ខេត្តស្វាយរៀង ៖ មានភ្លៀងផ្គរន្ទះគួរឲ្យខ្លាចនាចុងរដូវវស្សា ជាក់ស្ដែងនាថ្ងៃទី១៧ តុលា ២០១៨នេះ ចាប់ពីម៉ោង៨ព្រឹក នៅតែបន្តធ្លាក់ភ្លៀងខ្លាំងចាប់ពីម៉ោង១១ និង១០នាទីព្រឹក រហូតដល់ម៉ោង១ និង៣០នាទីរសៀល ទើបរាំង បណ្តាលឲ្យលិចផ្លូវក្នុងក្រុង និងផ្សារក្នុងក្រុងស្វាយរៀងទាំងមូល ដោយសារតែមានសំរាមកកស្ទះលូទើបទឹកហូរមិនទាន់បែបនេះ។ មើលចុះគ្រប់ផ្លូវក្នុងក្រុងទាំងអស់ត្រូវទឹកលិច ទាំងស្រុង។
ហើយអ្វីគួរឲ្យអាណិតនោះគឺ លិចរោងពិធីភ្ជាប់ពាក្យកូនស្រីរបស់លោកវេជ្ជបណ្ឌិត ម្នាក់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ត្រូវទឹកភ្លៀងជន់លិចត្រឹមជង្គង់ ខណៈភ្ញៀវជិតឆ្ងាយកំពុងអញ្ជើញមកពិសា ភោជនាហារជាបន្តបន្ទាប់។ ហើយភ្ញៀវខ្លះកំពុងទទួលទានអាហារក៏ត្រូវភ្លៀងវាយលុក តែទោះបីជាយ៉ាងណាយើងឃើញភ្ញៀវនៅតែបន្តការទទួលទានអាហារក្រោមដំណក់ទឹកភ្លៀង ទោះបីទឹកលិចពាក់កណ្តាលកៅអីហើយក៏ដោយ។
ក្រុមតន្ត្រីបានផ្អាកការប្រគុំ តែបានសំឡេងទឹកភ្លៀងខ្យល់ និងផ្គររន្ទះមកប្រគុំបន្តយ៉ាងរណ្តំម្យ៉ាងដែរ។ ភ្លៀងចាប់ធ្លាក់ខ្លាំងក្រោយពិធីភ្ជាប់ពាក្យរួចដល់ពេលទទួលភ្ញៀវ ម៉ោង១១ និង១០នាទី ភ្លៀងក៏បានធ្លាក់ខ្លាំងរហូតលិចរោងត្រឹមជង្គង់ក៏ប៉ុន្តែភ្ញៀវនៅតែបន្តការទទួលទានអាហារ យ៉ាងសប្បាយមិនខ្វល់ពីដំណក់ទឹកភ្លៀងឡើយ រហូតដល់រាំងភ្លៀងនៅវេលាម៉ោង១ និង៣០នាទីរសៀល បន្តជប់លៀងពិតជាមានន័យមែន៕
