ខេត្តព្រះសីហនុ ៖ ពិតជាប្លែកមិនចេះចប់មែន សម្រាប់ខេត្តព្រះសីហនុ ចាប់តាំងពីហាងឆេងដីធ្លីបានឡើងកប់ពពកមក រឿងរ៉ាវប្លែកៗបានកើតឡើងជាហូរហែ មិនចេះចប់ទាល់តែសោះ សូម្បីតែដីសាលាជាថ្នាលបណ្តុះធនធានមនុស្ស មានទាំងប័ណ្ណកម្មសិទ្ធិ ក៏ចេះតែមានមនុស្សមួយចំនួនធ្វើទៅរួចដែរ ។
ជុំវិញរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីព្រឹកថ្ងៃទី១៦ តុលាឆ្នាំ២០១៨ នៅសាលាបឋមសិក្សា មធ្យមសិក្សា និងសាកលវិទ្យាល័យឡាយហ្វ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូជាច្រើនក្នុងសាលា បានបង្ហាញទស្សនៈដូចៗគ្នាថា នៅខេត្តព្រះសីហនុប៉ុន្មាន២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានវត្តមានជនជាតិចិនជាច្រើន បានចូលទៅស្នាក់នៅជាច្រើន ដែលជាហេតុដែលធ្វើឲ្យមានការកើនឡើងចំពោះតម្លៃដីធ្លីជាខ្លាំង និងមានបញ្ហាជាច្រើន ជាមួយការរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ ជាច្រើនកន្លែង ជាក់ស្តែង ទីតាំងដីសាលាមានអាយុជិត២០ឆ្នាំមកហើយ ថែមទាំងមានប័ណ្ណកម្មសិទិ្ធស្របច្បាប់ទៅហើយ ស្រាប់តែត្រូវបានតុលាការខេត្តព្រះសីហនុ ដឹកនាំដោយលោក រស់ សារាំ ព្រះរាជអាជ្ញា
រងអមសាលាតំបូងខេត្តព្រះសីហនុ ចុះវាស់វែងរកទីតាំងដីទំនាស់រវាងឈ្មោះ ឈន វិច្ឆិកា និងឈ្មោះ ឃៀន ចន្ថា ទៅវិញ។
លោក ដេវិតឃូ ជនជាតិកូរ៉េ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់ បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរពេញលេញមកបានអះអាងថា ដោយសារតែស្រលាញ់ជនជាតិខ្មែរ រូបលោកបានមករស់នៅកម្ពុជា ជាមួយប្រពន្ធកូនតាំងពីឆ្នាំ១៩៩៧ ហើយបានបើកសាលាបណ្តុះបណ្តាលកុំព្យូទ័រ និងភាសាបរទេសដោយឥតគិតថ្លៃ រហូតមានសិស្សកើនឡើងច្រើន ទើបធ្វើអោយគាត់សម្រេចចិត្តទិញដីនៅចំណុចជើងភ្នំចំណុចទីតាំងទំនាស់ និង បានបើកសាលាជាផ្លូវការនៅឆ្នាំ២០០០ ហើយបានទិញពង្រីកផ្ទៃដីជាបន្តបន្ទាប់តាមលទ្ធភាព ដោយបានដាក់ឈ្មោះកូនសិស្សរបស់លោក ដោយកាលនោះលោកពុំទាន់បានចូលសញ្ញាត្តិខ្មែរនៅឡើយ ហើយមានប័ណ្ណកម្មសិទ្ធិ ដោយពុំមានជនណាមកប្តឹងជំទាស់ឡើយ ទើបតែពេលនេះ ស្រាប់តែលិចមុខឈ្មោះ ឈន វិច្ឆិកា បានមកអះអាងថា ដីមួយផ្នែករបស់សាលាជាដីគេទៅវិញ ទាំងដីក្នុងបណ្តឹងមិនមែនជាឈ្មោះរបស់លោក ឬជាឈ្មោះកូនសិស្សរបស់លោក ដែលមានឈ្មោះក្នុងប័ណ្ណកម្មសិទ្ធិ ។
លោកបន្តថា វាពិតជាមិនត្រឹមត្រូវឡើយ ខណៈពេលដីកាសម្រេចរបស់ប្រព័ន្ធតុលាការកម្ពុជាកាត់ក្តីឈ្នះទៅលើឈ្មោះឃៀន ចន្ថា បែរជាមកចុះវាស់វែងអនុវត្តន៍លើដីកម្មសិទ្ធិស្របច្បាប់អ្នកដទៃទៅវិញ បើធ្វើបែបនេះ បានតើប័ណ្ណកម្មសិទ្ឋធ្វើឡើងដើម្បីអ្វី? ដូចនេះសូមស្ថាប័នពាក់ព័ន្ធ មេ្តត្តាជួយរកយុត្តិធម៏ផង ។
ទាក់ទិនទៅនឹងការចុះអនុវត្តវាស់វែងលើទីតាំងដីទំនាស់នេះផងដែរ លោក រស់សារាំ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត បណ្តាញព័ត៌មានពុំទាន់អាចទាក់ទងបាននៅឡើយទេ ព្រោះទូរស័ព្ទចូលពុំមានអ្នកលើក ប៉ុន្តែលោកបានឆ្លើយតបតាមសារអេឡិចត្រូនិកដោយខ្លីថា «សំណុំរឿងនេះ ដើមបណ្តឹងបានប្តឹងតាំងពីឆ្នាំ២០០៣មកម្លេ៉ះ រហូតឈ្នះក្តីចេញសាលក្រមស្ថាពរទៀតផង មិនមែនប្តឹងភ្លាមចុះអនុវត្តភ្លែតនោះទេ» ។
ចែករំលែកព័តមាននេះ