រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានជិះម៉ូតូម៉ាកZOOMERXមួយគ្រឿង ធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រែកព្នៅ ហើយលិចបាត់រកសពមិនទាន់ឃើញនៅឡើយ ដោយបន្សល់ទុកតែម៉ូតូនៅលើស្ពាន ។ ហេតុការណ៍ធ្វើអត្តឃាតនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១៦ តុលា នៅលើស្ពានព្រែកព្នៅ ហៅស្ពានលីយ៉ុងផាត់ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
នារីមានវិបត្តិរូបនោះ ត្រូវបានក្រុមគ្រួសារអោយដឹងថា ឈ្មោះ សែ ពុធធារី អាយុ២៤ឆ្នាំ មានលំនៅភូមិព្រែកលៀប សង្កាត់ព្រែលលៀប ខណ្ឌជ្រោយចង្វា ។ តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតរូបនោះ បានជិះម៉ូតូម៉ាក ZOOMERX ពណ៌ក្រហម លាយស ពាក់ស្លាកលេខភ្នំពេញ ១HA២៧៣២ធ្វើដំណើរពីទិសខាងកើតឡើងស្ពាន ។ នៅពេលមកដល់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូ ហើយតោងបង្កាន់ដៃស្ពាន អត់មាននិយាយអីមួយម៉ាត់សោះឡើយ លោតចុះទៅក្នុងទន្លេបណ្តាលឱ្យលិចបាត់ បន្សល់តែម៉ូតូ ។ តាមព័ត៌មានឱ្យដឹងថា ភ្លាមៗបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងនគរបាលក៏បាននាំយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីរង់ចាំបងប្អូនមកតាមរក ។
ទាក់ទិនការធ្វើអត្តឃាតនេះគេពុំដឹងថា នារីរូបនោះមានវិបត្តិអ្វីទេ ទើបបានដាច់ចិត្តសម្លាប់ខ្លួនទាំងវ័យក្មេងបែបនេះ ។ ចំណែកឪពុកដែលបានតាមមកដល់លើស្ពានក៏មិនបានដឹងពីមូលហេតុ នៃការធ្វើអត្តឃាតរបស់កូនស្រីនោះឡើយ ។ ក្រុមគ្រួសារកំពុងបានស្វែងរកសព តែពុំទាន់ឃើញនៅឡើយទេ រហូតមកដល់ម៉ោង៥ល្ងាចថ្ងៃទី១៧ តុលា ៕
ចែករំលែកព័តមាននេះ