ខេត្តស្វាយរៀង ៖ ទេសរដ្ឋមន្ត្រីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ អមដំណើរដោយលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននិវត្តន៍ជន ចំនួន២០០គ្រួសារ ដែលទទួលបានដី និងផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
ការថ្លែងសំណេះសំណាលជាមួយអតីតយុទ្ធជនទេសរដ្ឋមន្ដ្រីគន់ គីម បានកោតសរសើបងប្អូនទាំងអស់គ្នាដែលបានខិតខំដាំដំណាំចិញ្ចឹមសត្វនៅតាមលំនៅដ្ឋានរបស់ខ្លួន ធ្វើឲ្យជីវភាពមានការរីកចម្រើនជាងមុន ។ តាមរយៈទេសរដ្ឋមន្ដ្រីគន់ គីម បងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅទីនេះបានគោរពថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅគ្មានថ្ងៃបំភ្លេចបាន ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ដីផ្តល់ផ្ទះជូនពួកគាត់ធ្វើឲ្យជីវភាពរបស់ពួកគាត់ដែលពីមុនមានការខ្វះខាត ឥឡូវបានធូរស្រាលមួយកម្រិត និងសូមអរគុណសម្តេចដែលតែងតែឲ្យលោកទេសរដ្ឋមន្ដ្រីចុះសួរសុខទុក្ខ និងដោះស្រាយការលំបាកជូនពួកគាត់បានទាន់ពេលវេលា ។
លោកម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀងក៏បានមានប្រសាសន៍លើកទឹកចិត្តបងប្អូនជនពិការ និងមន្ត្រីចូលនិវត្តន៍ទាំងអស់ថែទាំសុខភាពដោយអនាម័យជាប្រចាំពិសាទឹកក្តៅ ជៀសវាងជំងឺរាគរុះប៉ះពាល់ដល់សុខភាព ៕
ចែករំលែកព័តមាននេះ