កងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីជាប់ឆ្នោតកូតឌីវ័រ លោកអាឡាសសាន អ៊ូអាតារ៉ា អះអាងកាលពីថ្ងៃទី២៨ មីនា ថា ពួកគេវាយដណ្តើមយកបានទីក្រុង DUEKOUE ជាទីក្រុងយុទ្ធសាស្ត្រមួយនៅភាគខាងលិច ដែលបើកផ្លូវឆ្ពោះទៅកាន់កំពង់ផែ SAN PEDRO នៅភាគខាងត្បូងប្រទេស ។ អ្នកនាំពាក្យយោធាម្នាក់របស់លោកឡូរ៉ង់ ហ្សេបាបូ ដែលពុំទទួលយកបរាជ័យរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា កន្លងមកនេះហើយ ពុំព្រមចាកចេញពីអំណាចបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសភាពការណ៍នៅក្រុង DUEKOUE ឡើយ ។
ចំណែកអ្នកនាំពាក្យយោធារបស់លោកអ៊ូអាតារ៉ា ថ្លែងថា ទីក្រុងនេះធ្លាក់ក្នុងកណ្តាប់ដៃពួកអ្នកគាំទ្រប្រធានាធិបតីជាប់ឆ្នោតកាលពីព្រឹកថ្ងៃទី២៨ មីនា និងបន្តថា ក្រុង GUIDO ពេលនេះកំពុងត្រូវឡោមព័ទ្ធ ។
កងកម្លាំងដែលគាំទ្រលោកអ៊ូអាតារ៉ា បានបើកធ្វើកាលពីថ្ងៃទី២៨ មីនា នូវការវាយលុកខាងយោធាដោយទ្រង់ទ្រាយធំមួយនៅភាគខាងលិច និងភាគខាងកើតប្រទេស៤ខែ នៃវិបត្តិក្រោយការបោះឆ្នោត ។ កងកម្លាំងនេះ រុលទៅភាគខាងលិចជាប់ព្រំដែនជាមួយលីបេរីយ៉ា បានវាយប្រហារទីក្រុង DUEKOUE ជាច្រកចូូលសំខាន់ទៅកាន់តំបន់ផលិតកម្មកាកាវ ។ ការបាញ់កាំភ្លើងធុនធ្ងន់ត្រូវបានស្តាប់ឮក្នុងទីក្រុងនោះ ៕
ចែករំលែកព័តមាននេះ