ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​…​លោក​មេឃុំ​លាតត្រដាង​បន​ល្បែង​របស់​ក្រុម​មន្ត្រី

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទំនងជា​អស់​លទ្ធភាព​ក្នុង​ការ​ប្ដឹង​សុំ​ជំនួយ​អន្តរាគមន៍​ច្រើន​លើក​ច្រើនសា​ពី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​លោក​អភិបាលស្រុក​សំឡូត ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​ឬ​បង្ក្រាប​ល្បែងស៊ីសង ដែល​ទទួល​រង​នូវ​ការ​រិះគន់​កប់​ៗ​មាត់​ពីប្រជាពលរដ្ឋ​ផង​នោះ ទើប​លោក​មេឃុំ និង​មន្ត្រីក្រោម​ឱវាទ សម្រេច​ទម្លាយ​រឿងអាស្រូវ​នេះ​ដល់អ្នក​សារព័ត៌មាន ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ក្រែង​បាន​លេចឮ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត…

ខេត្តបាត់ដំបង ៖ ទំនងជា​អស់​លទ្ធភាព​ក្នុង​ការ​ប្ដឹង​សុំ​ជំនួយ​អន្តរាគមន៍​ច្រើន​លើក​ច្រើនសា​ពី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​លោក​អភិបាលស្រុក​សំឡូត ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​ឬ​បង្ក្រាប​ល្បែងស៊ីសង ដែល​ទទួល​រង​នូវ​ការ​រិះគន់​កប់​ៗ​មាត់​ពីប្រជាពលរដ្ឋ​ផង​នោះ ទើប​លោក​មេឃុំ និង​មន្ត្រីក្រោម​ឱវាទ សម្រេច​ទម្លាយ​រឿងអាស្រូវ​នេះ​ដល់អ្នក​សារព័ត៌មាន ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ក្រែង​បាន​លេចឮ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​សមត្ថកិច្ច
គ្រប់​ស្ថាប័ន ជួយ​អន្តរាគមន៍​បង្ក្រាប​បន​ល្បែងរបស់​មន្ត្រី​នគរបាល​នោះ ដែល​កំពុង​កើត​មាននៅ​ក្នុង​មូលដ្ឋាន ។

លោក ប៉ុ​ម ម៉ុ​ន មេឃុំ និង​លោក ព្រំ តុល ជំទប់​ទី​១​ឃុំ​ស៊ុ​ង ស្រុក​សំឡូត បាន​ផ្ដល់​បទ​សម្ភាសន៍​ស្ដី​ពី​ល្បែង​ស៊ីសង​នេះ​ ដោយ​ផ្ទាល់​ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា នៅ​ខាង​មុខ​អគារ​សាលាឃុំ​ដែល​កំពុង​សាងសង់ ។ លោក ប៉ុ​ម ម៉ុ​ន និ​យា​យះ​ថា «​ក្នុងនាម​ខ្ញុំ​ជា​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​អស់ ហាក់ដូចជា​អស់​លទ្ធភាព​ហើយ ក្នុង​ការ​ស្នើ​សុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន គ្រប់​លំដាប់​ថ្នាក់ រួម​ទាំង​លោក​អភិបាលស្រុក​សំឡូត​ផង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ឬ​បង្ក្រាប​បន​ល្បែង​នេះ ព្រោះ​រហូត​មក​ដល់​ពេល​នេះ​សំណូ​ម​ពរ​របស់ខ្ញុំ​គ្មាន​ប្រសិទ្ធភាព​ទេ​» ។លោក​មេឃុំ​រូប​នេះ​បាន​ចង្អុលមុខ​ចំ​ៗ​ថា ឈ្មោះស៊ូ គឹ​ម​អាន ជា​មន្ត្រី​នគរបាល​នៅ​អង្គភាព​វរៈព្រំដែន​គោក​លេខ​៣១០ គឺជា​អ្នក​បើក​ល្បែង​នោះ ។

លោក​មេឃុំ​បន្ត​ថា ទីតាំង​ល្បែង​នេះ ស្ថិតនៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ។ ល្បែង​ដែលកំពុង​ដំណើរ​សព្វថ្ងៃ​មាន ភ្នាល់​កីឡា អាប៉ោង និង​បៀ ដែល​មាន​គ្រប់​សមាសភាព​ចូល​លេង ។ លោក​ដង្ខៅ​ល្បែង​ឈ្មោះ គឹ​ម​អាន បាន​បើក​ដំណើរការ​ល្បែង​គ្មាន​ច្បាប់​នេះ​ប្រមាណ​៣​ឆ្នាំ​ហើយ តែ​បាន​ផ្អាក​មួយ​រយៈ​បន្ទាប់​ពី​កម្លាំង​ស្នងការដ្ឋាន​ខេត្ត​ចុះ​បង្ក្រាប​ម្ដង ។ ប៉ុន្តែ​មិន​បាន​មួយ​ដង្ហើមចង្រិត​ផង បន​ល្បែង​នេះ​បាន​បើក​ដំណើរការ​វិញ។លោក​មេឃុំ​ស៊ុ​ង ក៏​ដូច​លោក ព្រំ តុល ជំទប់ទី​១​ដែរ បាន​លើក​ឡើង​ថា ក្រុមការងារ​ក្នុង​ឃុំ​របស់​លោក តែង​លើក​ឡើង​អំពី​បញ្ហា​ល្បែង​ស៊ីសង​របស់​មន្ត្រី​នគរបាល​ឈ្មោះ ស៊ូ គឹ​ម​អាន នេះ​ស្ទើរ​រាល់ពេល​បើក​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​ម្ដង​ៗ ដើម្បី​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច និង​លោក​អភិបាលស្រុក​ជួយ​ដោះ​ស្រាយ តែ​គ្មាន​ថ្នាក់ដឹកនាំ​មួយ​ណា​យកចិត្តទុកដាក់​ចំពោះ​សំណូមពរ​របស់​លោក​ឡើយ ទាំង​លោក កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក ទាំង​លោក​សើ សា​ម៉េ​ត អភិបាលស្រុក ។

លោក​មេឃុំ​បាន​រំឭក​ថា ដោយសារ​តែ​បនល្បែង​របស់​មន្ត្រី​ឈ្មោះ គឹ​ម​អាន នេះ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​បាន​រិះគន់​រូប​លោក​និង​សមាជិក​ឃុំ​យ៉ាង​ចាស់ដៃ​ស្ទើរ​ងើបមុខ​មិន​រួច នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​គោល​នយោ​បាយ​«​ភូមិ ឃុំ​មាន​សុវត្ថិភាព​» ឬ​នៅ​ក្នុង​វេទ​កា​សាធារណៈ​ម្ដង​ៗ ។ លោក ប៉ុ​ម ម៉ុ​ន និយាយ​ថា នៅ​ក្នុង​វេ​ទិកា​សាធារណៈ ពលរដ្ឋ​បាន​រិះគន់​ថា «​អាជ្ញាធរ​ឬ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​អ្នក​លេងបៀ​កំប៉ិកកំប៉ុក តែ​ចំពោះ​​អ្នកបើកប​ន​ល្បែង​ធំ​ៗ ដូច​ជា​នៅផ្ទះ​មន្ត្រី​នគរបាល​ឈ្មោះ ស៊ូ គឹ​ម​អាន ដែល​អ្នក​ចូល​លេង​សុទ្ធតែ​ជា​សមត្ថកិច្ច​គ្រប់​សមាសភាព លោក​មេឃុំ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ទេ​» ។

លោក​មេឃុំ​បញ្ជាក់​ថា «​ពេល​ខ្ញុំ​ឮ​ពលរដ្ឋ​រិះគន់​នៅ​ក្នុង​អង្គប្រជុំ​បែប​នេះ ខ្ញុំ​មានការ​ឈឺចាប់​ខ្លាំង​ណាស់ ថែម​ទាំង​ខ្មាស​ពលរដ្ឋ​ស្ទើរ​ងើបមុខ​មិន​រួច​ទៀត​ផង​…​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​ឈឺចាប់​និង​ខ្មាស​ពលរដ្ឋ ដោយ​សារ​តែ​បន​ល្បែង​នេះ​មិន​ត្រូវ​បាន​គេ​បង្ក្រាប ។ ដូច្នេះ ខ្ញុំ​មាន​តែ​ពឹង​លើ​អ្នក​សារព័ត៌មាន​ទេ​…​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ក្រែង​បាន​ជ្រាប​ដល់​ថ្នាក់លើ​ជួយ​ដោះស្រាយ ព្រោះ​បើ​ពឹង​លើ​ថ្នាក់ដឹកនាំ​ស្រុក​សំឡូត មិន​អាច​ដោះស្រាយ​ចេញ​ឡើយ រីឯ​ពលរដ្ឋ​នៅ​តែ​តិះដៀល​អាជ្ញាធរ​ឃុំ​ដដែល​…​។

កោះសន្តិភាព​មិន​អាច​ធ្វើ​ទំនាក់ទំនង​ទៅ​លោកសើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត ដើម្បី​បំភ្លឺ​ករណីនេះ​​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ។ ប៉ុន្តែលោក កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូតបាន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​មេឃុំស៊ុ​ង​ថា កន្លង​មក​មិនមែន​លោក​មិន​ធ្វើ​ទេ គឺ​ក្រោយពី​លោក​មេឃុំ​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ លោក​បាន​ហៅ​ម្ចាស់​ទីតាំង​ដែល​ជា​មន្ត្រី​នគរបាល​នោះ​មក​ធ្វើ​កិច្ចសន្យា​ដើម្បី​ប​ញ្ឍ​ប់ ។ ប៉ុន្តែ ផ្ទុយ​ពី​ការ​ឆ្លើយ​តប​របស់​លោក កោ ស៊ុន​កាំ​ង លោក ព្រំ តុល ជំទប់​ទី​១​ឃុំ និង​លោកប៉ុ​ម ម៉ុ​ន មេ​ឃុំ​ស៊ុ​ង បាន​អះអាង​ថា អាជ្ញាធរ​ឃុំ ធ្លាប់​បាន​ចេញ​លិខិត​កោះហៅ​ម្ចាស់​បន​ល្បែងឈ្មោះ ស៊ូ គឹ​ម​អាននេះ​មក​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់ តែ​ជន​នេះ​គេចវេះ​មិន​ព្រម​ចូលខ្លួន​មក​សាលាឃុំ​ឡើយ ។ រហូត​មក​ដល់​បច្ចុប្បន្ន ទីតាំង​ល្បែង​នេះ​នៅ​តែ​ដំណើរការ​យ៉ាង​រលូន​ដដែល ។

លោក​មេឃុំ​រូប​នេះ​បាន​ព្រមាន​ថា ប្រសិនបើ​លោក​ប្រមូល​បាន​វត្ថុ​តាង លោក​នឹង​ឡើង​ទៅ​ប្ដឹង​លោក​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត​ដោយ​ផ្ទាល់​តែ​ម្ដង ដើម្បី​សុំ​អន្តរាគមន៍ ព្រោះ​បើ​ពឹង​លើ
​ថ្នាក់​ស្រុក​គ្មាន​ប្រយោជន៍​ទេ ។ជាមួយនឹង​បន​ល្បែងស៊ីសង​របស់​មន្ត្រី​នគរបាល​ឈ្មោះ​ស៊ូ គឹ​ម​អាន នៅ​ស្រុក​សំឡូត​នេះនៅ​ឯ​ស្រុក​សំពៅ​លូន​ឯណោះ​វិញ ប្រភព​ព័ត៌មានបាន​រាយការណ៍​ដែរ​ថា បន​ល្បែង​ដុះ​ស្លែ​ដ៏​ធំ​មួយកន្លែង​ដែល​គេ​ដឹង​ថា មានឈ្មោះ​មន្ត្រី​កង​រាជអាវុធហត្ថ​ស្រុក​ម្នាក់​ជា​ខ្នងបង្អែក​ផង ក្នុង​ចំណោ​ម​មេ​ល្បែង​ចំនួន​៣​នាក់ ក៏​កំពុង​ប្រព្រឹត្ត​យ៉ាង​វក់វី​ដែរ ដោយ​គ្មាន​ការ​ទប់ស្កាត់​ឬ​ចុះ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ឡើយ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ល្បែងអាប៉ោង​ដ៏​ធំ​នោះ ស្ថិត​នៅ​ក្បែរ​ស្ពាន​មួយ ក្នុងភូមិ​គីឡូ​១២ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ។ បន​ល្បែង​នេះ​ត្រូវ​គេ​ដឹង​ថា មាន​ភាគហ៊ុន​ចំនួន​៣នាក់ គឺ​ឈ្មោះ​តា​យេ​ន ជា​មន្ត្រី​ប៉េ​អឹ​ម​ស្រុក ឈ្មោះ​តា​ក្រឹម ជា​ពលរដ្ឋ និង​ឈ្មោះ​ព្រីង ជា​ពលរដ្ឋ ។ បន​ល្បែង​នេះ​កំពុង​បើក​លេង​នៅផ្ទះ​ឈ្មោះ​ក្រឹម ហៅ​តា​ក្រឹម និង​ពេល​ខ្លះ​ចល័ត​ទីតាំង​ដែរ តែ​គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។

មហាជន​បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​សកម្មភាព​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនេះ ដែល​គេ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុងស្រុក​សំពៅ​លូន​ផង ដូច្នេះ​ហើយ​ទើប​គ្មាន​ការ​បង្ក្រាប ។ លោក ពេជ្រ សា​រ៉ែ​ន អធិការ​នគរបាល​ស្រុក​សំពៅ​លូន ធ្លាប់​បាន​ប្រាប់​ថា ក្រុម​អ្នក​ប្រព្រឹត្ត​ល្បែង​ទាំងនោះ តែង​នាំ​គ្នា​បោះ​ទីតាំង​លេង​ចល័ត ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ជួប​ការ​លំបាក​ក្នុង​ការ​ចុះ​បង្ក្រាប ។ ប៉ុន្តែ​មហាជន​បាន​ផ្ដល់​ជា​មតិ​ជុំវិញ​វិធានការ​បង្ក្រាប​ដូច្នេះ​ថា ប្រសិនបើ​សមត្ថកិច្ច​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បន​ល្បែង​របស់​លោក​ប៉េ​អឹ​ម​ឈ្មោះ​តា​យេ​ន តា​ក្រឹម និង​ពូ​ព្រីង នេះ​មែនវា​មិន​ពិបាក​ទេ ដោយ​គ្រាន់តែ​អញ្ជើញ​មេ​ៗ​ល្បែង​ទាំងនោះ​មក​សួរនាំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទៅ​ជា​ការ​ស្រេច​ហើយ ព្រោះ​នៅ​ក្នុងស្រុក​សំពៅ​លូន អ្នក​ណា​ក៏​ស្គាល់​ដង្ខៅ​ល្បែង​ដុះ​ស្លែ​ទាំង​៣​នាក់​នេះ​ដែរ ៕ ​

អត្ថបទសរសេរ ដោយ