រាជធានីភ្នំពេញ ៖ ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់បានស្លាប់នៅលើរបងទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែង មើលទៅគួរឲ្យសង្វេគបំផុត បន្ទាប់ពីរូបគេបានផ្លោះរបងចូលតាមរបងក្រោយផ្ទះ ហើយផ្លោះចេញមក តាមរបងខាងមុខ មិនបានប្រយ័ត្នក៏ជ្រុលយកដៃទៅប៉ះនឹងបង្គោលភ្លើងមួយដើមធំ ដែលកំពុងឆ្លង ចរន្តស្រាប់ បណ្តាលឲ្យឆក់ស្លាប់តែម្តង។ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវលេខ ២៧១ ក្បែរវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ។
ក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ ឆន មុនី អាយុ១៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ក្មេងប្រុសរូបនេះគ្មានឪពុកម្តាយឡើយ គឺរស់នៅជាមួយម្តាយមីង ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុ គឺមានពលរដ្ឋធ្វើដំណើរទៅមកឆ្លងកាត់ទីនោះធម្មតា ស្រាប់តែពេលនោះមានពលរដ្ឋអ្នកដំណើរម្នាក់ ក្រឡេកភ្នែកមើលទៅចំណុចទ្វាររបងផ្ទះខាងលើ ឃើញហាក់មើលទៅដូចជាមានមនុស្សកំពុងដួល នៅលើរបងនោះ ទើបរូបគេឈប់ម៉ូតូឲ្យកៀក ហើយមើលឲ្យជិត ទើបដឹងថាពិតជាមនុស្សប្រាកដមែន ក៏ស្រែកហៅគេឯងក្បែរនោះឲ្យជួយមកមើលទាំងអស់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្តង។
ស្របពេលជាមួយគ្នានោះដែរ កម្លាំងប្រជាការពារ និងកម្លាំងនគរបាលមូលដ្ឋានកំពុងល្បាតក្នុងការពារ ក្នុងមូលដ្ឋាន បានជិះម៉ូតូឆ្លងកាត់ទៅនោះ ក៏ឈប់ចុះពិនិត្យមើលតែម្តង។ ភ្លាមៗ កម្លាំងនគរបាល មូលដ្ឋាន សហការជាមួយជំនាញ យកខ្សែមកហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីពិនិត្យលើសាកសព។ ប៉ុន្តែកំឡុងពេលពិនិត្យ គឺកម្លាំងនគរបាល បានរាយការណ៍ទៅកាន់ EDC ដើម្បីសុំឲ្យបិទចរន្តភ្លើងនៅចំណុចបង្គោលភ្លើងខាងលើផងដែរ។ តាមការពិនិត្យជាក់ស្តែងឃើញថា សពជនរងគ្រោះ គឺត្រូវស្លាប់ដោយសារឆ្លងចរន្តភ្លើងប្រាកដមែន ដោយរូបគេបានយកដៃឲ្យប៉ះនឹង ដែករុំព័ទ្ធបង្គោលភ្លើង ដែលកំពុងមានចរន្តភ្លើងឆ្លងចេញពីកាប៊ីនភ្លើងមកផងដែរ ទើបបណ្តាលឲ្យឆ្លងបន្តទៅកាន់រូបគេ រហូតត្រូវឆក់ស្លាប់នៅលើមាត់ទ្វាររបងតែម្តង។
ក្រោយកើតហេតុ គេសង្គេតឃើញ មានក្រុមគ្រួសារសាច់ញាតិរបស់គេបានមកទ្រហោយំមួយសន្ទុះធំនៅចំណុចខាងលើ ប៉ុន្តែពួកគេមិនបានផ្តល់ព័ត៌មានអ្វីច្រើនមកកាន់សមត្ថកិច្ចឡើយ ពោលមកបានមួយសន្ទុះក៏នាំគ្នាត្រូវ ទៅវិញអស់។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចខាងលើផ្ទះកើតហេតុ គឺជាមាត់ប្រឡាយលូ និងជាតំបន់ប្រមូលផ្តុំដោយក្រុមក្មេងៗប្រើប្រាស់ថ្នាំញៀនផងដែរ ហើយនៅវេលាខាងលើ គឺមានការចុះបង្ក្រាបគ្រឿងញៀនពីសំណាក់សមត្ថកិច្ចជំនាញ ជាហេតុនាំឲ្យជនរងគ្រោះដែលកំពុងមានវត្តមាននៅទីនោះ មានការភ័យស្លន់ស្លោ ខ្លាចសមត្ថកិច្ចចាប់រូបគេដែរនោះ ក៏ព្យាយាមលោតចូលទឹកប្រឡាយលូ ហែលឆ្លងមកខាងក្រោយផ្ទះកើតហេតុ។
ហើយផ្លោះតាមទ្វាររបងខាងក្រោយ រួចផ្លោះឡើងតាមទ្វាររបងខាងមុខវិញដើម្បីរត់គេចខ្លួន តែអកុសល ពេលឡើងទៅដល់ ក៏ត្រូវប៉ះនឹងបង្គោលភ្លើងដែលកំពុងឆ្លងចរន្តភ្លើងផងនោះ ត្រូវឆក់រហូតបាត់បង់ជីវិតតែម្តងទៅ។ ដោយឡែកប្រភពផ្សេងទៀត បញ្ជាក់ថា នៅមុនពេលកើតហេតុ គេសង្គេតឃើញជនរងគ្រោះ រត់លេងធម្មតាទេ តែដោយសារពេលនោះរូបគេបានព្យយាមរត់គេចពីសត្វឆ្កែធំៗមួយហ្វូង ជាហេតុនាំឲ្យរូបគេត្រូវបង្ខំចិត្តផ្លោះរបងចូលទៅក្នុងផ្ទះគេ ហើយផ្លោះចេញមកវិញត្រូវឆក់ស្លាប់តែម្តងទៅ ។
យ៉ាងណាមិញ ពុំមានប្រភពព័ត៌មានច្បាស់ការណ៍ណាមួយបញ្ជាក់ឲ្យដឹង ពីដំណើររឿងពិតប្រាកដឡើយ ថាតើមូលហេតុអ្វីដែលនាំឲ្យជនរងគ្រោះផ្លោះរបងចូលទៅផ្ទះគេ ហើយផ្លោះចេញមកវិញត្រូវស្លាប់បែបនេះ ? សូម្បីតែមន្ត្រីនគរបាល ឬមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៏មិនអាចបញ្ជាក់ពីដំណើររឿងកើតហេតុបានដែរ។ យ៉ាងណាមិញ ក្រោយការពិនិត្យសពរួចមក កម្លាំងនគរបាលសម្រេចដឹកសពជនរងគ្រោះតាមរថយន្ត យកតម្កល់ទុកបណ្តោះអាសន្ន នៅវត្តសំបួរមាស រង់ចាំសាច់ញាតិទៅទទួលយកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/qIPPLXEZrYs
ចែករំលែកព័តមាននេះ