រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនញៀនឃាត់ខ្លួនជនសង្ស័យបាន២នាក់ត្រូវប្រជាពលរដ្ឋក្នុងភូមិតវ៉ាឲ្យដោះលែងបានផ្ទុះអាវុធ៦គ្រាប់ ហើយនាំគ្នារត់ឡើងរថយន្ត និងម៉ូតូគេចខ្លួនអស់ បណ្តាលឲ្យអ្នកភូមិ២នាក់ភ័យរហូតសន្លប់ ចំណែកជនសង្ស័យ២នាក់ដែលសមត្ថកិច្ច ចាប់វាយខ្នោះរួចហើយនោះក៏មិនបាននាំយកទៅដែរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៦ ខែតុលា នៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
កុមារីរងគ្រោះដោយសារតែភ័យតក់ស្លុតនឹងស្នូរគ្រាប់កាំភ្លើងរហូតសន្លប់មានឈ្មោះលីហ្សា អាយុ១៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងស្ត្រីចំណាស់ម្នាក់ទៀតមានជង្ងឺបេះដូងឈ្មោះអៃ សាស់ អាយុ៥០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ដួលសន្លប់ស្ដូកស្ដឹងដូចគ្នា សម្រាកព្យាបាលនៅផ្ទះ។
ចំណែកជនសង្ស័យដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់វាយខ្នោះមានឈ្មោះវិន ភេទប្រុស អាយុ៣០ឆ្នាំ នឹងម្នាក់ទៀតឈ្មោះស៊ិន យ៉ាស់ អាយុ៣៥ឆ្នាំ ភេទស្រី អ្នកទាំងពីរជាជនជាតិខ្មែរអ៊ិ
ស្លាម។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនមានការភ្ញាក់ផ្អើលមានស្ត្រីម្នាក់ដែលអ្នកភូមិស្គាល់ថា ឈ្មោះស្រីកា ជាជនជាតិវៀតណាម និងជាអ្នកស៊ើបការណ៍អោយសមត្ថកិច្ចបានដើរចូលទៅក្នុងភូមិ ។
អ្នកភូមិបានបញ្ជាក់ទៀតថា នៅក្នុងខ្លួនស្ត្រីនោះមានគ្រឿងញៀននៅជាប់នឹងខ្លួនទៀតដើរមកហៅអោយគេទិញ លុះមួយសន្ទុះក្រោយក៏មានខាងកម្លាំងមន្ទីរប្រឆាំងនិងបង្ក្រាបបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ(មិនច្បាស់ថាមកពីការិយាល័យមួយណាទេ) មួយក្រុម មានគ្នាច្រើននាក់បានចុះមកដល់ដោយជិះរថយន្តមួយគ្រឿងមិនចាំម៉ាក ហើយនាក់ជិះក្នុងរថយន្តនោះមានស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច នឹងមានម៉ូតូ២គ្រឿងទៀត ជិះដោយបុរស៤នាក់ ស្លៀកពាក់ស៊ីវិល ជិះចូលមកក្នុងភូមិបានធ្វើសកម្មភាពបង្ក្រាប នឹងឃាត់ខ្លួនបុរសស្ត្រី២នាក់ខាងលើវាយខ្នោះ ។
ភ្លាមៗដោយចោទប្រកាន់ថាសង្ស័យមានពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប៉ុន្តែប្រជាពលរដ្ឋបាននាំគ្នាសួរនាំ ពីការបង្ក្រាប និងសួររកអង្គភាព ត្រូវខាងកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀននោះឆ្លើយតបវិញដោយសម្តីគម្រួសគម្រើយ នឹងគ្មានសុជីវធម៌ថាកុំចេះដឹង អាណាហ៊ានថតរូប និងសួរនាំច្រើនប្រយ័ត្នអញបាញ់បំបែកក្បាលចោល។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ