ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ព្រហ្ម​លិខិត​តម្រូវ​ឲ្យ​សម្តេច​ធ្វើ​អ្វី​ៗ​ដើម្បី​សេចក្តីសុខ​រីក​ចម្រើន​ដល់​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ប្រហែលជា​ព្រហ្ម​លិខិត​ហើយ ដែល​តម្រូវ​ឲ្យ​សម្តេច​ធ្វើ​អ្វី​ៗ​ដើម្បី​សេចក្តីសុខ និង​ការ​រីក​ចម្រើន ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ប្រហែលជា​ព្រហ្ម​លិខិត​ហើយ ដែល​តម្រូវ​ឲ្យ​សម្តេច​ធ្វើ​អ្វី​ៗ​ដើម្បី​សេចក្តីសុខ និង​ការ​រីក​ចម្រើន ដើម្បី​ប្រទេស​ជាតិ និង​ប្រជាជន ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​នេះ​មុន​សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​នៅ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ នៅ​យប់​ថ្ងៃ​ទី​១៦ តុលា នា​ម៉ោង​១២​និង​២០​នាទី ឈាន​ចូល​ថ្ងៃ​ទី​១៧ តុលា ២០១៨ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​នា​ម៉ោង​១២​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៦ តុលា​ឈាន​ចូល​ថ្ងៃ​ទី​១៧ តុលា ខ្ញុំ​នឹង​ចាក​ចេញពី​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រទេស​បែ​ល​ហ្សិ​ក ដែល​ជាទី​កន្លែង​ត្រូវ​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១២ ។ បន្ទាប់​ពី​ប្រជុំ​អាស៊ី​អឺរ៉ុប ខ្ញុំ​នឹង​ធ្វើ​ទស្សនៈកិច្ច​នៅ​ប្រទេស​ទួ​គី ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ តុលា »​។ សម្តេច​លើក​ឡើង​ទៀត​ថា ក្នុង​ថ្ងៃ​ទី​២២ តុលា​ដដែល​ខ្ញុំ​នឹង​ត្រូវ​ចេញពី​ប្រទេស​ទួ​គី មក​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស ស្វី​ស ដើម្បី​ចូលរួម​សន្និសីទ​ស្តី​ពី​ពាណិជ្ជកម្ម​និង​មាន​គម្រោង​ចាក​ចេញពី​ប្រទេស​ស្វី​ស​នៅ​យប់​ថ្ងៃ​ទី​២៤ តុលា ដែល​នឹង​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​២៥ តុលា ដើម្បី​ដឹកនាំ​ការ​ប្រជុំ​សេចក្តី​ពី​ការ​ព្រាង​ច្បាប់​ថវិកា​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា ២០១៨ ។ ជាមួយ​គ្នា​នោះ​ដែរ​ស​ម្តេ​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ថា ៖«​ក្រឡេក​មើល​កម្មវិធី​ការងារ នៅ​ក្រៅប្រទេស​លើក​នេះ​ពិតជា​មមារ​ញឹក​ស្ទើរតែ​រក​ពេលបាយ​មិនឃើញ ប្រជុំ​ផង​ជំនួប ទ្វេភាគី​ផង តែ​ខ្ញុំ​ពេញចិត្ត​នឹង​ធ្វើ​កិច្ចការ​នេះ​ព្រោះ ជា​ប្រយោជន៍​ជាតិ​យើង ។

ការងារ​មួយ​ដែល​ខ្ញុំ​មិន​អាច​បោះបង់​ចោល​បាន គឺ​ជួប​បងប្អូន​ប្រជាជន និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​រៀនសូត្រ​នៅ​អឺរ៉ុប​ដែល​បងប្អូន​កូនក្មួយ​កំពុង​រង់ចាំ​ខ្ញុំ​នៅ​ទីនោះ​» ។ ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​នោះ​សម្តេច​ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា «​ការងារ​យោធា​កូនទាហាន​ដើរ​មុខ មេទាហាន​ដើរ​ក្រោយ ឯ​ការងារ​នយោបាយ​វិញ គឺ​មេដឹកនាំ​ដើរ​មុខ អ្នក​ជំនួយការ​ដើរ​ក្រោយ​វិញ ហើយ​នេះ​ប៉ះ​លើ​រូប​ខ្ញុំ​តែ​ម្តង គឺ​ដើរ​មុខជា​និច្ច ។ តើ​នេះ​ជា​ព្រហ្ម​លិខិត​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ក្នុង​ជាតិ​នេះ​មែន​ទេ ? តែបើ​ទោះជា​ដោយ​មូលហេតុ​ណា​ក៏​ដោយ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដើម្បី​សេចក្តីសុខ និង​ការ​រីក​ចម្រើន​របស់​ជាតិ​យើង​» ។

សូម​ជម្រាប​ថា បើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២ ចាប់ពី​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨​ខាង​មុខ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក តប​តាម​ការ​អញ្ជើញ​របស់​លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​លោក Jean Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប ។ អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​មាន​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​សាធារណៈការ និង​ដឹក​ជញ្ជូន​ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ ។ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «​អឺរ៉ុប និង​អាស៊ី ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» មាន​គោលបំណង​ពង្រឹង​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈ​តំបន់​ទាំង​ពីរ​ជម្រុញ​កសាង​កម្លាំង​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ចាប់ពី​ការ​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​កា​រត​ភ្ជាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម ។

ក្នុង​សម័យប្រជុំ​ពេញអង្គ​ដែល​មាន​មូលបទ​រង គឺ​ពង្រឹង​ប្រព័ន្ធ​ពហុ​និយម​ជម្រុញ​ភាព​ជា​ដៃគូ អាស៊ី​-​អឺរ៉ុប អំពី​ការ​ប្រឈម​សកល ហើយ​សម្តេច​តេ​ជោ​នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោត​ទៅ​លើ​ប្រធានបទ​«​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​» ។ អំឡុង​ពេល​ស្នាក់​នៅ​បែ​ល​ហ្ស៊ិ​ក​សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​សម​ភាគី​របស់​សម្តេច​តេ​ជោ ដូច​ជា លោក Dmitry Medvedev នាយក​រដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុ​ស្ស៊ី , លោក Viktor Orbán នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​គ្រី , លោកស្រី Erna Solberg នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ន័​រវេ​ស , លោក Andrej BabiŠ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឆែក និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃ​ទៀត ។ បន្ទាប់​មក​ទៀត​សម្តេច​តេ​ជោ​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគមន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​បែ​ល​ហ្ស៊ិ​ក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ