ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ យ៉ា​នុ​ត អាចរ​ត់ទៅ​រក​អាជីព​ចាស់​ បើ​អាជីព​ថ្មី​នៅ​ទ្រឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា​កីឡាការិនី​ល្បីឈ្មោះ កញ្ញា អេ យ៉ា​នុ​ត បាន​បោះ​ជំហាន​ក្លាយជា​អ្នក​ប្រដាល់សេរី​តាំងពី​វ័យ​១៣​ឆ្នាំ ដោយ​នាង​ក៏​ប្រឹង​ពុះពារ​វិវត្តន៍​​ខ្លួន​ក្លាយជា​កីឡាការិនី​ផ្នែក​ប្រដាល់​សាកល វ៉ូ​វី​ណា​ម និង​ល្បុក្កតោ…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា​កីឡាការិនី​ល្បីឈ្មោះ កញ្ញា អេ យ៉ា​នុ​ត បាន​បោះ​ជំហាន​ក្លាយជា​អ្នក​ប្រដាល់សេរី​តាំងពី​វ័យ​១៣​ឆ្នាំ ដោយ​នាង​ក៏​ប្រឹង​ពុះពារ​វិវត្តន៍​​ខ្លួន​ក្លាយជា​កីឡាការិនី​ផ្នែក​ប្រដាល់​សាកល វ៉ូ​វី​ណា​ម និង​ល្បុក្កតោ យ៉ាង​គួរ​ឱ្យ​សរសើរ​​ផង​ដែរ ប៉ុន្តែ​គេ​នៅ​តែ​កត់​សម្គាល់ថា នាង​មិន​ទាន់​ទទួល​ជោគជ័យ​លើ​ផ្នែក​ណា​មួយ​ដែល​នាង​ផ្លាស់​ប្ដូរ​នៅឡើយ ខណៈ​ពេល​នេះ​នាង​ក៏​បាន​បំ​លាស់​ខ្លួន​ក្លាយជា​តារា​សម្ដែង​ដែល​មិន​ធ្លាប់​មាន​ចំណូលចិត្ត​ក៏​នៅ​តែ​មិន​ទាន់​ជោគជ័យ​តាម​ការ​ចង់បាន ។

យ៉ាងណាមិញ លោក អេ ភូ​ថង ដែល​រមែង​ប្រកាន់​ជំហរ​មិន​ឱ្យ​កូនស្រី​ដកខ្លួន​ពី​កីឡា​នៅ​តែ​អះអាង​ថា ខ្លួន​គាំទ្រ​កូន​ស្រី​គ្រប់​ទម្រង់ មិន​ថា​កូនស្រី​ចង់​ក្លាយជា​អ្នក​ប្រដាល់សេរី ប្រដាល់​សាកល ល្បុក្កតោ ឬ​ជា​តារា​សម្ដែង​នោះ​ទេ ដោយ​លោក​បាន​ប្រើ​ពាក្យ​ថា ឱ្យ​តែ​កូនស្រី​អាច​រក​លុយ​បាន​គឺ​លោក​គាំទ្រ​។

មក​ទល់​ពេល​នេះ ភាពយន្ត​រឿង​«​កញ្ញា​ជើង​ខ្លាំង​» ដែល​កីឡាការិនី អេ យ៉ា​នុ​ត បាន​សម្ដែង ត្រូវ​បាន​បញ្ចប់ និង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហើយ ដោយ​ភាពយន្ត​របស់​នាង​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ ។ ប៉ុន្តែ​កីឡា​ការិនី​នេះ នៅ​តែ​មិន​ទាន់​ទទួល​បាន​ទីផ្សារ​ណាមួយ​គួរ​ឱ្យ​ទាក់ទាញ​នោះ​ទេ ដោយ​នាង​បញ្ជាក់​ថា ក្រោយ​ពី​សម្ដែង​បាន​១​រឿង ផលិត​ករ​ផ្សេង​ទៀត​ហាក់​មិនសូវ​ចាប់អារម្មណ៍​ផ្ដល់​ឱកាស​ឱ្យ​នាង​សម្ដែង​បាន​ច្រើន​ប៉ុន្មាន​ឡើយ ដែល​ធ្វើ​ឱ្យ​នាង​យល់​ថា ខ្លួន​នៅ​ទ្រឹង ។

នាង​ថា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ទម្រាំ​តែ​អាច​សុំ​ឪពុក​ចូល​សម្ដែង​បាន អ៊ីចឹង​ហើយ​ទើប​នាង​យល់​ថា បើ​ការងារ​សម្ដែង​នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ​ខ្លួន​ទទួល​បាន​ជោគជ័យ​ខ្លាំង​ទៀត នោះ​គឺជា​រឿង​មួយ​ពិបាក ។ យ៉ាងណាមិញ នាង​ថា​មិន​បាក់ទឹកចិត្ត​នោះ​ទេ ដោយសារ​តែ​ឪពុក​របស់​ខ្លួន​ទម្រាំ​តែ​បាន​ទទួល​ជោគជ័យ​ក៏​ត្រូវ​ប្រើ​ពេល​ច្រើន​គួរសម​ដែរ ។ កញ្ញា​ថា កាលពីមុន​ឪពុក​បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​មិន​ឱ្យ​នាង​សម្ដែង​ហើយ​​បោះបង់​កីឡា​នោះ​ទេ ដោយសារ​តែ​លោក​បារម្ភ​ខ្លាច​នាង​សប្បាយ​នឹង​ការ​តែងខ្លួន ក្នុង​អាជីព​សម្ដែង ហើយ​ឈប់​ចង់​ងាក​ទៅ​រក​ការ​ប្រដាល់ ។

ក្នុង​នោះ​សូ​ម្បី​តែ​ម្ដាយ​របស់​នាង​ដែល​ជា​គ្រូបង្វឹក​កីឡាករ និង​ជា​អាជ្ញាកណ្ដាល​នៅ​ប៉ុស្ដិ៍​បាយ័ន ក៏​មិនសូវ​ចង់ឱ្យ​នាង​សម្ដែង​ដែរ​ព្រោះ​ចង់ឱ្យ​នាង​បន្ត​ស្នងការ​ប្រដាល់ និង​អាជីព​កីឡា​ផ្សេង​ទៀត ក្នុង​ពេល​ដែល​ម្ដាយ​នាង​ក៏​ចង់ឱ្យ​នាង​ក្លាយជា​គ្រូបង្វឹក​កីឡា​ច្រើន​ជាង​ការ​សម្ដែង ។

នាង​អះអាង​ថា ការ​ប្រដាល់​នា​ពេល​កន្លង​មក បើ​ទោះជា​មាន​ចំណូលចិត្ត​ផ្សំ តែ​ក៏​មាន​ការ​​ជំរុញ និង​បង្គាប់​ពី​ឪពុក​ម្ដាយ​មួយ​ផ្នែក​ផង​ដែរ ស្របគ្នា​ដែល​នាង​ក៏​ចង់បាន​ប្រាក់​ចំណូល​​ផ្ទាល់ខ្លួន​ច្រើន​ជាង ទើប​ប្រឹង​ឡើង​ប្រកួត​ទាំង​វ័យក្មេង ដើម្បី​បន្ថយ​បន្ទុក​របស់​គ្រួសារ ។ អ៊ីចឹង​ហើយ​ទើប​គ្រាន់តែ​មានឱកាស​សម្ដែង​ភាពយន្ត គឺ​នាង​រំពឹង​តែ​ម្ដង​ថា​ខ្លួន​នឹង​អាច​រក​លុយ​ពី​ការងារ​ថ្មី​មួយ​នេះ​បាន​ច្រើន​ជាង​កីឡា តែ​ចុង​ក្រោយ​ក្រោយ​សម្ដែង​បាន​មួយ​រឿង គឺ​ហាក់​ស្ងប់ស្ងាត់ ដែល​ធ្វើ​ឱ្យ​នាង​យល់​ថា​នៅ​ទ្រឹង​លើ​អាជីព​មួយ​នេះ មិន​ខុស​គ្នា​នឹង​ការ​ប្រដាល់​ដែល​នាង​តស៊ូ​កន្លង​មក ។

នាង​ថា សប្បាយចិត្ត​ណាស់ ទម្រាំ​អាច​កែប្រែ​ជំហរ​លោក អេ ភូ​ថង ដែល​ជា​អ្នកមាន​ឥទ្ធិពល​ជាងគេ​នៅ​ក្នុង​ជីវិត​របស់​នាង ឱ្យ​ទទួលយក​ជម្រើស​របស់​នាង​ឈោង​ចាប់​អាជីព​​សម្ដែង ក្នុង​រឿង​«​កញ្ញា​ជើង​ខ្លាំង​» ដោយ​នាង​រំពឹង​ថា តាម​រយៈ​ការ​សម្ដែង​មួយ​រឿង​​នេះ គឺ​នាង​មាន​ទីផ្សារ​សម្ដែង​ច្រើន​ទៀត ប៉ុន្តែ​ចុង​ក្រោយ​បែរជា​ស្ងប់ស្ងាត់​ទៅ​វិញ​។

អ្វី​ដែល​នាង​បារម្ភ គឺ​លោកឪពុក​បាន​ជំរុញ​ឱ្យ​នាង​លាឈប់​កីឡា ដោយ​រំពឹង​ថា​នឹង​មាន​ទីផ្សារ​សម្ដែង​ជំនួស អ៊ីចឹង​ហើយ​ទើប​នាង​អាច​នឹង​ពិបាក​បើ​អាជីព​កីឡា​ក៏​មិនសូវ​ទៅ​មុខ​រលូន ហើយ​ងាក​មក​ការ​សម្ដែង​ក៏​ស្ងាត់​ក្រោយ​បាន​តំណែង​មួយ​រឿង​នៅ​ប៉ុស្ដិ៍​លេខ​៥​នោះ​ទៀត ។ ទោះបី​យ៉ាងណា នាង​ថា​សប្បាយចិត្ត​ដែល​លោក អេ ភូ​ថង ឈប់​ដាក់​សម្ពាធ​ឱ្យ​ខ្លួន ដោយ​នាង​ចង់​សម្ដែង​ក៏​បាន ហើយ​ចង់​ឈប់​សម្ដែង​ងាក​ទៅ​ស៊ប់​នឹង​កីឡា​វិញ​ក៏​បាន ។

នាង​និយាយ​ថា «​សម្រាប់​ខ្ញុំ​ពិតជា​ចង់​ជោគជ័យ​ក្នុង​អាជីព​សម្ដែង​ណាស់ ដល់​បាន​តែ​មួយ​​​រឿង​បែរជា​នៅ​ទ្រឹង ទើប​ចង់​ខ្មាស​ប៉ា ព្រោះ​ធ្លាប់​ប្រាប់​គាត់​ថា អត់​ចង់​ប្រដាល់​ទេ ចង់​សម្ដែង​ឱ្យ​ស្រួលខ្លួន តែ​ដល់​ពេល​អ៊ីចឹង គឺ​មាន​តែ​ដើរ​តាម​ជំហាន​ៗ ហើយ​បែប​ប្រដាល់​ផង សម្ដែង​ផង អីហ្នឹង​ឯង​!»​។ នាង​ថា ខ្លួន​កាន់តែ​មាន​វ័យ​ច្រើន មិន​ចង់​បន្ត​ប្រដាល់​ទេ ប៉ុន្តែ​​បើ​ស្ថានភាព​បែប​ហ្នឹង​គឺ​មាន​តែ​ចាប់​ខាង​នេះ​ខ្លះ​ខាង​នោះ​ខ្លះ​ប៉ុណ្ណោះ​។

លោក អេ ភូ​ថង និយាយ​ថា កូនស្រី​របស់​លោក​ដ្បិតថា​នៅ​វ័យក្មេង តែ​នាង​មានការ​តាំងចិត្ត​ខ្ពស់​មិន​ខុស​ពី​មនុស្ស​ពេញវ័យ​នោះ​ទេ​។ លោក​ថា នាង​តស៊ូ​តាំងពី​ប្រដាល់​រហូត​ដល់​ក្លាយជា​អ្នក​សម្ដែង ។ ដូច្នេះ​បើ​ការងារ​សម្ដែង​ចុង​ក្រោយ​មិនសូវ​ទទួល​ជោគជ័យ ក៏​លោក​នឹង​ជំរុញ​លើ​ផ្នែក​កីឡា​វិញ​ដែរ ដើម្បី​ឱ្យ​នាង​អាច​រក​ចំណូល​បាន គ្រាន់​មិន​ពិបាក​ដល់​លោក​ក្នុង​ពេល​ដែល​លោក​ក៏​កាន់តែ​ចាស់​មិន​អាច​រក​លុយ​បាន​ស្រួល​ដូច​មុន ។

លោក​ថា​៖«​ពី​មុន​ខ្ញុំ​ចេះ​តែ​ឱ្យ​កូន​ប្រដាល់​ទៅ​គ្រាន់​បាន​លុយ​ទប់​គ្រួសារ ប៉ុន្តែ​បើ​គាត់​មាន​គេ​ហៅ​ថត ឬ​មានការ​អី​ផ្សេង មិន​ឱ្យ​គាត់​បន្ត​ទេ ព្រោះ​កូន​យើង​កាន់តែ​ធំ ពិបាក​ដែរ​រឿង​ប្រដាល់​ហ្នឹង ហើយ​បើ​បែរជា​គាត់​សម្ដែង​មិនសូវ​មានការ​ហៅ​ថត ឱ្យ​គាត់​បង្វឹក​ក្មេង ឬ​ប្រដាល់​​អី​វិញ​ខ្លះ​ចឹ​ង​ទៅ​!»​។

លោក​ទទូច​ឱ្យ​ផលិតករ​ផ្ដល់​ឱកាស​ដល់​កូន​ស្រី​លោក​ប្រឡូក​ការ​សម្ដែង​បាន​ច្រើន ដើម្បី​​ឱ្យ​នាង​អាច​រកបាន​ចំណូល​មួយ​ខ្ពស់ ក្នុង​ពេល​ដែល​លោក​ក៏​យល់​ថា អេ យ៉ា​នុ​ត ជា​កូនស្រី បើ​បាន​ក្លាយជា​អ្នក​សម្ដែង​គឺ​ល្អ​ជាង​ចាប់​អាជីព​ប្រដាល់​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ