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រកមុខ​សមត្ថកិច្ច​ ដែល​ដឹកនាំ​បង្ក្រាប​និង​ផ្ទុះអាវុធ​នោះ​ចេញ​មកបក​ស្រាយ ឱ្យ​​ច្បាស់​ផង​ថា នេះ​ជា​ករណី​បង្ក្រាប​គ្រឿងញៀន ​ឬ​ជា​ករណី​កៀបស៊ីឱ្យ​​ពិតប្រាកដ បាន​មក​បង្ក​បញ្ហា ​ហើយ​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​គេចខ្លួន​បាត់​ស្រមោល​អស់បែប​នេះ ។

ព្រោះ​ពេល​ពួក​គេ​ចុះ​ប្រតិបត្តិការ​តែងតែ​ហាមឃាត់ មិន​ឲ្យ​អ្នក​សារព័ត៌មាន​ថតរូប​ និង​យក​ព័​​ត៌​មាន ដោយ​យក​លេស​ថា ខ្លាច​បែក​រឿង​ ឬ​កំពុង​ស្រាវជ្រាវ​បន្ត បើ​ហ៊ាន​ថតរូប​ ឬ​សួរនាំ ច្បាស់​ណាស់​ប្រាកដជា​ពួក​គាត់​ដក​យក​ទូរស័ព្ទ​និង​កាមេរ៉ា ទៅ​ទុក​ឬ​ក៏​បោក​ចោល​ជា​មិន​ខាន ហើយ​ថែម​ទាំង​គំរាម​​ចាប់ខ្លួន​ទៀត​ផង ។ មតិ​​ភាគច្រើន ​បាន​លើក​ឡើង​ថា តើ​ខាង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ មក​ពី​ឋាន​ណា​ពេល​បង្ក្រាបបទ​ល្មើស​​ម្តង​ៗ ​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ធ្វើ​អ្វី ? បើ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​ ព័ត៌មាន​ផ្សាយ​ស្តី​ពី​ស្នាដៃ​របស់​ខ្លួន​សោះនឹង តើ​មាន​អ្វី​លាក់បាំង?

អ្នកស្រុក​ម្នាក់​​និ​យាយ​ថា យក​ស្រី​យួន​លក់​ថ្នាំ​ញៀន​ មក​ធ្វើ​នុយ​ស្ទូច​បាន​តែ​ត្រី​ចង្វា បាញ់​ផ្អើល​ពេញ​បឹង ពេញ​ព្រែក​ប្រា អួត​ឯង​គ្រាន់បើ​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ