ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​ទោះ​លំបាក​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ជា​និច្ច​លើ​គោលនយោបាយ​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ គឺជា​ខួប​២៧​ឆ្នាំ នៃ​ការ​ឯកភាព​គ្នា រវាង​ខ្មែរ និង​ខ្មែរ​ក្នុង​ការ​ឯកភាព​គ្នា​ឈាន​ដល់​បញ្ចប់សង្គ្រាម…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ គឺជា​ខួប​២៧​ឆ្នាំ នៃ​ការ​ឯកភាព​គ្នា រវាង​ខ្មែរ និង​ខ្មែរ​ក្នុង​ការ​ឯកភាព​គ្នា​ឈាន​ដល់​បញ្ចប់សង្គ្រាម ហើយ​នាំ​មក​នូវ​សន្តិភាព​វិញ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា «​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១» ។

បើ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៨​នេះ គឺជា​២៧​ឆ្នាំ ហើយ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ។ លោក​សុខ ឥ​សាន មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ តុលា​នេះ​ថា ក្រោយ​ថ្ងៃជ័យ​ជំនះ​៧​មក​រា ១៩៧៩ ទោះបី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​កាន់កាប់​ប្រជាជន និង​ទឹកដី​ជាង​៨០​ភាគរយ ក៏​ប៉ុន្តែ​ដោយ​មិន​ចង់​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ដោយសារ​សង្គ្រាម​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​នូវ​នយោបាយ​បង្រួបបង្រួម​ជាតិ​ស្វែងរក​ការ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​នាំ​មក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​នាំ​ឲ្យ​មានការ​ជួប​ចរចា​រវាង​សម្តេចព្រះ​នរោត្តម​សីហ​នុ និង​ប្រធាន​រដ្ឋាភិបាលចំរុះ​ត្រីភាគី​នៅ​ជាយ​ដែន និង​សម្តេច​តេ​ជោ​ហ៊ុន សែន តំណាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ។

លោក​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​បាន​សម្រេចការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ត្រូវ​មាន​យន្តការ​មួយ​ហៅ​ថា អាជ្ញាធរ​បណ្តោះអាសន្ន​អ​សប​ហៅ​កាត់​ថា អ៊ុ​ន​តាក់ និង​មាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា (SNC) ជា​តំណាង​អធិបតេយ្យភាព​កម្ពុជា​ចាត់ចែង​បណ្តា​ការងារ​សំដៅ​សម្រេច​កិច្ចព្រមព្រៀង​រួម​មាន​១- កា​រដក​កងទ័ព​បរទេស​ទាំងអស់​ចេញពី​កម្ពុជា​ដោយ​មានការ​ត្រួតពិនិត្យ​ជា​អន្តរជាតិ ។ ២- ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន នៅ​ក្រៅប្រទេស​មក​ក្នុង​កម្ពុជា​វិញ ដោយ​មានការ​ត្រួតពិនិត្យ​ពី​អ​សប​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ការ​រើសអើង​ជាតិ​សាសន៍ និង​ការ​សងសឹក ។ ៣ – ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ដោយ​អ៊ុ​ន​តាក់ ដើម្បី​បង្កើត​សភាធម្មនុញ្ញ​តាក់តែង​រដ្ឋធម្មនុញ្ញ​មួយ​សម្រាប់​កម្ពុជា​រួច ហើយនឹង​ក្លាយទៅជា​រដ្ឋសភា​ជាតិ​នីតិកាល​ទី​១ ។ ៤- ការ​ធានា​ជា​អន្តរជាតិ​នូវ​ឯករាជ្យ​អធិបតេយ្យភាព និង​ភាព​មិន​អាច​បំបែក​បាន​នៃ​កម្ពុជា ។ ៥- ការ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​ក្រោម​ការ​សន្យា​របស់​បណ្តា​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង ។

លោក​បញ្ជាក់​ថា ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣​រៀបចំ​ដោយ​អ៊ុ​ន​តាក់ បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​១​រួច​ហើយ កម្លាំង​អ៊ុ​ន​តាក់​ទាំងអស់​ត្រូវ​ដក​ចេញពី​កម្ពុជា ។ បណ្តា​ចំណុច​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួម​មាន របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ,​អំណាច​ទាំង​បី នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​ចែក​ដាច់​ពី​គ្នា និង​មាន​តុល្យភាព , ធានា​ការ​គោរព​ធម្មនុញ្ញ​អ​សប និង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​សិទ្ធិ កុមារ និង​ស្ត្រី ការ​រំលោភ​បំពាន​រាង​កាយ និង​ការ​ធ្វើ​ទារុណកម្ម​ត្រូវ​លុ​បំបាត់ និង​ហាមឃាត់ ។

ចំណែក​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​លើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​២៣ តុលា ១៩៩១ ដែល​ខ្មែរ​គ្រប់​ភាគី​ចុះហត្ថលេខា​ឯកភាព​បាន​ផ្ដល់​ដល់​កម្ពុជា​នូវ​ការ​ទទួល​បាន ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ជា​មិត្ត​ផ្ដល់​ជំនួយ​ឥត​សំណង​ប្រាក់​កម្ចីសម្បទាន​ជា​មួ យ​ការ​ប្រាក់​ទាប ដើម្បី​អភិវឌ្ឍន៍​ស្ដារ​កម្ពុជា​ឡើង​វិញ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ទៀត ជាមួយនឹង​ការ​តម្រូវ​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ​ការ​គោរព​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​.. .៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ