រាជធានីភ្នំពេញ ៖ បុរសសង្ហាវ័យក្មេងម្នាក់ស្រវឹងជោគជាំបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនទៅបុកគូទរថយន្ត១គ្រឿងទៀតដែលគេចតទុកនៅខាងមុខផ្ទះត្រង់ចំណុចខាងលិចស្តុបឧកញ៉ាម៉ុងរិទ្ធី (ស្តុប២៤ម៉ោង) ប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវសម្តេចជា ស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ព្យាយាមបើករត់ក៏ត្រូវសមត្ថកិច្ចឃើញជិះដេញតាមស្ទាក់ឃាត់ជាប់នៅខាងមុខយានដ្ឋានអ៊ីប៉ូល ក្បែរសួនសុបិនចំការព្រីង តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោកឃ្លាង បែរជាបុរសសង្ហារូបនោះខឹងបានជេរប្រមាថ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យ៣០ឆ្នាំម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស LS460L ពណ៌ស្ករ គ្មានស្លាកលេខ បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ តាមបណ្ដោយផ្លូវសម្តេចជា ស៊ីម ទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។
លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានបួងចង្កូតបត់ឆ្វេងត្រលប់ក្រោយ តែមិនដឹងថាយ៉ាងម៉េចបែរជារថយន្តខាងលើបត់មួយជុំទៅទិសដៅដដែលវិញ ។ រួចក៏ជ្រុលចង្កូតឡើងខឿនទៅបុកគូទរថយន្តមួយគ្រឿងទៀត ម៉ាកតូយូតាហាយឡាក់វីហ្គោ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AW-6748 ដែលឈប់ចតស្ងៀមនៅខាងមុខផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រពឹតផ្នែកខាងក្រោយចំហៀងខាងស្តាំ ។
ភ្លាមៗនោះរថយន្តបង្កខាងលើបានព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុក៏ត្រូវសមត្ថកិច្ចមូលដ្ឋានជិះល្បាតប្រទះឃើញក៏ជិះដេញតាមពីក្រោយរហូតមកដល់ខាងមុខយានដ្ឋានអ៊ីប៉ូល ក្បែរសួនសុបិនចំការព្រីង តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់គោកឃ្លាង ទើបអាចស្ទាក់ឃាត់ជាប់។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានចុះពីលើរថយន្តទាំងស្ថានភាពស្រវឹងជោគជាំ ហើយព្យាយាមដើរគេចចេញតែសមត្ថកិច្ចបានឃាត់មិនឲ្យចេញទៅណានោះទេ បែរជាបុរសខាងលើស្រែកជេរប្រមាថពាក្យឆ្កែឆ្មាទៅលើសមត្ថកិច្ចមូលដ្ឋានរហូតឈានដល់ការប្រតាយប្រតប់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ខណៈពេលនោះអ្នកសារព័ត៌មានជាច្រើនរូបក៏បានចុះទៅផ្តិតយកព័ត៌មាន ហើយក៏ត្រូវបុរសស្រវឹងជោគជាំខាងលើ បំរុងស្ទុះមកវាយទៀត តែត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗតែមង្ត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ