ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​នាំ​ចូល​ម្ទេស​ពី​វៀតណាម ក្រោយ​រក​ឃើញ​សារធាតុ​គីមី

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ក្រសួងកសិកម្ម និង​ក​សិ​ឧ​ហ្សា​ហ​កម្ម​ម៉ា​ឡេ​ស៊ី (MOA) បាន​ប្រកាស​ពី​គម្រោង​ផ្អាក​ការ​នាំ​ចូល​ម្ទេស​ពី​ប្រទេស​វៀតណាម បន្ទាប់​ពី​ប្រទះ​ឃើញ​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​ការពារ​ដំណាំ​លើស​កម្រិត ។ ទោះ​យ៉ាងនេះ​ក្ដី លោក…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ ក្រសួងកសិកម្ម និង​ក​សិ​ឧ​ហ្សា​ហ​កម្ម​ម៉ា​ឡេ​ស៊ី (MOA) បាន​ប្រកាស​ពី​គម្រោង​ផ្អាក​ការ​នាំ​ចូល​ម្ទេស​ពី​ប្រទេស​វៀតណាម បន្ទាប់​ពី​ប្រទះ​ឃើញ​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​ការពារ​ដំណាំ​លើស​កម្រិត ។

ទោះ​យ៉ាងនេះ​ក្ដី លោក Pham Quoc Anh អគ្គ​កុងស៊ុល​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​នៅ​ម៉ា​ឡេ​ស៊ី បាន​ប្រាប់​ដល់​ភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​ថា ការ​ផ្អាក​នេះ​មាន​បញ្ហា​ធំ​ៗ​ពីរ ។

លោក​ថា ៖« ជាដំបូង មិនមែន​គ្រប់​អ្នក​ផលិត​ម្ទេស​ក្នុង​ប្រទេស​វៀតណាម​បាន​ល្មើស​នឹង​ស្តង់ដា​កម្រិត​ធាតុគីមី​របស់​ម៉ា​ឡេ​ស៊ី​ទេ​។ លើស​ពី​នេះ​ទៀត ការ​សម្រេចចិត្ត​ក្នុង​ការ​ផ្អាក​នាំ​ចូល​ម្ទេស អាច​ទាក់ទិន​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ដើម្បី​គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង »​។

លោក Anh បាន​និយាយ​ថា MOA បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​គ្រួសារ​ដាំ​ដុះ​ម្ទេស​នៅ​ម៉ា​ឡេ​ស៊ី និង​បាន​ជំរុញ​ដល់​កសិករ​វ័យក្មេង​ឲ្យ​ចូល​រូ​ម​កម្មវិធី​ដាំ​ដុះ​នេះ​ដែរ​។ ក្រសួង​នេះ​ក៏​សង្ឃឹមថា​កសិករ​របស់​ពួក​គេ​អាច​ប្រកួតប្រជែង​ជាមួយនឹង​កសិករ​ដាំ​ម្ទេស​នៅ​បរទេស​ទៀត​ផង ។

ដោយហេតុ​ដូចនេះ MOA​បាន​សម្រេចចិត្ត​បញ្ជូន​ក្រុម​ប្រតិភូ​ទៅ​កាន់​ប្រទេស​វៀតណាម និង​ថៃ​ដែល​ជា​ប្រទេស​នាំ​ចេញ​ម្ទេស​ច្រើន​ជាងគេ​ទៅ​កាន់​ម៉ា​ឡេ​ស៊ី ។

ពួក​គេ​ក៏​បាន​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ម្ទេស​ដែល​បាន​នាំ​ចូល​ទៅ​កាន់​ម៉ា​ឡេ​ស៊ី​ផង​ដែរ​ហើយ​លទ្ធផល​បាន​បង្ហាញ​ថា​មិន​មាន​មូលហេតុ​ក្នុង​ការ​ចេញ​វិធានការ​ឡើយ ប៉ុន្តែ​តម្លៃ​លក់​ដ៏​ទាប​នៃ​ម្ទេស​ដែល​នាំ​ចូល​បាន​ដាក់​សម្ពាធ​ដល់​ផលិតផល​ក្នុងស្រុក ។

ឧទាហរណ៍ ម្ទេស​ដែល​ដាំ​នៅ Johor លក់​ក្នុង​តម្លៃ​១,៩​ដុល្លារ​ក្នុង​១​គីឡូក្រាម ខណៈ​ដែល​ម្ទេស​ដែល​នាំ​ចូល​ពី​វៀតណាម​លក់​ក្នុង​តម្លៃ​តែ​០.៩​ដុល្លារ​ប៉ុណ្ណោះ ។

ការ​ផ្អាក​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កសិករ​ដាំ​ម្ទេស​វៀតណាម​ទេ តែ​ក៏​ប៉ះពាល់​ដល់​អតិថិជន​ម៉ា​ឡេ​ស៊ី​ដែរ​ព្រោះ​ប្រទេស​នេះ​នាំ​ចូល​ប្រមាណ ៨០%​នៃ​តម្រូវការ​ម្ទេស​ទាំងអស់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ